ដោយៈ​សុផល​/​ភ្នំពេញ​៖ បញ្ហា​សុវត្ថិភាព​ចរាចរណ៍​គឺជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ បំផុត​របស់​កម្ពុជា ក៏ដូចជា​អាស៊ាន​ទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះ​មាន​មនុស្ស ចំនួន​ពី​៤ ទៅ ៥​នាក់ គិត​ជា​មធ្យម​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​បើ​យោងតាម​ការប៉ាន់ស្មានរ​បស់​ធនាគារពិភពលោក​ដោយ​ក្នុង​នោះបាន​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រមាណ​៣០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ខាតបង់ ពេលវេលា និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន ថ្លែង​ដូច្នេះ​ក្នុងពេល​ជួបពិភាក្សា ការងារ​ជាមួយ​លោក យ៉ាង តេ គីម ( Young Tae Kim) អគ្គលេខាធិការ​នៃ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ (International Transport Forum) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២១ ខណៈ​កម្ពុជា​ទើបតែ បិទ​បញ្ចប់​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​(STOM) ដែល​ខ្លួន​បាន​ធ្វើជា ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែមិថុនា នាពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ក្នុង​កិច្ចពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​អាស៊ាន​និង​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​នេះ​លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​កម្ពុជា​ចង់​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​សូមជម្រាបថា​៖​ជំនួប​នេះ​បាន​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការចូលរួម របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​២០២០-២០២១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បច្ចុប្បន្នភាព​សមាជិក​ភាព​របស់​វេទិកា​ដឹកជញ្ជូន អន្តរជាតិ និង​ការចែករំលែក​ព័ត៌មាន​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​ជាមួយនឹង កម្ពុជា និង​អាស៊ាន​។​

​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​នេះ លោក គីម បានធ្វើ​បច្ចុប្បន្នភាព​អំពី​សមា ជិ​ក​ភាព​នៃ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​(ITS)​ដោយ​ក្នុងនោះ​លោក​បាន​បញ្ជាក់ថា​៖ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ITF​ទទួលបាន សមាជិក​ថ្មី​មួយចំនួនទៀត​រួមមាន ប្រទេស Mongolia ប្រទេស​Obekistan និង​បណ្តា​ប្រទេស​ចំនួន​៧​ទៀត​មកពី​ទ្វីបអាស៊ី និង​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ជាពិសេស កម្ពុជា ដែលមាន​បំណង​ចង់​ចូល​ជា​សមាជិក​របស់​វេទិកា​ដឹកជញ្ជូន អន្តរជាតិ តាមរយៈ អង្គការ​UNSCAP និង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​លេខាធិការ ដ្ឋា​ន​អាស៊ាន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ​លោក​ទេសរដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការចូលរួម​ដោយផ្ទាល់​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ដែល​កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​នៅពេល​ទទួលបាន​ការយ​ល់​ព្រម​ជាទូទៅ​ពី​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត ជំងឺ​កូ​វីដ​-១៩​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ​ថា​៖ កម្ពុជា​ចង់​រៀនសូត្រ​បទពិសោធន៍ របស់​វេទិកា​ដឹក ជញ្ជូន​អន្តរជាតិ ទាក់ទង​នឹង​គោលនយោបាយ យុទ្ធសាស្ត្រ ការដឹកជញ្ជូន​បៃតង ដោយសារ​កម្ពុជា សព្វថ្ងៃនេះ​មិនទាន់មាន​យានយន្ត​ដើរ ដោយ​អគ្គិសនី​(Electric Vehicle) នៅឡើយ​ទេ ប៉ុន្តែ​កម្ពុជា​កំពុងធ្វើដំណើរ​ឆ្ពោះទៅ កាន់​ទិសដៅ​នោះ​ហើយ​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើសុំ​អនុសាសន៍​និង​ការចែករំលែក​ព័ត៌មាន ពី​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​លើ​ការប្រើប្រាស់​ប្រព័ន្ធ​GPS​បំពាក់​លើ​យានយន្ត​ដើម្បី​តាមដាន​ស្ថានភាព​យានយន្ត​ដែល​កំពុង​បើកបរ​លើ​ដងផ្លូវ​ដោយសារ​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធ​ច្រើន​មិនដឹងថា​ប្រព័ន្ធ​ណាមួយ​ល្អ​អាច​ទទួលយកបាន​សម្រាប់​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​យក​បញ្ហា​នេះ​ទៅ​សិក្សា​ស្វែងយល់ និង​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​សំដៅ​អនុម័ត​យក​បទដ្ឋាន​រួមមួយ​សម្រាប់​ប្រើប្រាស់​ទាំងអស់គ្នា​៕/PC​