រូបសំណាក​បារមី​លោកតា​ឌី​នៅ​ស្ថិតនៅក្នុង​ក្រអៅបេះដូង​ប្រជា​ពល​ខេត្តព្រះវិហារ​

3009
ចែករម្លែក

ព្រះវិហារ​៖ ស្តូប​និង​រូបសំណាក​បារមី​លោកតា​ឌី​ជិះ​លើ​សេះ តំណាង​ឲ្យ​ភាពក្លាហាន​លះបង់​ហ៊ាន​ពលី​ជីវិត ដើម្បី​ប្រទេសជាតិ​មាតុភូមិ​ជាទី​ស្រលាញ់ ត្រូវបាន​អតីត​អី​បាល​ខេត្តព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា និង​លោកស្រី​រួមទាំង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​បាន​កសាង​ស្តូប​រូបសំណាក​បារមី​លោកតា​ឌី​នេះ​ឡើង ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ​យ៉ាង​មហា​ធំធេង​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែល​គុណ​មួយជីវិត​របស់លោក​ហ៊ាន​លះបង់​គ្រប់យ៉ាង ដើម្បី​តែ​ប្រទេសជាតិ និង​មាតុភូមិ​មិនតែប៉ុណ្ណោះ​រូបសំណាក​បារមី​លោកតា​ឌី​ជិះ​ពីលើ​ខ្នង​សេះ​ដៃ​ចង​កន្សែង​ក្រហម នៅ​ពីលើ​ក្បាល​ក្រវ៉ាត់​កន្សែង​ពាក់ឆៀង​ពី​ចំហៀង​ស្ពាយ​ធ្នូ​នៅ​ខាងឆ្វេង និង​ក្រវ៉ាត់​ដាវ​ចំណែក​ដៃ​ចង្អុល​ខាងស្តាំ​ចង្អុល​ទៅមុខ​យ៉ាង​អង់អាច ដើម្បី​ដឹកនាំ​ពល​ទ័ព​កុំ​ឲ្យ​សត្រូវ​បរទេស​ឈ្លានពាន​ប្រទេស​។ មាន​ផ្កា​យ៉ាង​ស្រស់បំព្រង​នៅ​ចំ​ពីមុខ និង​បង់​សំរាប់​អង្គុយលេង​អមដោយ​បង្គោល​ភ្លើង​បំភ្លឺ ជុំវិញ​រូបសំណាក​។​

​រូបសំណាក​លោកតា​ឌី​កសាង​ឡើយ​លើ​ផ្ទៃដី ត្រង់​ផ្លូវ​ប្រសប់​បំបែក​ជា​ពីរ​ស្ថិតនៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​ហាល ក្រុង​ព្រះវិហារ បាន​កសាងឡើង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​១២​រោច​ខែ​ពិសាខ​ព​.​ស​២៥៥៦ ត្រូវ​និង​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១២ ក្នុង​បំណង​ទុក​ជូន​ជនរួមជាតិ​ឧ​ទិ្ទ​ស​បុណ្យ​កុស​ល្យ​ដល់​កង​កំ​ម្លាំ​ង​ប្រដាប់អាវុធ វីរៈជន​អ្នកស្នេហាជាតិ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ក្នុងអំឡុង​សង្គ្រាម​ការពារ​ទឹកដី​ខ្មែរ​យើង ឲ្យ​រួច​ផុតពី​ការឈ្លានពាន​ពីស​ត្រូវ​បរទេស ជាពិសេស​ចំពោះ​ពលី​កម្ម​ថ្មី​នៅ​តំបន់​ប្រា​សទ​ព្រះវិហារ ដែលជា​សម្បត្តិ​បេ​តិ​ភ័​ណ្ឌ​របស់​មនុស្សជាតិ និង​ជាពិសេស​រូបសំណាក​បារមី​លោកតា​ឌី​នេះ ទុក​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​សិស្ស​នុ​សិស្ស​ចងចាំ​ពី​គំរូ​វិ​រ​:​ភាព​ដ៏​អង់អាច​សម័យ​លោកតា​ឌី ម្យ៉ាងវិញទៀត​រូបសំណាក​នេះ​ក៏​ជាទី​សក្ការ​:​ដ៏​ស​ក្កិ​សិទ្ធ ដែល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល មក​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​រូបសំណាក​លោកតា​ឌី​ផងដែរ​។​

