ដោយៈរ៉ាម៉ន/ភ្នំពេញៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភានេះ បានច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះហាក់មានការកើនឡើង។

លោក ឃួង ស្រេង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។

អភិបាលរាជធានីបានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញនោះទេ»។

លោកក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕សរន