ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​ពីរ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ពី​វឌ្ឍនភាព​ការងារ និង​ដោះស្រាយ ទៅលើ​បញ្ហា​ប្រឈម ធ្វើឱ្យ​ប្រសើរឡើង នូវ​នីតិវិធី​បង់ពន្ធ ប្រថាប់ត្រា និង​ផ្ទេរកម្មសិទ្ធិ យានជំនិះ នៅក្នុង​វិក្កយបត្រ រួម​តែមួយ ដើម្បី​កាត់បន្ថយ នីតិវិធី​ស្មុគស្មាញ កាត់បន្ថយ​ពេលវេលា ឱ្យមាន​តម្លាភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស​។​

​ក្រុមការងារ​បច្ចេកទេស ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រព័ន្ធ​ទិន្នន័យ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ប្រជុំពិភាក្សា​នេះ តាមរយៈ​ប្រព័ន្ធ​វិ​ដេ​អូ ពី​ចម្ងាយ (Zoom) កាលពី​ថ្ងៃទី​៩ មិថុនា ន្ល​ង​ទៅនេះ ។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក លឹម ដឺ​លុច អគ្គ នាយករង នៃ​អគ្គនាយកដ្ឋាន ពន្ធដារ និង​ជា​សហប្រធាន ក្រុមការងារ អ​.​ព​.​ដ​. និង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​សហប្រធាន ក្រុមការងារ ស​.​ក​.​ដ​.​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ​ទៅលើ​ការបង់ពន្ធ​ផ្លូវ​ការបង់ ពន្ធ​ប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ យានជំនិះ​រួមគ្នា ប្រើប្រាស់​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រព័ន្ធ​ទិន្នន័យ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដើម្បី​សម្រួល​ដល់ ប្រជាពលរដ្ឋ ក្នុងការ​ដាក់ពាក្យ ផ្ទេរកម្មសិទ្ធិ​យានជំនិះ ការបង់ពន្ធ​ប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ និង​ការបង់ពន្ធ​ផ្លូវ ក្នុងពេល​តែមួយ នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ របស់​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន ឱ្យបាន​លឿន​រហ័ស កាត់បន្ថយ​ពេលវេលា និង​នីតិវិធី​ស្មុគស្មាញ​ក្នុងការ សម្រួល​នីតិវិធី ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ គឺ “​ធ្វើឱ្យមាន​តម្លាភាព មាន​ប្រសិទ្ធភាព និង​ឱ្យបាន​ឆាប់រហ័ស​”​។​

​សូមបញ្ជាក់ថា​៖ នីតិវិធី​ផ្ទេរកម្មសិទ្ធិ និង​បង់ពន្ធ​ប្រថាប់ត្រា រួមគ្នា ត្រូវបាន​កំណត់ ដោយ ប្រកាស​អន្តរក្រសួង រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០២០ ហើយ​បាន​ដាក់ឱ្យ ដំណើរការ ជា​ផ្លូវការ នូវ​នីតិវិធី​ផ្ទេរកម្មសិទ្ធិ និង​បង់ពន្ធ​ប្រថាប់ត្រា​រួមគ្នា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ជួយ​សម្រួល​ដល់ យន្តការ​ការងារ ដែល​ធានា​នូវ​ភាព​ងាយ ស្រួល ចំណេញ​ពេលវេលា ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ធានា​នូវ​ប្រសិទ្ធភាព និង​តម្លាភាព ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការប្រមូល​ពន្ធ និង​ទទួល​បានការ គាំទ្រ និង​សាទរ​ជាខ្លាំង ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​។ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ការ​ផ្ទ​រ​កម្មសិទ្ធិ យានយន្ត បាន​ចំនួន ២៥.០៤០ គ្រឿង ហើយ​៕/V​-PC