សាលាឆាន់​ដ៏​ចំណាស់​ចំនួន​មួយ​ខ្នង​នៅ​វត្ត​រាជ​បូ​ណ៌​ត្រូវបាន​ជួសជុល​ឡើងវិញ​

166

ដោយៈ សុផល​/ភ្នំពេញៈ​សំណង់​សាលាឆាន់​ចំនួន​មួយ​ខ្នង ស្ថិតនៅក្នុង ​វត្ត​ព្រះរាជ​បូ​ណ៌​ខេត្តសៀមរាបដែលជា​សម្បត្តិ​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា​ខ្មែរ​ត្រូវបាន​ជួសជុល និង​អភិរក្ស​ឡើងវិញ​ដោយ​អ្នកជំនាញ​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្រោម​ការផ្តួចផ្តើម​របស់​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​។ នេះបើយោងតាមអត្ថបទដែលរៀបចំដោយនាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅឋាន​ក្នុង​ឧទ្យាន​អង្គរនៃអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៧ខែឧសភានេះ។


ប្រភពដដែលបានរំលឹកថាព្រះមហា​វិមលធម្ម ពិន សែម ​ព្រះអង្គ​តែងតែមាន​ព្រះទ័យ​យកចិត្តទុកដាក់​ក្នុង​ការងារ​ថែរក្សា អភិរក្ស​នូវ​សំណង់​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តសៀមរាប ដើម្បី​ចូលរួមចំណែក​ថែរក្សា​មរតក​វប្បធម៌​ខ្មែរលើ​វិស័យ​ព្រះពុទ្ធសាសនា ព្រមទាំង​អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល​ដ៏​រស់​រវើក ឱ្យនៅ​ឋិតថេរ​ទៅមុខទៀត​សម្រាប់​ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​បច្ចុប្បន្នសំណង់​អគារ​សាលាឆាន់​នៅ​វត្ត​ព្រះរាជ​បូ​ណ៌​នេះ​មាន​បណ្តោយ​ប្រវែង​២២,៨​ម៉ែត្រ ទទឹង ២១,២៥​ម៉ែត្រ និង​កម្ពស់​១០,៩២​ម៉ែត្រ កំពុងស្ថិត​ក្នុង​សភាព​ចាស់​ទ្រុឌទ្រោម​ដោយសារ​អាយុកាល ហើយ​គ្រោង​នឹង​បញ្ចប់​ការជួសជុល​នៅ​ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខនេះ​ក្រោម​ការប្រឹក្សា​បច្ចេកទេស និង​ថវិកា​ទាំងស្រុង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​
​គួរ​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការជួសជុល​សំណង់​បុរាណ​នៅក្នុង​វត្ត​ព្រះរាជ​បូ​ណ៌​បន្ទាប់ពី​បាន​ជួសជុល​ព្រះវិហារ​ក្នុង​វត្ត​នេះ​រួចរាល់​កាលពី​ឆ្នាំ​២០២០​កន្លងមក​៕សរន

រូបថតៈនាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