យូរ៉ូ ២០២០ ៖ បែលហ្ស៊ិក និង ដា​ណឺ​ម៉ាក រំពឹង​ឈ្នះ​បើកឆាក​ពូ​ល B

294

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ការប្រកួត​យូរ៉ូ​វគ្គ​ជម្រុះ​តាម​ពូ​ល​ចំនួន​៣​គូ គឺ​ក្នុង​ពូ​ល A និង B ហើយ​ថ្ងៃអាទិត្យ​ស្អែក​ក៏​មាន​ការប្រកួត​៣​គូ​ផងដែរ​ក្នុង​ពូ​ល C និង D​។ យើង​នឹង​លើកយក​៣​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

១. ពូ​ល A

– វែល vs ស្វីស​

​វែល​ត្រូវ​ជួប​ស្វ៊ី​ស​ក្នុង​ការប្រកួត​ពូ​ល A នៅ​យូរ៉ូ ២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ទីក្រុង​បា​គូ ប្រទេស​អា​ហ្សែ​បៃ​ហ្សង់​។​

​ធ្លាប់​បង្ហាញមុខ​ម្តង​ក្នុង​អឺរ៉ូ ២០១៦ វែលបា​ន​បង្ក​ការផ្អើលដោយឡើ​ង​ដល់វ​គ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​ត្រូវ​ចាញ់​ព័រ​ទុយ​ហ្គាល់​។ បន្ទាប់មក​ពួកគេ​លេង​ឡើង​ចុះៗ​មិន​ទៀង ដោយ​ខកខាន​ចូលរួម​វើល​ខា​ប់​២០១៨ មុន​ពេល​ហ្គា​រ៉េត ប៊ែល​និងមិត្តរួម​ក្រុម​ជួយ​វែលត្រឡប់​មក​យូរ៉ូ​ឆ្នាំ​នេះ​វិញ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុងការ​ជម្រុះ​តាម​ពូ​ល​នៅ​ពីក្រោយ​ក្រូ​អាស៊ី​កាលពី​ឆ្នាំ ២០១៩ ។​

​ដោយឡែក​ស្វីស​លេង​បាន​យ៉ាង​ល្អ​ក្នុងការ​ជម្រុះ​តាម​ពូ​ល ដោយ​ឈរ​លើ​ទី​កំពូល​នាំ​មុខដា​ណឺ​ម៉ាក​។ នេះ​គឺជា​ការ​បង្ហាញខ្លួន​ជា​លើក​ទី ៥ របស់​ពួកគេ​នៅក្នុង​ការប្រកួត​យូរ៉ូ ហើយ​ពួកគេ​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​បាន​ម្តង​ដែរ​គឺ​ឆ្នាំ ២០១៦ ដែល​ទីបំផុត​ត្រូវ​ចាញ់​ព័រ​ទុយ​ហ្គាល់​ដោយ​បាល់​ប៉េណាល់​ទី​។ ពួកគេ​ក៏​បាន​ឈាន​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​វើល​ខា​ប់​២០១៨​ដែរ តែ​ចាញ់​ស៊ុយអែត​។​

– ទម្រង់​លេង

​វែលមា​ន​ទម្រង់​លេងល្អ​គួរស​មមុន​នឹង​ចូល​មក​ការប្រកួតប្រជែង​នេះ​។ ឆ្នាំ ២០២០ ពិតជា​ពិសេស​សម្រាប់វែល ដោយ​ពួកគេ​ឈ្នះ ៥ ស្មើ ២ និង​ចាញ់ ១ គឺ​ចាញ់​អង់គ្លេស​។​

​ឆ្នាំ ២០២១ មិន​បាន​ចាប់ផ្តើម​ល្អ​ទេ ព្រោះ​ពួកគេ​បាន​ចាញ់​បែលហ្ស៊ិក ៣-១ តែ​ទោះ​យ៉ាងណា ពួកគេ​បាន​ឆ្លើយតប​វិញ​យ៉ាង​រហ័ស ដោយ​ឈ្នះ​២​ប្រកួត​ជាប់​គ្នាទ​ល់នឹង​ម៉ិក​ស៊ិ​កនិង​សាធារណរដ្ឋ​ឆែក​។​

