ប្រទេស​មហា​អនុតំបន់​មេគង្គ រួមគ្នា​គិតគូរ ពី​ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ ចាក់​វ៉ាក់សាំង ដើម្បី​ស្តារ​សេដ្ឋកិច្ចសង្គម ឡើងវិញ ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩

100

ដោយៈ សុផល / ភ្នំពេញៈ ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស មហា​អនុតំបន់​មេគង្គ ដទៃទៀត ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ពិភាក្សាគ្នា ស្វែងរក​វិធីសាស្ត្រ​ទាក់ទាញ ទេសចរ ចាក់​វ៉ាក់សាំង​រួច ដើម្បី​ស្តារ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ក្នុង​និង​ក្រោយ វិបត្តិ​កូ​វីដ​-១៩​។​

​លោក សៀង នាគ អគ្គ​នាយរង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ក្រសួងទេសចរណ៍ ចូលរួម​កិច្ចប្រជុំ ក្រុមការងារ ទេសចរណ៍​មេគង្គ លើក​ទី​៤៧ និង​កិច្ចប្រជុំ​ក្រុម ប្រឹក្សា​ភិ​បាល ការិយាល័យ​ទេសចរណ៍​មេគង្គ តាម​ប្រព័ន្ធ​វីដេអូ​ដោយមាន​ការ ចូលរួម ពី​តំណាង​ប្រទេស ជា​សមាជិក មហា​អនុតំបន់​មេគង្គ​តំណាង​ធនាគា អភិវឌ្ឍន៍អាស៊ី និង​ភាគី​ពាក់ព័ន្ធ​។

​លោក សៀង នាគ បាន​មានប្រសាសន៍ថាៈ ក្រោយ​ការពិភាក្សា កិច្ចប្រជុំ​បានទទួល លទ្ធផល ដូចខាងក្រោមៈ​

១. ប្រទេស​សមាជិក GMS គាំទ្រ​កម្ពុជា លើ​គំនិត​ផ្តួចផ្តើម ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ស្វាគមន៍ អង្គភាព​ទេសចរណ៍​មេគង្គ (Mekong Destination) ដែលជា​កម្មវិធី ក្នុង​ទម្រង់​កិច្ចសហប្រតិបត្តិការ រដ្ឋ​-​ឯកជន ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​សក្តានុពល ទេសចរណ៍​មេគង្គ ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​តំបន់​ជាមួយ​វិស័យ​ឯកជន និង​ជា​ទម្រង់​ផ្តល់យោបល់ លើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តំបន់​បាន​យ៉ាង ល្អប្រសើរ​។​

២. ប្រទេស​ជា​សមាជិក GMS បានបង្ហាញ​ពី​ឆន្ទៈ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ចាក់​វ៉ាក់សាំង នៅក្នុង​ផែនការ​ស្តារ​វិស័យ ទេសចរណ៍​ឡើងវិញ​របស់​ប្រទេស នីមួយៗ​។ ក្នុងនោះ កម្ពុជា​បានបង្ហាញ​ពី យុទ្ធសាស្ត្រ​សំខាន់ៗ នៃ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុងដំណាក់កាល​កូ​វីដ​-១៩ ២០២០-២០២៥ និង​ផែនការ​ត្រៀម បើកទទួល​កញ្ចប់​ទេស​ចរណ៍ ចាក់​វ៉ាក់សាំង អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ដើម្បី​បង្កើន​ទំនុកចិត្ត លើ​គោលដៅ​ទេសចរណ៍​កម្ពុជា​ចូលរួម​ស្តារ សេដ្ឋកិច្ចសង្គម ឡើងវិញ​។​

៣. អង្គប្រជុំ​បាន​ឯកភាព​លើ សេចក្តីព្រាង​ផែនការ​ស្តារ ការទំនាក់ទំនង​ទេសចរណ៍ មេគង្គ​ឡើងវិញ (Mekong Tourism Communication Recovery Plan)​សំដៅ​ជំរុញ ការកសាង ខ្លឹមសារ​ផ្សព្វផ្សាយ ទេសចរណ៍​មេគង្គ ត្រឹមត្រូវ (Right Messages) ជ្រើសរើស​បណ្តាញ ផ្សព្វផ្សាយ​សមស្រប (Right Channels) និង​ផ្សព្វផ្សាយ ដល់​គោលដៅ​ទេសចរណ៍ ទីផ្សារ​ទេសចរណ៍​សំខាន់ៗ (Right Market)​។​

៤.​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់ លើ​ការគាំទ្រ​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើ​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​វិស័យ ទេសចរណ៍ ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ កម្ពុជា ក៏​លើក​ពី​ការខិតខំ​ជំរុញ ការអនុវត្ត​គម្រោង កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ នៅ​តំបន់​ឆ្នេរសមុទ្រ ការអនុវត្ត​ស្តង់ដា ទេសចរណ៍​អាស៊ាន និង​ការពង្រឹង​សមត្ថភាព ដឹកនាំ​ទេសចរណ៍ សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

៥. អង្គប្រជុំ បាន​ឯកភាព លើ​កាលបរិច្ឆេទ នៃ​កិច្ចប្រជុំ​ក្រុមការងារ ទេសចរណ៍ នៃ​ប្រទេស​មហា អនុតំបន់​មេគង្គ លើក​ទី​៤៨ ដែល​ប្រទេស​ថៃ​គ្រោង​នឹង​ធ្វើជា​ម្ចាស់ ផ្ទុះ​អំឡុង ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ និង​បាន​ឯកភាព លើ​សេចក្តីព្រាង​ចុងក្រោយ លក្ខខណ្ឌ​ជ្រើស រើស​នាយក​ប្រតិបត្តិ​ថ្មី របស់​ការិយាល័យ សម្របសម្រួល ទេសចរណ៍​មេគង្គ (ToR MTCO Executive Director) ដែល​គ្រោង​នឹង​ប្រកាស ជ្រើសរើស នៅ​អំឡុង​ខែមិថុនា ខាងមុខនេះ​៕/V​-PC