ដោយៈ សុផល / ភ្នំពេញ​៖ ប្រទេស​ឥណ្ឌា មានបំណង​ពង្រឹងពង្រីក កិច្ច​សហ ប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បណ្តុះបណ្តាល ធនធានមនុស្ស ជាមួយ​កម្ពុជា តាមរយៈ​មូលនិធិ អាស៊ាន​-​ឥណ្ឌា ដែលមាន​កញ្ចប់​ថវិកា ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក​។​

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​សម្តែង​នូវ ការស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​លោកស្រី ដែល​ទទួល​ការតែងតាំង មុខដំណែង​ជា ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកស្រី ឯកអគ្គរដ្ឋទូត​ឥណ្ឌា​អំពី​សារ សំខាន់​នៃ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន របស់​ក្រសួង ដែល​អាច​ផ្តល់​ការ បណ្តុះបណ្តាល ចំណេះ​ជំនាញ ផ្នែក​បច្ចេកទេស ដល់​វិស្វករ កម្ពុជា ដើម្បី​បំពេញ តាម​តម្រូវការ សម្រាប់​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ របស់​កម្ពុជា ក៏ដូចជា​អាច បណ្តុះបណ្តាល​និស្សិត​ដែល​បាន បញ្ចប់​ការសិក្សា ដើម្បី​ក្លាយខ្លួន ជា​វិស្វករ​កម្ពុជា នា​ថ្ងៃ​អនាគត យ៉ាងពិត​ប្រាកដ​។​

​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង​ដ៏​ល្អ តាំងពី​យូរលង់ ណាស់​មកហើយ​។ ទន្ទឹមនឹងនេះ លោកស្រី បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​កម្ពុជា លើកឡើង​នូវ​គម្រោង អាទិភាព​សំខាន់ៗ ចំនួន​បី ក្នុងនោះ រួមមាន វិស័យ​សង្គម វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​និង​អភិវឌ្ឍ​ធនធាន មនុស្ស ក្រោម​ក្របខ័ណ្ឌ​មូលនិធិ​អាស៊ាន​-​ឥណ្ឌា ដោយ​ប្រើប្រាស់ កញ្ចប់​ថវិកា ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ ទំនង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​៕/V​-PC