លោក​ឌុយ​ទែត​ផ្ទុះ​ជម្លោះ​ជាមួយ​ប៉ាក​គី​អៅ​ជុំវិញ​រឿង​សមុទ្រ​ចិន​ខាងត្បូង​

442

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែតបាន​បង្កជម្លោះ​ជាមួយ​អ្នកប្រដាល់​មែន​នី ប៉ាក​គី​អៅ ដោយ​រិះគន់​ចំណេះដឹង​នយោបាយ​ការបរទេស​រាក់​កំផែល​របស់គាត់ បន្ទាប់ពី​ព្រឹទ្ធ​សមាជិក​និង​ជា​ម្ចាស់​ខ្សែក្រវាត់​៨ ស្ថាប័ន​រូបនេះ​និយាយថា គាត់​មើលឃើញ​ជំហរ​របស់​មេដឹកនាំ​រូប​នេះ​លើ​សមុទ្រ​ចិន​ខាងត្បូង “​ទន់ជ្រាយ​”​។​

​នៅក្នុង​បទសម្ភាសន៍​ពេល​រាត្រី​ជាមួយ​ប៉ុស្តិ៍​ព័ត៌មាន SMNI​កាលពី​ថ្ងៃ​អង្គារ​ទី ៨ មិថុនា លោក​ឌុយ​ទែតបាន​និយាយថា ប៉ាក​គី​អៅ ដែល​ជា​ព្រឹទ្ធ​សមាជិក​និង​ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​គួរតែ “​សិក្សា​ជា​មុន​” មុនពេល​ចេញ​មក​តតាំង​។​

​ប៉ាក​គី​អៅ​បាន​តបត​វិញ​កាលពី​ថ្ងៃ​ពុធ​ទី​៩ មិថុនា នៅ​ពេល​រូបគេ​និយាយថា​ប្រទេស​នេះ​គួរតែ​បន្ត​ការសន្ទនា​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​”​ត្រូវ​ឈរ​យ៉ាង​រឹងមាំ​ក្នុង​ការការពារ​សិទ្ធិ​អធិប​​តេ​យ្យ​ភាព​របស់​យើង​”​។​

​សំដៅលើ​សាលក្រម​តុលាការអន្តរជាតិ​ឆ្នាំ​២០១៦ ដែល​ឈ្នះ​ដោយ​ហ្វីលីពីន​ក្នុងករណី​ប្តឹង​ចិន ប៉ាក​គី​អៅ​បាន​និយាយថា​”​ខ្ញុំ​ជា​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែល​និយាយ​ចេញ​នូវ​អ្វី​ដែល​ចាំបាច់​ត្រូវ​និយាយ​​ដើម្បី​ការពារ​នូវ​អ្វី​ដែល​ត្រូវបាន​កាត់​សេចក្តី​ថា​ជា​របស់​យើង​ពេញសិទ្ធិ​”​។​

​ទោះបីជា​លោក​ឌុយ​ទែ​ត​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​ស្រុក​ក៏ដោយ ក៏​ប៉ុន្តែ​គាត់​ត្រូវ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​បដិសេធ​មិន​ព្រម​ប្រឈម​មុខ​ជាមួយ​ចិន​ជុំវិញ​សកម្មភាព​ឈ្លានពាន​របស់​យោធា ឆ្មាំ​សមុទ្រ និង ក្រុម​ទូក​នេសាទ​របស់​ចិន ដែល​លោក​និយាយ​ដដែល​ថា “​កុំទៅ​ឈឺឆ្អាល ឥត​ប្រយោជន៍​ទេ​”​។​

​ស្ថាប័ន​ការពារជាតិ​និង​ស្ថាប័ន​ការទូត​ហ្វីលីពីន​បាន​និយាយ​ខ្លាំងៗ​នា​ពេល​ថ្មីៗ​នេះ​អំពី​វត្តមាន​នាវា​ចិន​រាប់រយ​គ្រឿង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន ដែល​ពួកគេ​និយាយថា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងជីវពល​ចិន​។ ចិន​បាន​បដិសេធ​ការអះអាង​នេះ​។

​លោក​ឌុយ​ទែត​និយាយ​ថា​ហ្វីលីពីន​ជំពាក់​គុណ​ចិន​ធំធេង​ណាស់​ចំពោះ​ការគាំទ្រ​របស់​ចិន​លើ​វិស័យ​ផ្សេង​ជាច្រើន ដែល​ការលើកឡើង​នេះ​មិន​ធ្វើឱ្យ​ប៉ាក​គី​អៅ​សប្បាយ​ចិត្ត​ទេ​។​

​ប៉ាក​គី​អៅ​អាយុ ៤២ ឆ្នាំ​បាន​និយាយ​កាលពី​ខែ​មុន​ថា រូប​គេ​យល់ឃើញ​ថា​ជំហរ​របស់​លោក​ឌុយ​ទែត “​ទន់ជ្រាយ​” និង “​ខ្លបខ្លាច​គេ​”៕O

​ប៉ាក​គី​និយាយថា ជំហរ​របស់​លោក​ឌុយ​ទែត គឺ “​ទន់ជ្រាយ​” និង “​ខ្លបខ្លាច​គេ​”