យូរ៉ូ ២០២០ ៖ តួ​ក​គី​និង​អ៊ីតាលី​ជា​គូ​បើកឆាក​មុន​គេ​នៅ​ក្នុង​ពូ​ល A សម្រាប់​ថ្ងៃ​សុក្រ​នេះ​

303

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីបំផុត​យូរ៉ូ ២០២០ ចាប់ផ្តើម​បន្ទាប់​ពី​ពន្យារ​ពេល​អស់​មួយ​ឆ្នាំ​ដោយសារកូ​វីដ​១៩ ដោយ​គូ​បើកឆាក​គឺ​តួ​ក​គី​និង​អ៊ីតាលី​ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Stadio Olimpico ក្នុង​ទីក្រុង​រ៉ូម​របស់​អ៊ីតាលី​នៅវេលា​ម៉ោង ២៖០០ រំលង​អធ្រាត្រ ។

​ការប្រកួត​យូរ៉ូ​២០២០​ធ្វើឡើង​នៅ​ទីក្រុង​ចំនួន ១១ និង​ប្រទេស​ចំនួន ១១ នៅ​តំបន់​អឺរ៉ុប និង​ចែកចេញជា​៦​ពូ​ល គឺ​ពូ​ល A ដល់ ពូ​ល F ហើយ​មាន​៤​ក្រុម​ក្នុង​ពូ​ល​នី​មួយៗ​។

​អ៊ីតាលី​ថ្ងៃនេះ​មានប្រៀប​ជាង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ដែល​ត្រូវ​លេង​នៅ​ទីក្រុង​រ៉ូម​។ គួប​ផ្សំ​ជាមួយនឹង​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ពួកគេ​គឺជា​ក្រុម​ដែល​សង្ឃឹម​ខ្ពស់​ជាង​គេ​ក្នុងការ​ឈរ​លើ​កំពូល​តារាង ជា​មួយវែល​និង​ស្វ៊ី​ស​ជា​គូប្រជែង​ពីរ​ទៀត​របស់​ពួកគេ​។​

​តួ​ក​គី​បាន​ក្លាយជា​ក្រុម​ដ៏​ស្វិតស្វាញ​មួយ​ចាប់តាំងពី​ព្រឹត្តិការណ៍​យូរ៉ូ​ចុងក្រោយ​បំផុត ហើយ​ពួកគេ​មាន​ទម្លាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​ធំៗ​។ ឧទាហរណ៍​ជាក់ស្តែង តួ​ក​គី​បាន​លុត​ហូ​ឡង់ ៤-២ កាលពី​ខែ​មីនា​ខណៈ​បារាំង​និង​អាល្លឺម៉ង់​បាន​ត្រឹម​ស្មើ​ជាមួយ​ពួកគេ​ប៉ុណ្ណោះ​។​

​ត្បិត​មាន​ចំណុច​វិជ្ជមាន​ដូច្នេះ​ក្តី ក៏ប៉ុន្តែ​តួ​ក​គី​ជា​ក្រុម​មិន​អាច​ទស្សន៍ទាយ​បានទេ ដែល​នេះ​អាច​ធ្វើឱ្យ​ពួកគេ​មុជ​មិន​ជ្រៅ​ទៅ​មុខ​មិន​ឆ្ងាយ​ក្នុង​វគ្គ​ខ្ពស់ៗ​។ ប៉ុន្តែ​ការឆ្លង​ផុត​ពូ​ល A អាច​ស្ថិត​នៅលើ​សន្លឹក​បៀ ហើយ​នេះ​គឺ​ជា​គោលដៅ​ចម្បង​សម្រាប់​គ្រូបង្វឹក​តួ​ក​គី លោក សេ​ណុល ហ្គូ​ណេ​ស ។​

– ទម្រង់​លេង​

​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ចូលមក​ការប្រកួត​នេះ​ក្រោយ​ឈ្នះ ៨ លើ​ក​ជាប់ៗ​គ្នា ដោយ​គ្មាន​របូត​សូម្បី​មួយ​គ្រាប់​។​

​កូនក្រុម​របស់លោក រ៉ូបឺតូ មែន​ស៊ី​នី មាន​ប្រវត្តិ​ឈ្នះ​ជាប់ៗ​គ្នា​យ៉ាង​យូរ ដែល​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ហើយ​បរាជ័យ​ចុងក្រោយ​បំផុត​របស់​ពួកគេ​បាន​កើតឡើង​នៅក្នុង​យុទ្ធនាការ Nations League ២០១៩ ទល់​នឹង​ក្រុម​ព័រទុយហ្កាល់ (០-១) ។​

​អ៊ីតាលី​បាន​ប្រកួត​ចំនួន ២៧ ដង​ចាប់តាំងពី​ពេល​ចាញ់​នោះមក ហើយ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​លើក​ទី ២២ របស់​ពួកគេ​ក្រោយ​បំបាក់​សាធារណរដ្ឋ​ឆែក ៤-០ នៅក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ក្រុម​អ្នក​ព្យាករណ៍​ជាច្រើន​ចាត់ទុក​តួ​ក​គី​ជា “​សេះ​ខ្មៅ​” (​ក្រុម​ខ្លាំង​លាក់​មុខ​) នៃ​ការប្រកួត​យូរ៉ូ​ឆ្នាំនេះ ដោយ​ផ្អែក​លើ​លទ្ធផល​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​។​

​ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​នៅ​ឆ្នាំ​នេះ​ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ឈ្នះ​នៅក្នុង​ការប្រកួត​ជម្រុះ​វើល​ខាប់​ជាមួយ​ហូឡង់​និងន័​រវែ​ស​និង​បាន​បញ្ចប់​ដោយ​ឈ្នះ​មិត្តភាព ២-០ លើ​ប្រទេស​ម៉ុលដូ​វ៉ា ដោយ​សរុប​តួ​ក​គី​ឈ្នះ ៤ និង​ស្មើ ២ ក្នុង​ឆ្នាំ​២០២១​។​

– ការព្យាករណ៍

​ច្បាស់​ណាស់​នឹង​មាន​ការ​ខ្លាច​គ្នា​នៅ​ដើម​ការប្រកួត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​គឺ​ពោរពេញ​ដោយ​កីឡាករ​គុណភាព​នៅ​គ្រប់​តំបន់​រៀងៗ​ខ្លួន​។​

​និយាយ​ពី​លំហូរ​នៃ​ការលេង​យ៉ាង​រលូន​គឺ អ៊ីតាលី​ល្អ​ជាង ដោយសារ​វត្តមាន​កីឡាករ អ៊ី​ម​ម៉ូ​បាល​, អ៊ី​ន​ស៊ីញ៉េ និង បួ​រ៉ាក់ យី​ល​មេ​ស ។

​ក្នុង​ការប្រកួត​បើកឆាក​យូរ៉ូ ២០២០ មួយគូ​នេះ ប្រៀប​ឈ្នះ​គឺ​បាន​ទៅ​អ៊ីតាលី ព្រោះ​ពួកគេ​មាន​កីឡាករ​ដែល​មាន​បទពិសោធន៍​ច្រើនជាង​។ ប្រសិនបើ​គ្រូបង្វឹក​ទាំង​ពីរ​ដាក់​ក្បួន​លេង​បាន​ត្រឹមត្រូវ ហើយ​ខ្សែប្រយុទ្ធ​ទាំង​ពីរ​ក្រុម​អាច​លេង​បានរ​លូន យើង​រំពឹង​មាន​គ្រាប់​បាល់​ស៊ុត​ចូល​គ្នា​ក្នុង​ការប្រកួត​នេះ​។​

​លទ្ធផល​ព្យាករណ៍ អ៊ីតាលី​ឈ្នះ ២-១ ៕

​តួ​ក​គី​នឹង​បើកឆាក​ប៉ះ​អ៊ីតាលី​នៅ​ទីក្រុង​រ៉ូម​វេលា​ម៉ោង ២៖០០ រំលង​អធ្រាត្រ