​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​យូរ៉ូ​ឆ្នាំ ២០២០ គឺជា​រឿង​មិនគួរ​ចងចាំ​ទេ​សម្រាប់​គ្រូបង្វឹក​លោក រ៉ប់ ផេ​ក និង​កូន​ក្រុម​របស់​គាត់ ខណៈ​ក្រុម​ជម្រើសជាតិ​វែល​រក​មិន​បាន​សូម្បី​មួយ​គ្រាប់​ក្នុងជំនួប​មិត្តភាព​ពីរ​ប្រកួត គឺ ចាញ់ បារាំង ៣-០ និង​ស្មើ​អាល់​បា​នី ០-០​។​

​សរុប​មក​វែល​នៅ​តែ​មិនចាញ់​ទល់នឹង​ក្រុម​ដែល​ឈរ​នៅ​ក្រៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង ៥ ក្នុង​តារាង​ចំណាត់ថ្នាក់​របស់​ហ្វី​ហ្វា​ចាប់តាំងពី​ឆ្នាំ ២០២០​។ ដូច​ដែល​អ្នក​បាន​ឃើញ​ចឹង មានតែ​បារាំង​អង់គ្លេស​និង​បែលហ្ស៊ិក​ប៉ុណ្ណោះ​ដែល​ឈ្នះ​លើ​ពួកគេ​ក្នុង​ការប្រកួត ១៣ លើកចុងក្រោយ​។​

​ទន្ទឹមនឹងនេះ ស្វីស​បានឈ្នះ ៦ លើកចុងក្រោយ​ថ្មីៗ​នេះ គឺ ២-១ ទល់​នឹង​សហរដ្ឋ​អាម៉េរិក និង ៧-០ ទល់​នឹង​លិច​ថែ​ន​ស្តា​ញ​។ ទោះយ៉ាងណា គ្មាន​ក្រុម​ណាមួយ​ក្នុងចំណោម​ពួកគេ​ជា​គូប្រជែង​ខ្លាំង​នោះ​ទេ លើកលែង​តែ​ជ័យជម្នះ ៣-០ ទល់​នឹង​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ ២០២០ ។​

​ចាប់តាំងពី​បាន​ជាប់​មក​លេង​អឺរ៉ូ​កាលពី​ឆ្នាំ ២០១៩ មក ស្វីស​មិន​ដែល​ឈ្នះ​សោះ​ក្នុង ៧ ប្រកួត​ក្នុង​ឆ្នាំ ២០២០​។ ប៉ុន្តែ​ពួកគេ​បែរ​ជា​ទប់​ជាប់​អាល្លឺម៉ង់​២​ដង​និង​ទប់​ជាប់​អេ​ស្ប៉ាញ​បាន​ម្តង ដែល​នេះ​អាច​បញ្ជាក់​ថា ពួកគេ​សម្ងំ​លាក់​ក្រចក​មិន​ឱ្យ​គូប្រជែង​ឃើញ​។​

– ព្យាករណ៍​

​ស្វីស​ជា​ក្រុម​រំពឹង​ឈ្នះ​ក្នុង​ក្រសែភ្នែក​ទស្សនិកជន​ភាគច្រើន ហើយ​លទ្ធផល ១-០ អាច​នឹង​កើតឡើង​ច្រើន​សម្រាប់​ពួកគេ​។ រឿង​នេះ​អាច​កើត​ឡើង​បាន ទាល់តែ​ក្រុម​ទាំង​ពីរ​សម្រេចចិត្ត​ចត​ឡានក្រុង​បិទមុខ​ទី ៩០ នាទី​ពេញ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ក្រុម​ទាំង​ពីរ​មិនចេះ​លេង​បាល់​របៀប​នេះ​ទេ​។​

​ដោយវែល​លេងល្អ​ទល់​នឹង​ក្រុម​ក្រៅ​ចំណាត់ថ្នាក់​កំពូល​ទាំង​៥​ក្នុង​ហ្វី​ហ្វា ហើយ​ស្វីស​លេងល្អ​តែ​ជាមួយ​ក្រុមខ្លាំង យើង​ព្យាករណ៍​ថា​ពួកគេ​អាច​ស្មើគ្នា ១-១​។

