ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ កិច្ចប្រជុំ​ដើម្បី ត្រៀម​បំរុង​ការឆ្លើយតប​គ្រោះមហន្តរាយ របស់​ក្រសួងការពារជាតិ​នៅក្នុង រដូវវស្សា​នេះ ត្រូវបាន​ប្រារព្ធ​ក្រោម​វត្តមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខា ធិ​ការ​ក្រសួងការពារជាតិ​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​គណៈកម្មការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ក្រសួងការពារជាតិ ។​

​កិច្ចប្រជុំ​នេះ​គឺ​អនុវត្ត តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ត្រៀមលក្ខណៈ ដើម្បី​ត្រៀមកំលាំង​ជួយសង្គ្រោះ​គ្រោះ​មហន្ត​ក្នុង ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នោះ​មាន ការចូលរួម​ពី​បណ្តា​អង្គភាព​ជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ព​ជើង​អាកាស អង្គភាព ធានា​ភស្តុភា​ហិរញ្ញវត្ថុ និង ជំនាញ​វិស្វកម្ម កងពលតូច​លេខ​៧០ បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងរាជអាវុធហត្ថ កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ និង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែលជា​អង្គភាព​ជំនាញ​ធ្លាប់បាន​ចូលរួម ស​ង្ក្រោះ​គ្រោះមហន្តរាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​នាពេល​កន្លងមក ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ ដឹកនាំ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​សម្តេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ដល់​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ជាយ​កថា​ហេតុ​ពីព្រោះ គ្រោះមហន្តរាយ​មិនដឹង​កើតឡើង នៅពេលណា​នោះទេ ។ ហេតុដូចនេះ ហើយ​បានជា​គណៈកម្មការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ នៃ​ក្រសួងការពារជាតិ បាន​ត្រៀមលក្ខណៈ​ទាំង​កម្លាំង មធ្យោបាយ ឧបករណ៍ និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល ក្រសួងការពារជាតិ​មាន ដើម្បី​ត្រៀមលក្ខណៈ​ចុះជួយ​ប្រជាពលរដ្ឋ​ឱ្យទាន់ ពេលវេលា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បានស្នើ​ដល់​បណ្តា​អង្គភាព​មានការ​ពាក់ព័ន្ធ និង​ការងារ​សង្គ្រោះ​គ្រោះមហន្តរាយ ត្រូវ​ពិនិត្យ ឧបករណ៍ សម្ភារ​ប្រើប្រាស់ ដែលមាន​ឱ្យបាន​ត្រឹមត្រូវ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្ត​ដឹកជញ្ជូន រថយន្ត​សង្គ្រោះ និង​មធ្យោបាយ​ផ្សេងៗ​ទៀត និង​ត្រូវ​បែងចែក​កម្លាំង​ប្រចាំ​ការជាប់ ជាប្រចាំ​ដើម្បី​ចុះជួយ​សង្គ្រោះ ប្រជាពលរដ្ឋ អោយបាន​ទាន់ពេលវេលា​នៅពេល មាន​គ្រោះធម្មជាតិ​កើតឡើង​ជាយថាហេតុ ៕​/PC