សហគមន៍​តំបន់ការពារធម្មជាតិ មាន​នាទី និង​ការទទួលខុសត្រូវ ចូលរួម​អភិរក្ស ធនធានធម្មជាតិ ទទួលផល និង​អនុផល​ព្រៃឈើ បង្កើន​ចំណូល ជីវភាព​គ្រួសារ​

134

ដោយ​៖ ដេប៉ូ / ព្រះវិហារ​៖ ក្រសួងបរិស្ថាន និង​អង្គការ​ជា​ដៃគូ ព្រមទាំង​សហគមន៍ តំបន់ការពារធម្មជាតិ បានរួម​សហការគ្នា ពង្រឹង​ទៅលើ​កិច្ចការ​ការពារ និង​អភិរក្ស ធនធានធម្មជាតិ ដោយ​មិន​ត្រឹម​តែមាន ទិសដៅ​ការពារ ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វព្រៃ​នោះទេ ប៉ុន្តែ​ក្រសួង បាន​អភិរក្ស​មុខរបរ ប្រជា​សហគមន៍ ចូល​អភិរក្ស ប្រពៃណី ទំនៀមទម្លាប់​របស់ ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង​សហគមន៍ របស់គាត់​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន ក្នុងការ ដឹកនាំ គណៈប្រតិភូ ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះវិហារ និង​ក្រុម​អ្នក​សារ ព័ត៌មាន ទស្សនកិច្ច​ស្វែងយល់ នៅ​តំបន់​ដែនជម្រកសត្វព្រៃ ព្រះ​រកា ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៩ ខែមិថុនា បានបញ្ជាក់​ថាៈ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន អង្គការ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន បានរួម​គ្នា ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា ចូលរួម​បង្កើត​មុខរបរ ជូន​ប្រជាពលរដ្ឋ សហគមន៍ អភិរក្ស​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទាំង​រូបី និង​អ​រូបិយ ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​តំបន់ ទេសចរណ៍ ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ នៅក្នុង​តំបន់ សហគមន៍ ការពារ​ធម្មជាតិ ក្នុង​ខេត្តព្រះវិហារ មាន​ដល់​សហគមន៍ តំបន់​ការពារ ធម្មជាតិ ចំនួន ៤១ សហគមន៍ ហើយ​ក្នុងចំណោម សហគមន៍​ទាំងនេះ តែងមាន ប្រជាពលរដ្ឋ ប្រកប​របរ​ដង​ជ័រទឹក​។ សម្រាប់​មុខ របរ​ដង​ជ័រទឹក​នេះដែរ គឺជា​មុខ របរ​មួយ ផ្តល់ប្រាក់​ចំណូល​បន្ថែម ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​សម្រាប់​ផ្គត់ ផ្គង់​ជីវភាព​។​

​លោក រដ្ឋលេខាធិការ បានលើកឡើង ដោយ​បញ្ជាក់ថាៈ ក្នុង​ក្របខណ្ឌ​គោល នយោបាយ របស់​ក្រសួងបរិស្ថាន គឺ​កំពុងតែ​រៀបចំ​ការ កំណត់​តំបន់ និង​ជំរុញ​លើ ការបោះបង្គោល កំណត់​តំបន់ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​បែងចែក តំបន់ការពារធម្មជាតិ​។ ដោយឡែក ដែនជម្រកសត្វព្រៃ ព្រះ​រកា​ខេត្តព្រះវិហារ នេះដែរ គឺ​បាន​ផ្ទេរ​មក ការគ្រប់គ្រង​របស់ ក្រសួងបរិស្ថាន នៅ​ឆ្នាំ​២០១៦ ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បានចាប់ផ្តើម មាន​វត្តមាន នៅទីនេះ ហើយ​ក៏បាន​ចូលរួម​ពី សហគមន៍ ការពារ​តំបន់​ធម្មជាតិ អង្គការ​សមាគម​អភិរក្ស សត្វព្រៃ​កម្ពុជា (WCS) ដែលជា​ដៃគូ បានធ្វើការ​រួមគ្នា គឺ​ទី​១ ដើម្បី​ពង្រឹង​ទៅលើ ការការពារ និង​អភិរក្ស ធនធានធម្មជាតិ ទី​២ អភិរក្ស​នូវ​មុខរបរ ប្រជា​សហគមន៍ ដែលមាន​ជា​លក្ខណៈ ប្រពៃណី ដូចជា របរ​ដង​ជ័រទឹក និង​ផ្តល់​ជម្រើស និង​មុខ​ថ្មី​។ ជា​ទិសដៅ ក្រសួង មិន​ត្រឹមតែ​ការពារ ធនធានធម្មជាតិ ដែលមាន​ព្រៃឈើ សត្វព្រៃ​ទេ តែ​យើង​បាន ចូលរួម អភិរក្ស​នូវ​ប្រពៃណី ទំនៀមទម្លាប់ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង សហគមន៍​របស់គាត់​ផងដែរ​។​