​តាម​ការ​ឲ្យ​ដឹង​ពីរ​អ្នកលក់ដូរ​នៅតាម​សងខាង​ផ្លូវ​ជាប់ និង​រូបសំណាក​លោកតា​ឌី ដែល​មកសុំ​សេចក្តីសុខ បើក​កន្លែង​រកស៊ី​លក់ដូរ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​គាត់ និង​ក្រុមគ្រួសារ​គាត់​តែងតែ​នាំគ្នា​មក​អុជ​ធូប​បន់ស្រន់ សុំ​សេចក្តីសុខ​ពី​លោកតា​ឌី​ជារឿយៗ ព្រោះ​ពួកគាត់​មាន​ជំនឿ​លើ​រូបសំណាក​បារមី​លោកតា​ឌី បន់ស្រន់​សុំ​អ្វី​បាន​ដូច​បំណង ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តព្រះវិហារ​ទាំងអស់ ជឿ​លើ​បារមី​រូបសំណាក​លោកតា​ឌី ទោះបី​លោក​ស្លាប់​មែនពិត តែ​កេរ្តិ៍ឈ្មោះ​កិ​តិ្ត​យស​លោក​ស្ថិតនៅក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ជានិច្ច និង​សុំ​ឲ្យ​ព្រលឹង​របស់លោក បាន​សុគតិភព​ជួយ​ថែរក្សា​ទឹកដី​ប្រទេស​កម្ពុជា កុំ​ឲ្យ​សត្រូវ​បរទេស​ឈ្លានពាន​បន្តទៅទៀត​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ប្អូនៗ នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ បាន​និយាយ​ឲ្យ​ដឹងថា ចាប់តាំងពី​អតីត​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​លោកស្រី​បានធ្វើ​អំ​ណាយ​កសាង​រូបសំណាក​លោកតា​ឌី មកអោយ​តែ​ដល់​ថ្ងៃ​ប្រឡង​ប្អូនៗ តែងតែ​មកសុំ​បន់ស្រន់​សុំអោយ​បាន​ប្រឡង​ជាប់​។ បញ្ជាក់​ផងដែរ​ថា ជា​រៀង​រាល់ពេល​ល្ងាច ឬ​ចំ​ថ្ងៃសីល​មនុស្ស​ប្រុស​ស្រី​យ៉ាងច្រើន បាននាំគ្នា​មក​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​អ្នកខ្លះ​បន់ស្រន់​អោយ​រកស៊ី​មានបាន សុំអោយ​បានកូន​ហើយ​មាន​អ្នកខ្លះ​នាំគ្នា​យក​ទឹក​ស្រោច​ដុសខាត់​សេះ ដើម្បី​សុំ​ទឹក​មុន​ព្រោះតែ​ពួកគេ​មាន​ជំនឿ​ទៅលើ​រូបសំណាក​បារមី​លោកតា​ឌី​ដ៏​ល្បី​ស័ក្ដិ​សិទ្ធ និង​ស្ថិតនៅក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ ក៏ដូចជា​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា គ្រប់រូប​ផងដែរ​។​

​ពលរដ្ឋ​ម្នាក់​អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ បាន​ឲ្យ​ដឹងថា សម័យ​លោកតា​ឌី​ជំនាន់​នោះ សត្រូវ​បរទេស​ចូលមក​ឈ្លានពាន​ប្រទេស​យើង ហើយ​ត្រូវបាន​លោកតា​ឌី​សម្រេចចិត្ត​លោត​ពីលើ​កំពូលភ្នំ​ដងរ៉ែក​បូជា ដើម្បី​កែន​ទ័ព​ខ្មោច ដើម្បី​ការពារ​ទឹកដី លោកតា​ឌី​លោត​សម្លាប់ខ្លួន​នៅលើ​កំពូលភ្នំ​ប្រាសាទព្រះវិហារ ទើប​ជា​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​លោកតា​ឌី បាន​ជាប់​ឈ្មោះ​និយាយ​តៗ​គ្នា​ហៅថា​ប៉ើយ តា​ឌី​ដល់​បច្ចុប្បន្ននេះ​។​

​ពាក់ព័ន្ធ​និង​ប្រវត្តិ​លោកតា​ឌី លោក នៅ សុ​គុន្ធ​ណា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ប្រវត្តិ​លោកតា​ឌី ខ្ញុំ​ក្តាប់​មិនសូវ​បានទេ ព្រោះ​ប្រវត្តិ​នេះ​រាប់រយឆ្នាំ ហើយ​ខ្ញុំ​សុំទោស​ផង​។​

​គួរ​រំលឹក​ផងដែរ​ស្តូប​រូបសំណាក​លោកតា​ឌី​នេះ ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​ទាំង​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តែងតែ​ចុះ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ស្តូប រូបសំណាក់​លោកតា​ឌី ដែល​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ជំនឿ និង​ចងចាំ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​ខេត្តព្រះវិហារ​ជានិច្ច ជាពិសេស​ក្រៅពីរ​មក​បន់ស្រន់​កន្លែង​រូបសំណាក​លោកតា​ឌី ក៏​ជា​កន្លែង​អោយ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី មក​អង្គុយលេង​លំហែកាយ​ផងដែរ​៕ ដោយ​៖ សៅ​វ៉ាន់ឌី​

ទីតាំងផ្សាយពាណិជ្ជកម្ម