២. ពូ​ល B

– ដា​ណឺ​ម៉ាក vs ហ្វាំង​ឡ​ង់​

​ដោយសារ​បែលហ្ស៊ិក​ស្ថិត​ក្នុង​ពូ​ល​តែមួយ វា​ជា​រឿង​សំខាន់​ណាស់​ដែល​ដា​ណឺ​ម៉ាក​ត្រូវទាញ​ផលចំណេ​ញ​ពី​ការប្រកួត​រវាង​ពួកគេ​និង​ក្រុម​គីឡូ​មធ្យម ហ្វាំង​ឡ​ង់​។ ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន Parken Stadium ក្នុង​ទីក្រុង​កូ​ប៉ិន​ហាក​របស់​ដា​ណឺ​ម៉ាក​។ ដោយ​ពិចារណា​លើ​ទម្រង់​ដ៏​ល្អ​របស់​ដា​ណឺ​ម៉ាកក៏​ដូចជា​ប្រវត្តិ​ជួប​គ្នា​ល្អ​ជាង​ក្រុម​ភ្ញៀវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ យើង​រំពឹង​ដា​ណឺ​ម៉ាក​ធ្វើ​បាន​ល្អ​នៅ​យូរ៉ូ​ឆ្នាំនេះ​។​

– ទម្រង់​លេង​

​ដា​ណឺម៉ា​កលេងបាន​យ៉ាង​ល្អ​អស្ចារ្យ​ជាច្រើន​ប្រកួត​ជាប់ៗ​គ្នា ហើយ​ជាពិសេស​លេង​នៅ​ទឹកដី​ខ្លួន​ឯង ពួកគេ​អាច​ស៊ុត​បញ្ចូល​ទី​តាម​អំពើ​ចិត្ត​។ លើសពីនេះទៅទៀត​នៅក្នុង​ការប្រកួត​ជម្រុះ​តាម​ពូ​ល ពួក​គេ​លេង​មិន​ដែល​ចាញ់​នោះឡើយ​។ មាន​តែ​ក្រុម​ចំនួន ៥ ប៉ុណ្ណោះ​នៅ​ទ្វីប​អឺរ៉ុប​ដែល​លេង​មិន​ចាញ់​សោះ​ក្នុងការ​ជម្រុះ​ក្នុង​ពូ​ល​។​

​ហ្វាំង​ឡង់​កំពុង​លេង​មិន​ដែល​ឈ្នះ​សោះ​ទោះ​ប៉ះ​ក្រុម​ណាក៏ដោយ​។ ជា​ការពិត ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ចុងក្រោយ​បំផុត​គឺ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០២០ ហើយ​បញ្ហា​លេង​អន់​នៅ​ក្រៅ​ទឹកដី​របស់​ពួកគេ​បាន​ចាប់តាំងពី​ឆ្នាំ ២០១៩ ។​

– ព្យាករណ៍

​ដា​ណឺម៉ា​កលេង ៥ ប្រកួត​ចុងក្រោយ​មិន​ដែល​ចាញ់ គឺ​ឈ្នះ ៤ ស្មើ​១​។ មុននេះ ១១ ប្រកួត​ក៏​ពួកគេ​មិន​ដែល​ចាញ់​ដែរ គឺ​ឈ្នះ ៩ ស្មើ ២ ហើយ​អំឡុងពេល​៥​ឆ្នាំ​មកនេះ ពួកគេ​ចាញ់​តែ ៥ ដង​ប៉ុណ្ណោះ​។​

​និយាយ​ជាក់ស្តែង​ទៅ ដា​ណឺ​ម៉ាកក៏​មិន​ដែល​ចាញ់​ក្នុងវើ​លខាប់​២០១៨​ដែរ ដោយ​ចាញ់​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ក្រោម​ថ្វី​ដៃក្រូ​អាស៊ី​ដោយ​បាល់​ប៉េណាល់​ប៉ុណ្ណោះ​។​