​ដោយឡែក នៅ​សហគមន៍​ផ្សេងៗ​ទៀត ក្រសួង​ក៏​កំពុង​ស្រង់​ស្ថិតិ នៃ​មុខរបរ​របស់ ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ជ័រ​ច្បោះ​នេះ ដើម្បី​កំណត់​ទីតាំង ឱ្យបាន​ច្បាស់លាស់ ពិសេស​ដើម​ជ័រ​ច្បោះ​នេះ ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅៗ ដែល​អាចធ្វើ​ឱ្យគេ មាន​ទិន្នន័យ ច្បាស់លាស់ និង​សិក្សា​តំបន់ ទាំងអស់នេះ​។ សម្រាប់​តំបន់​សហគមន៍ ក្រសួង បានប្រគល់​តួនាទី ដល់​សហគមន៍ ដើម្បី​ចូលរួម​ការពារ​ថែរក្សា ហើយ​វា​ជា​ផល ប្រយោជន៍ របស់គាត់​។ ពួកគាត់​អាច​អាស្រ័យ​ផល ពី​ព្រៃ​សហគមន៍​នេះ​បាន​។ បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍ តំបន់​ការពារ ធម្មជាតិ​ព្រៃ​ទ័ព​បាន​ចូល រួមជាមួយ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្នុង​ការពារ​ដើម​ច្បោះ​និង​ធនធាន ធម្មជាតិ​ទាំងនេះ ដើម្បី​ផលប្រយោជន៍​រួម ទាំងអស់គ្នា​។ ពួកគាត់​មិន​ត្រឹមតែ ទទួលបាន​ផល ពី​ជ័រ​ច្បោះ​នេះ​ទេ ប៉ុន្តែ​ពួកគាត់ ក៏​អាច​ដក​ផលប្រយោជន៍ ពី​អនុផល​ព្រៃឈើ​ផ្សេងៗ​ទៀត ដូចជា បន្លែ បង្កា ផ្លែឈើ និង​ទឹកឃ្មុំ​ជាដើម​។​

​ក្រៅពីនេះ មុខរបរ​ទាំងនេះ ក្រសួងបរិស្ថាន បាន​សហការ ជាមួយ​អង្គការ WCS ដើម្បី​បង្កើត មុខរបរ​ថ្មី មួយ​បន្ថែមទៀត គឺ​ការធ្វើ​ស្រូវ​ត្រយង ដែលជា​ស្រូវ​មួយ អាច​លក់​ក្នុងតម្លៃ​ខ្ពស់​។ ពលរដ្ឋ​អាចបង្កើត​មុខរបរ​ធ្វើ​ស្រូវ​ថ្មី ដែលមាន​តម្លៃ​ខ្ពស់ ពី​ស្រូវ​ពួកគាត់ ប្រកប​របរ​ធ្វើស្រែ រៀងរាល់ឆ្នាំ អស់កាល​ជា យូរ​មកហើយ​នេះ​។ ពួកគាត់​អាច​ផ្លាស់ប្តូរ​មុខរបរ​ថ្មី ដើម្បី​ផ្តាច់ខ្លួន​ចេញ ពី​ការពឹងផ្អែក ទៅលើ​ធនធាន ធម្មជាតិ ដោយ​ពួកគាត់ មិនត្រូវ​កាប់​ព្រៃឈើ បរបាញ់​សត្វ ការទន្ទ្រាន​ដី​ខុសច្បាប់ ហើយ​មក​ប្រក​បរបរ​ថ្មី ដែលជា​របរ​មួយ​រឹងមាំ អា​ចរក​ចំណូល ចិញ្ចឹម​គ្រួសារ​។ នេះ​ជា​ផែនការ​របស់ ក្រសួងបរិស្ថាន ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​របស់​ប្រជា សហគមន៍ ឱ្យ​កាន់តែ​ធូរធា និង​រឹងមាំ​យូរអង្វែង​។​

