ដោយ​: សុផល / ភ្នំពេញ​: លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​(ASEAN STOM CHAIR) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ និង ពិភាក្សា​លើ​សកម្មភាព គម្រោង និង​កម្មវិធី​នានា​របស់​អាស៊ាន ដែល​បាន​ដាក់ចេញ​នៅក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំ​២០២១ និង​ពិនិត្យ​ពិភាក្សា​អំពី​ផែនការ​សកម្មភាព គម្រោង និង​កម្មវិធី​ដែល​ត្រូវអនុវត្ត​នៅ​ឆមាស​ទី​២ ឆ្នាំ​២០២១​។​

​ប្រទេស​កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​ដោយ​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​មានការ​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា តំណាង​គណៈប្រតិភូ​នៃ​បណ្ដា ប្រទេស​អាស៊ាន​ទាំងអស់ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ លោក​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន បាន​គូសបញ្ជាក់ថា​៖ ទោះបី​ពិភពលោក​កំពុង​ទទួលរង​នូវ​ការ​រាតត្បាត​ជា​បន្ត​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក​ក៏ដោយ ក៏​ការ​រាតត្បាត​នៃ​ជំងឺ​នេះ មិនអាច​បញ្ឈប់ និង​ពន្យា​ពេល​ការជួបជុំ ឬ​ដំណើរការ​ការងារ​កិច្ចប្រជុំ របស់​យើង​បានឡើយ​។

​ជាមួយគ្នានេះ​ផងដែរ លោក​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ក្រុមការងារ និង​លេខាធិការដ្ឋាន​អាស៊ាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ ទាក់ទង​នឹង​ការដឹកជញ្ជូន​ឆ្នាំ​២០២១ ដែល​បានអនុម័ត​ដោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក ចុងក្រោយ ក្នុងខណៈពេល​មាន​ជំងឺ​រាតត្បាត​ពី​កូ​វីដ​-១៩​។​

​គួរ​កត់សម្គាល់ថា​៖ សហសេវិក​និង​ដៃគូ​សន្ទនា​របស់​អាស៊ាន បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ របៀបវារៈ​ស្តីពី​ការដឹកជញ្ជូន តាមរយៈ​កម្មវិធី និង​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​។ ដូច្នេះ​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​ជាមួយ​ដៃគូ​សន្ទនា​ទាំងឡាយ ត្រូវតែ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត ដើម្បី ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​អាច​នឹង​កើតមានឡើង​នាពេល​អនាគត​៕​