​ចំណែក​ហ្វាំង​ឡង់​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា​ក្នុង ៦ ប្រកួត​ចុងក្រោយ ហើយ​របូត​គ្រាប់​បាល់​ជា​មធ្យម ២ ទៅ ៣ គ្រាប់​។ អ្វី​ដែល​សំខាន់ ពួកគេ​មាន​ប្រវត្តិ​អន់​ជាមួយ​ដា​ណឺ​ម៉ាក​។

​ដោយ​ពិចារណា​លើ​ការសង្កេត​ទាំងអស់នេះ យើង​រំពឹង​ដា​ណឺ​ម៉ាក​ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-១ ឬ ២-០​។​

– រុស្ស៊ី vs បែលហ្ស៊ិក

​បែលហ្ស៊ិក ដែល​ឈរ​នៅ​លេខ​១​ក្នុង​តារាង​ចំណាត់​ថ្នាក់​ហ្វី​ហ្វា នឹង​ត្រូវ​ចាត់ទុកជា​ក្រុម​បរាជ័យ បើ​មិន​បាន​ឈ្នះ​ពាន​អ្វីមួយ​ទេនោះ​។ ពួកគេ​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ឈរលើ​កំពូល​តារាង​ពូ​ល B ហើយ​ពួកគេ​នឹង​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​នេះ​ជាមួយ​ការ​ប្រឹង​យកឈ្នះ​ម្ចាស់ផ្ទះ​រុស្ស៊ី​នៅថ្ងៃនេះ​។ ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន Gazprom Arena ក្នុង​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក​។​

– ទម្រង់​លេង​

​មាន​ហេតុផល​មួយ ដែល​កូនក្រុម​របស់​លោក​រ៉ូបឺតូ ម៉ា​ទីណេស ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅលើ​ពិភពលោក​។ ពួក​គេ​លេង​ខ្លាំង​ដូច​ទឹកបាក់​ទំនប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផុយៗ ទោះ​ប៉ះ​ក្រុម​ណាក៏ដោយ​។​

​ចំណែក​រុស្ស៊ី​លេង​មិន​បាន​ល្អ​ទេ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ ពួកគេ​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​លេង​ឱ្យ​ល្អ​ដូច​នៅវើ​លខាប់​២០១៨ តែ​បរាជ័យ​។​

– ព្យាករណ៍​

​បែលហ្ស៊ិក​មិន​ស្គាល់​ចាញ់​សោះ​ក្នុង ៤៧ លើក​ក្នុងចំណោម ៥០ ប្រកួត​ចុងក្រោយ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៧​។ ការ​ចាញ់ ២ ដង​ក្នុង​ចំណោម​បរាជ័យ​ទាំង ៣ គឺ​ទល់នឹង​ក្រុម​បារាំង​និង​អង់គ្លេស ដែល​ជា​ក្រុម​យក្ស​ក្នុង​ពិភព​បាល់ទាត់​។​

​ហើយ​គិត​ត្រឹម ១២ ប្រកួត​ចុងក្រោយ បែលហ្ស៊ិក​ឈ្នះ​រហូត និង​ស៊ុត​ចូល​ដល់​ទៅ ៤៧ គ្រាប់​។​

​ចំណែក​រុស្ស៊ី ១១ លើកចុងក្រោយ ចាញ់​៨ និង​ឈ្នះ ៣ តែ​ឈ្នះ​ក្រុម​អន់ៗ​ប៉ុណ្ណោះ​។ អ្វី​ដែល​គួរឱ្យ​បារម្ភ​សម្រាប់​រុស្ស៊ី គឺ​ពួកគេ​មាន​ប្រវត្តិ​អន់​ជាមួយ​បែលហ្ស៊ិក​។

​លទ្ធផល​ព្យាករណ៍ បែលហ្ស៊ិក​ឈ្នះ ២-១ ឬ ២-០៕

បែលហ្ស៊ិក​រំពឹង​ឈ្នះ​រុស្ស៊ី​នៅ​ថ្ងៃ​បើកឆាក​ពូ​ល B