​គួរ​បញ្ជាក់ថា ជ័រទឹក ឬក៏​បងប្អូន​ប្រជាជន ជនជាតិដើម​ភាគតិច កួយ ហៅថា ជ័រ​ច្បោះ​នោះ គឺជា​មុខរបរ​ទំនៀមទម្លាប់ បន្តវេន​ពី​ដូនតា របស់​ពួកគាត់​បាន​បន្សល់ ទុក ឲ្យ​មកដល់​សព្វថ្ងៃនេះ​។ ជ័រ​ច្បោះ ត្រូវបាន​យកចេញ ពី​ដើមឈើ​មួយចំនួន ដូចជា​ដើមឈើ​ទាល ដើមឈើ​ផ្ចឹក និង​ឈើ​ត្រាច ជាដើម​។​

​ពាក់ព័ន្ធ​ក្នុង​មុខរបរ ចៀរ​ជ័រ​ច្បោះ​នេះ លោក នង ដេ​ង ប្រធាន​សហគមន៍​ស្រែ​ទ័ព ស្ថិតនៅក្នុង​តំបន់ អភិរក្ស​សត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ បានឱ្យដឹងថា សព្វថ្ងៃ លោក មាន​ដើម​ច្បោះ ១០០៨ ដើម ហើយ​ក្នុងនេះ មួយ​ដើម អាច​ផ្តល់​ជា​ជ័រ ក្នុង​មួយខែ ១០២៥ កាន ហើយ​អាច​លក់បាន ៨ ម៉ឺន​រៀល​។​

​បុរស​រូបនេះ បានឱ្យដឹង​បន្ថែមថាៈ នៅ​តំបន់​នេះ មាន​ទំហំ​ដី ចំនួន ៣.៤៩០ ហិកតា ហើយ​ក្នុងចំណោម​នេះ ពលរដ្ឋ​រស់នៅ ៣០០ គ្រួសារ បាន​ប្រកបរ​បរចៀរ​ជ័រ​ច្បោះ នេះ ជាង​ពាក់កណ្តាល ទៅហើយ​។​

​លោក​បាន​ពន្យល់​ប្រាប់ថា​៖ «​ដើម​ច្បោះ​មួយ​ដើម គេ​អាច​យក​ជ័រ ក្នុង​មួយខែ ៣​ដង ហើយ​គេ​អាច​ដង គ្រប់​ខួប ពោល​គឺអាច​ទាញយក​ជ័រ បាន​ពេញ​មួយឆ្នាំ​តែម្តង​។ ចំពោះ​ដើម​ច្បោះ មួយ​ដើម ក្នុង​១​ថ្ងៃ អាច​ផ្តល់​ជ័រ ២​ទៅ​៣​លីត្រ និង​ដើម​ខ្លះ ក៏បាន​តិចជាង​នេះ​។ ចំពោះ​ដើម​ច្បោះ ដែល​ផ្តល់​ជ័រ បាន​តិច​បំផុត គឺ​ស្ថិត​ខែ​៣ និង​ខែ​៤ ដែលជា​ខែ​ក្តៅ បំផុត​នោះ ជ័រ​មិនសូវ​ចេញ​ទេ​។ បន្ទាប់ពី​ឈានចូល​ដល់​ខែ​៥ ទៅ ជ័រ​ច្បោះ​វា នឹង​ផ្តល់​ជ័រ​ច្រើន​ដូច​ធម្មតា​វិញ​!​។​

