ដោយ​: សុផល / ភ្នំពេញ​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ ដឹក​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ត្រួតពិនិត្យ វឌ្ឍនភាព​ការសាងសង់​ផ្លូវជាតិ​លេខ​១៤៦B និង​ផ្លូវជាតិ​លេខ​១៤៨ ដើម្បី​តាមដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន សំដៅ​ឱ្យ​ការសាងសង់​ប្រព្រឹត្តទៅ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​សាងសង់ ធានា​ឱ្យ​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​ផ្លូវ​លេខ​១៤៦B និង​ផ្លូវ​ខេត្ត​លេខ​១៤៨ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥) រួច​ឆ្លងកាត់​លើផ្លូវ​ខេត្ត​លេខ​១៤៨ បញ្ចប់​ក្នុង​ចំណុចប្រសព្វ​លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០) ផ្លូវជាតិ​លេខ​១៤៦B ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ១៧៨ +១៦៥) រួច​ឆ្លងកាត់​លើផ្លូវ​ខេត្ត​លេខ​១៤៨ បញ្ចប់​ក្នុង​ចំណុចប្រសព្វ​លើផ្លូវ​ជាតិ​លេខ​៤ (​ត្រង់​គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែង​សរុប ៤៣,០២៥​គីឡូម៉ែត្រ ចុះកិច្ចសន្យា​សាងសង់​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ដែល​ចាប់ផ្តើម​សាងសង់ ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០២០ និង​គ្រោង​បញ្ចប់​នៅក្នុង​ខែ សីហា ឆ្នាំ​២០២២​។​

​គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​ម៉ាស៊ីន​លាយ​បេតុង​ស៊ីម៉ង​ស្វ័យប្រវត្តិ​ដែល​អាច​សាងសង់​បាន​ប្រវែង ៥០០​ម៉ែត្រ​ក្នុង​មួយថ្ងៃ និង​កំរាស់ ២៦​សង់ទីម៉ែត្រ និង​ពិនិត្យ​ការធ្វើ​តេស្ត​គុណភាព​ផ្លូវ ដោយ​ម៉ាស៊ីន​តេស្ត​គុណភាព​ទ្រនាប់​ផ្លូវ FWD ផ្នែក​ខាងក្រោម​( Bases Course)​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ត្រង់​ចំនុចប្រសព្វ​ផ្លូវ ១៤៦B ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ទី​២ ដែល​ស្ថិតនៅក្នុង សង្កា​ត់ទី​៣ ក្រុងព្រះសីហនុ តាម​បណ្តោយ​អូរ​សុខា​។ លោក​ទេសរដ្ឋមន្ត្រី បានធ្វើការ​ផ្តាំផ្ញើ​ទៅ​ក្រុមហ៊ុន សាងសង់ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឱ្យធ្វើ​ការយកចិត្តទុកដាក់​ខ្ពស់ ទៅលើ​គុណភាព​នៃ​ការស្ថាបនា​ផ្លូវ និង​ផ្តាំផ្ញើ​ទៅ​បងប្អូន ប្រជាពលរដ្ឋ ព្រមទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​លើស​ល្បឿន ឬ​ដឹក​លើស​ទម្ងន់ ដែលជា​កត្តា​បង្កឱ្យមាន ការខូចខាត​ផ្លូវ​មុន​អាយុកាល ការគ្រោះថ្នាក់​ចរាចរណ៍ នាំឱ្យ​បាត់បង់​អាយុជីវិត និង​បាត់បង់​ថវិកាជាតិ​ផងដែរ​៕​