ស្រូវ​ត្រយង​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បង្កើន​ចំណូល របស់​ពលរដ្ឋ​

136

ដោយ​៖​ដេប៉ូ​/​ខេត្តព្រះវិហារ​៖ក្រសួងបរិស្ថាន​បានរៀបចំ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​លើ​ការបង្កើត​សេដ្ឋកិច្ច​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្នុង​និង​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យមាន​ជីវភាព​ធូរធារ ហើយ ជាមួយគ្នា ក្រសួងបរិស្ថាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​ស្រូវ​សត្វ​ត្រយង​(​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​)​ដែល​អនុវត្ត​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដែល​នេះ​គឺជា​ការប្រើប្រាស់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែលមាន​និរន្ត​ភាព ដើម្បី​គាំទ្រ​ការអភិរក្ស​និង​ការពារ សត្វព្រៃ ព្រៃឈើ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​។

​នេះ​គឺជា​ការ​ថ្លែង​ឡើង​ដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំ ពាក្យ​ក្រសួងបរិស្ថាន​នៅក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តព្រះវិហារ សិក្សា​ស្វែងយល់​ពី​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​នោះ​ក្នុង រយៈពេល​២​ថ្ងៃ​ពោលគឺ​ថ្ងៃទី ៩-១០ ខែមិថុនា​ឆ្នាំ ២០២១​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន លើកឡើងថា គម្រោង​ស្រូវ​ត្រយង​បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​កិច្ចការងារ អភិរក្ស​ជាពិសេស​អភិរក្ស​សត្វ​ត្រយង​យក្ស ត្រយង​ចង្កំ​កស​ដែល​កំពុង​ជិត​ផុត ពូជ​នៅលើ​ពិភពលោក​។ ក្រៅពីនេះ​វា​ក៏ គម្រោង​ស្រូវ​ត្រយង​បានរួម​ចំណែក ក្នុងការ​ការពារ ធនធានធម្មជាតិ នឹង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ប្រជាពលរដ្ឋ​ចូល រួម​ក្នុង​គម្រោង ស្រូវ​ត្រយង​នេះ ចាំបាច់​ត្រូវគោរព​នូវ​លក្ខខណ្ឌ​ចំនួន ៤ សំខាន់​គឺ​ទី​១ ការដាំ​ស្រូវ​របស់​ពួកគាត់​មិនត្រូវ​ដាំ​លើ​ផ្ទៃដី​ដែល​ពង្រីក​ថ្មី ដែល​មានន័យថា មិន​អនុ​ញ្ញា​ត្ត​ឱ្យមាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ថ្មី​ទេនោះ​ទេ ទី​២ ហាម​បរបាញ់​សត្វ ទី​៣ ហាម​កាប់​ឈើ និង​ទី​៤ ហាម​ប្រើប្រាស់​ជីគីមី​សម្រាប់​ការដាំ​ដំណាំ​ស្រូវ​របស់ខ្លួន​។ គោលការណ៍​ទាំង​៤​នេះ​គឹជា​គ្រឹះ​នៃ​ការ​អនុត្ត​គម្រោង​ដាំ​សង្គ្រោះ​សត្វព្រៃ​។​

