ដោយ: ពៅនិមល/ភ្នំពេញ៖ លោកអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថារោងចក្រដែលជាប់ពាក់ព័ន្ធ នឹងករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៧រោងចក្រ ក្នុងនោះ រោងចក្រខ្លះកម្មករនិយោជិតដែលឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១០នាក់ និងរោងចក្រខ្លះទៀត កើនដល់ជាង ៤០នាក់។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា រោងចក្រចំនួន៧ខាងលើ រួមមាន រោងចក្រកាត់ដេរ អេសអិលជេ (SLJ), រោងចក្រ ខេនដា, រោងចក្រ គួយ តាយហ័រសេងស៊ីង, រោងចក្រ ម៉ាកាឡូត ហ្គាមេន សាខា១, រោងចក្រ ដាប់ប៊លយូអេនឌី(W&D), រោងចក្រ ជុងហាវ ហ្គានមេន និងរោងចក្រស៊ីជី ក្លរី។

លោកបន្តថា ចំពោះរោងចក្រដែលសង្ស័យ ឬជាប់ពាក់ព័ន្ធកូវីដ១៩ អាជ្ញាធរខណ្ឌបានសហការជាប់ជានិច្ចជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃនៅតាមរោងចក្រទាំងអស់នោះដើម្បីទប់ស្កាត់ការឆ្លង រាលដាល ហើយករណីរោងចក្រណាដែលឆ្លងជំងឺកូវីដ១៩ លើបងប្អូនកម្មករ គឺយើងឲ្យពួកគាត់ទៅយកសំណាក និងបន្តអនុវត្តន៏វិធានការសុខាភិបាល។

សូមបញ្ជាក់ថា ទាក់ទិននិងរោងចក្រទាំងអស់ដែលជាប់ពាក់ព័ន្ធកូវីដ១៩ បន្ទាប់ពីអាជ្ញាធរខណ្ឌសហការជាមួយក្រសួង ការងារនិងបណ្តុះបណ្តាល ធ្វើការចុះត្រួតពិនិត្យ គឺតម្រូវឲ្យផ្អាកបណ្តោះអាសន្នរយៈពេល២ថ្ងៃដោយត្រូវរង់ចាំការត្រួត ពិនិត្យ និងវាយតម្លៃឡើងវិញ និងជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ទើបអនុញ្ញាតឲ្យដំណើរការធម្មតាវិញបានក្នុងមូលហេតុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕សរន