មន្ត្រី​ឧ​ទ្យា​នុ​រក្ស ជា​ឆ្មាំ​ព្រៃ មិនមែន​ត្រឹមតែ បំពេញភារកិច្ច តាម​តួនាទី​ឯកសណ្ឋាន តែ​ជា​ឪពុកម្តាយ ដែល​កំពុង​ថែរក្សា ធនធានធម្មជាតិ សម្រាប់​កូនៗ ជំនាន់​ក្រោយ

97

ដោយ​៖ ដេប៉ូ / ព្រះវិហារ​៖ «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​កំពុង​បំពេញ​តូ​នាទី​ដើម្បី​បុព្វហេតុ បរិស្ថាន និង​ធម្មជាតិ បច្ចុប្បន្ន បាន​ពុះពារ ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ​ខ្ពស់ គ្រប់យ៉ាង ដើម្បី​អនុវត្ត កាតព្វកិច្ច របស់ខ្លួន​ជាប្រចាំ​ថ្ងៃ នៅ​សមរភូមិ នៃ​ការងារ គ្រប់គ្រង និង​អភិរក្ស​ធនធាន ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អ​ភ​រិ​ក្ស​ជីវៈចម្រុះ​របស់​កម្ពុជា​»​។​

​នេះ​ជាការ​បញ្ជាក់​របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន នៅ​ចំពោះមុខ មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅ​ស្នាក់ការ អូរ​កក់ ក្នុង​ដែន​ជម្រក សត្វព្រៃ ព្រះ​រការ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ អំឡុង​ពេលដែល លោក​រដ្ឋលេខាធិការ បាន​ដឹកនាំ​ប្រតិភូ ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន ចុះទៅ​បំពេញ​ទស្សនកិច្ច និង​ស្វែងយល់​ពី ការគ្រប់គ្រង និង​អភិរក្ស​តំបន់ ការពារ​ធម្មជាតិ និង​ជីវៈចម្រុះ និង​ការអភិវឌ្ឍ សហគមន៍​មូលដ្ឋាន ព្រមទាំង​ជីវភាព របស់​ពលរដ្ឋ នៅក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ នៅក្នុង ភូមិសាស្ត្រ ខេត្តព្រះវិហារ​។​

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ៖ «​បច្ចុប្បន្ន អ្វីដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង កំពុង​ធ្វើ គឺ​មិនមែន​គ្រាន់តែ​ធ្វើ ក្នុងនាម​តែ​ជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​ត្រូវបំពេញ ជា​តួនាទី ទៅតាម​ភារកិច្ច នៃ​ឯកសណ្ឋាន ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប៉ុណ្ណោះ​ទេ តែ​ពួកគាត់​ធ្វើ ក្នុងនាម​ជា​ឪពុក ម្តាយ ដែល​កំពុងតែ​ថែរក្សា និង​ការពារ​នូវ​មរតក ធនធានធម្មជាតិ ដ៏​សម្បូរបែប សម្រាប់​កូនចៅ ជំនាន់​ក្រោយ​»​។​

​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​សម្តែង​នូវ​ការ​កោត សរសើរ ពី​ការលះបង់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ទាំងអស់ ក្នុងការ​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ សត្វព្រៃ ទីជម្រក​ធម្មជាតិ និង​ប្រព័ន្ធ អេកូឡូស៊ី ដែល​កម្ពុ​ជាមាន​។​

​លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថាៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស អនុវត្ត​កាតព្វកិច្ច​របស់ ខ្លួន ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​លះបង់​ខ្ពស់ ក្នុង​បុព្វហេតុ ការពារ នូវ​ធនធានធម្មជាតិ សត្វព្រៃ ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន​។ ទាំងនេះ វា​ក៏​បង្ហាញ​ពី​ទឹកចិត្ត មោះមុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដូចជា ការ​បរបាញ់ សត្វព្រៃ​ខុសច្បាប់ ការកាប់​ព្រៃឈើ ខុសច្បាប់ និង​នេសាទ​ខុសច្បាប់ ជាដើម​។​

​ដោយ​ចង់​បញ្ជាក់ ពី​ផល​លំបាក​របស់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​តែង​ជួបប្រទះ កន្លងមក លោក រដ្ឋលេខាធិការ បាន​មានប្រសាសន៍ សង្កត់ធ្ងន់ថា​៖ «​មន្ត្រី​របស់​យើង ត្រូវ​ប្រឈម​នឹង​ហានិភ័យ ស្ថានភាព​លំបាក និង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ចៃ ដ​ន្យ​ផ្សេងៗ ពិសេស​ជនល្មើស អាច​បង្ក​គ្រោះថ្នាក់ នៅពេល​មន្ត្រី​យើង​ចុះ​អនុវត្ត ច្បាប់​។​

​ក្រៅពីនេះ ពួកគាត់ ក៏​ប្រឈម​ទៅនឹង​កត្តា​ផ្សេងៗ​ទៀត ដូចជា ជំងឺ ការឆ្លងកាត់ ឧបសគ្គ លំបាកៗ​ជាច្រើន ក្នុងពេល​បំពេញការងារ ដូចជា​ទឹកជំនន់​សត្វ​ដែល​អាច បង្ក​គ្រោះថ្នាក់ ។​ល​។​

​ស្របគ្នា​នេះដែរ លោក រដ្ឋលេខា ក៏បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មិនត្រូវ​រុញ​រា​ឡើយ ក្នុងការ​អនុវត្ត​ច្បាប់ បើទោះបី​ត្រូវ ប្រឈម​នឹង​ហានិភ័យ នៃ​ការ​ក្លាយជា គោលដៅ របស់​ជនល្មើស ពោល​គឹ​ធ្វើយ៉ាងណា ការពារ​តំបន់ ការពារ​ធម្មជាតិ ឱ្យបាន​ជាប់​គង់វង្ស យូរអង្វែង ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ របស់​យើង​។​

​លោក រដ្ឋលេខាធិការ បានលើកឡើង ដោយ​បញ្ជាក់ដែរថា បើទោះជា​បច្ចុប្បន្ន ចំនួន​មន្ត្រី ឧ​ទ្យា​នុ​រក្ស នៅមានកម្រិត​នៅឡើយ តែ​ក្រសួងបរិស្ថាន បានដាក់​ចេញ​នូវ យុទ្ធសាស្ត្រ​ចំនួន ៤ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ យុទ្ធសាស្ត្រ​ទាំងនោះ មានដូចជា ការ​ល្បាត​ចល័ត របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការរួម សហការ​ជាមួយ សហគមន៍ នៅក្នុង​តំបន់​ការពារ ធម្មជាតិ និង​នៅជាប់​តំបន់ ការពារ​ធម្មជាតិ និង​ការអប់រំ​ផ្សព្វផ្សាយ ពី​សារប្រយោជន៍​ព្រៃឈើ​ទៅកាន់​ប្រជា ពលរដ្ឋ និង​ការបង្កើត សេដ្ឋកិច្ច​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ​។​

​លោក​រដ្ឋលេខាធិការ បាន​កោតសរសើរ ចំពោះ​វីរភាព និង​ការលះបង់​ដ៏​មានតម្លៃ របស់​មន្ត្រី ឧ​ទ្យា​នុ​រក្ស ហើយ​ជាមួយគ្នា ក៏បាន​បង្ហាញ​ការ កោតសរសើរ​ពី​ស្ថាប័ន ពាក់ព័ន្ធ ក្នុងនេះ​ដូចជា អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍ និង​ពិសេស​ស្ថាប័ន តុលាការ ដែល​តែង​បាន​ចូលរួម អនុវត្ត​ច្បាប់ នា​កន្លងមក សំដៅ​ធ្វើយ៉ាងណា ចូលរួម​ការពារ​ធន​ធាន​ធម្មជាតិ​របស់​យើង ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស មាន​ចំនួន​សរុប​ជាង ១.២០០ នាក់ នៅ​ទូទាំង ប្រទេស​កម្ពុជា ហើយ​ក្នុងនេះ​មាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ជា​ស្ត្រី​ចំនួន ៤២ នាក់ កំពុង​ឈរជើង នៅតាម​តំបន់ ការពារ​ធម្មជាតិ ទាំង ២០ ខេត្ត​៕/V​-PC