​លោក រដ្ឋលេខាធិការ​បាន​រំឭក​ដែរ​ថា ស្រូវ​សង្គ្រោះ​សត្វព្រៃ​បានចាប់ផ្តើម ឡើង​នៅក្នុង​ខេត្តព្រះវិហារ​នេះ រួចហើយ​បាន​ពង្រីក​ខ្លួន​ទៅកាន់​តំបន់​ការពារ ធនធានធម្មជាតិ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​ការពង្រីក​គម្រោង​ពី ខេត្តព្រះវិហារ ទៅ​ស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្ត​រតនគីរី​។ សរុប​គ្រួសារ​ដែល បាន​ចូលរួម​ដាំ​គម្រោង​ស្រូវ​ប្រភេទ​នេះ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ខេត្ត​ទាំងនោះ​មាន ១.៥០០ គ្រួសារ​។ សម្រាប់​ទិន្នផល​ស្រូវ​ដែល​កសិករ​ធ្វើបាន​គឺមាន​គុណភាព​ល្អ ហើយ​ត្រូវបាន​លក់​ក្នុងតម្លៃ​មួយ​លើស ៥០​ភាគរយ​នៃ​តម្លៃ​ទីផ្សារ​។ ទាំងនេះ​ដោយ សារ​គាត់​បាន​គោរព​នូវ​គោលការណ៍​ដែល​បានដាក់ចុះ​ដោយ​ភ្ជាប់​នឹង​គោលការណ៍​អភិរក្ស​ហើយ​អតិថិជន​ដែល​ប្រើប្រាស់​អង្គការ​ស្រូវ​ត្រយង​ប្រាថ្នា​។ សព្វថ្ងៃ ផលិតផល ស្រូវ​សង្គ្រោះ​សត្វព្រៃ​ត្រូវបាន​គ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដែល​តាមរយៈ​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ​ទទួលខុសត្រូវ​ក្នុង​ការទិញ និង​លក់​ផលិតផល​ស្រូវ​សត្វ​ប្រភេទ នេះ​ទៅកាន់​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទិសដៅ ធ្វើយ៉ាងណា​ឱ្យ​សហគមន៍ តំបន់ការពារធម្មជាតិ​មាន​ចំណូល​បន្ថែម និង​បង្កើត ជម្រើស​ថ្មី សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ លើ​មុខរបរ​ចាស់​ចូល​ព្រៃ​កាប់​ឈើ ចូល​ព្រៃ​បរបាញ់​សត្វ​ដោយ​បង្កើត​មុខរបរ ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍ ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​កសិកម្ម​និង​ដំណាំ រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្កា សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់ បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍ របស់​ពលរដ្ឋ​ផងដែរ​។ បច្ចុប្បន្ននេះ ទេសចរ​ក្នុងស្រុក​មាន​កំណើន​ឡើង​គួរឱ្យ កត់សម្គាល់​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ កំណើន​សេដ្ឋកិច្ចជាតិ និង​សុខសន្តិភាព​គ្របដណ្តប់​ទូទាំងប្រទេស​។​

​ដោយឡែក លោក ផាន់ ស៊ីថាន ជាទី​ប្រឹក្សា​បច្ចេកទេសផ្នែក​សហគមន៍​នៃ​អង្គការ WCS បានឱ្យដឹងថា គម្រោង​កម្មវិធី​ស្រូវ​ត្រយង​បាន​អនុវត្ត​ដំបូង​នៅ​ឆ្នាំ​២០០៨ នៅ​ឃុំ​ត្មាត​ប៉ើយ ខេត្តព្រះវិហារ ហើយ​បច្ចុប្បន្ន​ការអនុវត្ត​គម្រោង​នេះ​នៅ​ខេត្ត ព្រះវិហារ​បាន ១៤​ឃុំ និង​បាន​ពង្រីក​ទៅ​ស្ទឹងត្រែង ហើយ​ពេលនេះ​ដែរ​បាន​ពង្រីក ដល់​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ។​

​លោក​បាន​ប្រាប់​បន្ថែមថា​ក្នុង​ចុងឆ្នាំ ២០២០​និង​ដើមឆ្នាំ​២០២១​នេះ​គម្រោង​ស្រូវ សង្គ្រោះ​សត្វព្រៃ​មាន​ទីផ្សារ​ល្អ​។ សម្រាប់​នៅ​ខេត្តព្រះវិហារ​តែមួយ​គេ​ទិញ​បាន ស្រូវ​សង្គ្រោះ​សត្វព្រៃ​បាន​៩០៥​តោន​។ ស្រូវ​ប្រភេទ​នេះ​ជាទូទៅ​គេ​បាន​កិន ជា​អង្ក​រហើយ​ទើបបាន​នាំចេញ​និង​មួយចំនួន​បាន​លក់​នៅលើ​ទីផ្សារ​ទំនើប​ក្នុង ប្រទេស​កម្ពុជា​។​ស្រូវ​ប្រភេទ​នេះ​ជាទូទៅ​លក់​ជា​អង្ករ​ឬ​ផលិត​ជា​នំ​ផ្សេងៗ​ទើប​នាំចេញ​។ លោក​បាន​បញ្ជាក់ថា​ទីផ្សារ​ស្រូវ​សង្គ្រោះ​សត្វព្រៃ​នេះ​ភាគច្រើន​នាំទៅ​កាន់ ទីផ្សារ​អឺរ៉ុប​និង​ប្រទេស​សិង្ហ​បុរី ។​