​លោក​បាន​ប្រាប់​ផង​ថាៈ សព្វថ្ងៃ ប្រជាជន​ជន ជាតិ​ដើម​ភាគតិច អាច​ប្រមូល​អនុផល ពី​ជ័រ​ច្បោះ ម្តងៗ បាន​ចាប់ពី ៣ ទៅ ៤​កាន ដែល​ក្នុង​មួយ​កាន មាន​ចំណុះ ៣០ លីត្រ ឬក៏​លើសពីនេះ ទៅតាម​ដើម​ច្បោះ ដែល​ពួកគាត់​មាន​។ ដោយ​ពួកគាត់​ត្រូវ ចំណាយពេល ប្រហែលជា ២ យប់ ៣​ថ្ងៃ ក្នុង​ការចូល​ព្រៃ ដើម្បី​ប្រមូល​ផល ហើយ​ពួកគាត់​អាច​លក់​ជ័រទឹក ទៅ​ឲ្យ​ឈ្នួ​ញ​កណ្តាល បាន​មួយ​កាន ចាប់ពី​តម្លៃ ៧ ម៉ឺន​រៀល ទៅដល់ ៨​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ​។​

​គួរ​បញ្ជាក់ថា ជន​ជន​ដើម​ភាគតិច​កួយ បាន​ចែក​កេរ​មរ​ត ដើម​ជ័រ​ច្បោះ ដែលមាន នៅក្នុង​ព្រៃ​ព្រះ​រកា ឱ្យទៅ​កូនចៅ​របស់​ពួកគាត់ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ ដើម្បី​ប្រក​បរបរ​ចិញ្ចឹម​ជិវិត ជាប្រចាំ​ថ្ងៃ​។ ចំពោះ វិធី​ដែល​បងប្អូន ជនជាតិដើម ភាគតិច​កួយ ដង​ជ័រ​ច្បោះ ពី​ដើម​ឈើទាល ដើម​ផ្ចឹក និង​ដើមឈើ​ត្រាច គឺ​ពួកគាត់​ត្រូវ​ចោះ​ដើមឈើ យកមុខ​ប្រហែលជា ៦០ សង់ទីម៉ែត្រ និង​ដុត​ភ្លើង ត្រង់​កន្លែង​ចោះ​នោះ ដើម្បី​ឲ្យ​វា​ចេញ​ជ័រ បានល្អ និង​ដង​យក​ជ័រ​ច្បោះ ដាក់​កាន បន្ទាប់មកទៀត ពួកគាត់​មាន​ធ្វើជា ឧ​បរ​កណ៍ដា​ក់បាំង​ទឹកភ្លៀង កុំ​ឲ្យ​ហូរ​ចន្លោះ នាំ​ឲ្យ​ខួច​ខាត​។​

​ជ័រ​ច្បោះ របស់​ពួកគាត់​។ អត្ថប្រយោជន៍​របស់​ជ័រ​ច្បោះ គេ​អាចយ​កវាម​កលាយ ជាមួយ​ជ័រចុង ទុក​សម្រាប់​បិត ឬក៏​លាប​ទូក កុំ​ឲ្យ​ជ្រាប​ទឹក និង​ប្រើ​សម្រាប់ ធ្វើ​គប់​ភ្លើង ឬ​ចន្លុះ​ក៏បាន​។ ដោយសារតែ​ជ័រ​ច្បោះ មាន​ភាព​ស្អិត​ខ្លាំង​អាចធ្វើ​ឲ្យ គេ​លាប នៅលើ​ផ្ទៃ​ខាងក្រៅ​ឥដ្ឋ ដើម្បី​បន្សារ​ពី​ដុំឥដ្ឋ ទៅ​ដុំឥដ្ឋ​មួយទៀត ពេល​សាងសង់​ប្រាសាទ​ផងដែរ កាលពី​សម័យ​ដើម​៕/V-PC