​ជាមួយគ្នា លោក ស៊ូ សេរី អភិបាលរង​ខេត្តព្រះវិហារ​បាន​សម្តែង​ការគាំទ្រ​ចំពោះ ការបង្កើត​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ (​ស្រូវ​ត្រ​យ៉ង​) នេះ​ដែលជា​ការលើកស្ទួយ ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ​។​

​លោក បាន​ចាត់ទុកថា ការធ្វើ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​គឺ​ជំ​ហ៊ាន​មួយទៀត ដែល​ជួយ​បន្ថែម​ចំណូល​ក្រៅពី​ប្រជាកសិករ​ក្នុងការ​ធ្វើស្រែ​ប្រពៃណី​របស់​ពួកគាត់ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការរកចំណូល​ខ្ពស់​នៃ​ការរកចំណូល​ពី​ការធ្វើ​ស្រែ​ប្រភេទ​ថ្មី​នេះដែរ ពីព្រោះថា​ស្រូវ​ប្រភេទ​ថ្មី​នេះ​មានតម្លៃ​ខ្ពស់ជាង​ស្រូវ​ធម្មតា​របស់​ពួកគាត់ បានធ្វើ​កន្លងមក ហើយ​ចំពោះ​ទីផ្សារ​ក៏​ងាយ​រក​ថែមទៀត​។

​លោក អភិបាលរង​ខេត្តព្រះវិហារ​បានលើកឡើង​ដោយ​បញ្ជាក់ថា​ស្រូវ​ប្រភេទ​នេះ ធ្វើបាន​ផល​លឿន ទិន្នផល​ខ្ពស់​ហើយ​តម្លៃ​ខ្ពស់​ដែល​ជួយ​លើកស្ទួយ​ឱ្យ​កាន់ តែ​ធូរធា​។ ស្រូវ​ប្រភេទ​នេះ​ប្រើ​ក្នុង​រយៈពេល​៣​ខែ​អាច​ទទួលបាន​ផល​ហើយ​។​

​យ៉ាងណាក្តី លោក បាន​បញ្ជាក់ដែរថា បច្ចុប្បន្ន​អ្វីដែល​ប្រជាពលរដ្ឋ​កំពុង ប្រឈម​នោះ គឺ​ការ​ធ្វើស្រែ​ដោយនៅ​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង​នៅឡើយ ហើយ​បើ​ភ្លៀង​ពុំ​គ្រប់គ្រាន់​ទេ ទិន្នផល​ស្រូវ​របស់​ពួកគាត់​ក៏​ធ្លាក់ចុះ​ដែរ​។​ទោះបី​យ៉ាង ណា​នា​ថ្ងៃ​ខាងមុខនេះ​អាជ្ញាធរខេត្ត​នឹង​រក​វិធី​ដោះស្រាយ​ជូន​បងប្អូន​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​ធ្វើស្រែ​។​

គួរ​បញ្ជាក់ថា​គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​កំពុង​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​ក្រសួងបរិស្ថាន​។ ការបង្កើត​គម្រោង​នេះដែរ គោលបំណង​សំខាន់ ដើម្បី​បង្កើន​ជីវភាព​របស់​ប្រជា​សហគមន៍ នឹង​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​មិនឱ្យ ប្រជា​សហគមន៍​រុករាន​ចូលក្នុង​តំបន់ការពារធម្មជាតិ​ឡើយ​៕​/PC