អង្គការ​ទស្សនៈ​ពិភពលោក​៖ កុមារ​ជាច្រើន មិនមាន​លទ្ធភាព​បន្ត​សិក្សា​ពី​ចំងាយ​ដោយសារតែ​ការខ្វះខាត​សម្ភារៈ​សិក្សា និង​មិនមាន​អ៊ិន​ធឺ​ណិ​ត​ប្រើប្រាស់​

188

ដោយ​: សុផល​/​ភ្នំពេញ​: លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​នា​ចុងខែ​មីនា​និង​ដើម​ខែមេសា​កន្លងមកនេះ បាន​បង្ហាញថា​កុមារ​ជាង​៣០​ភាគរយ មិនមាន​លទ្ធភាព​បន្ត​សិក្សា​ពី​ចំងាយ​ដោយសារតែ​ការខ្វះខាត​សម្ភារៈ​សិក្សា ៣៦​ភាគរយ​,​មិនមាន​អ៊ិន​ធឺ​ណិ​ត​ប្រើប្រាស់​៥៩​ភាគរយ និង​មិនមាន​ឧបករណ៍​អេឡិចត្រូនិក​៣៩​ភាគរយ​។ កុមារ​ភាគច្រើន​ប្រហែល​៧៣​ភាគរយ អាច​បន្ត​សិក្សា​កំពុង​ប្រើប្រាស់​សៀវភៅពុម្ព​និង​ក្រដាស​កិច្ចការ​ពីសា​លា​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​អង្គការ​ទស្សនៈ​ពិភពលោក​នា​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២១ បានទទួល​បានការ​ឧបត្ថម្ភ​ជា​សៀវភៅ​ជិត​២០០០​ពាន់​ក្បាល​ពី​សប្បុរសជន​ដែល​សៀវភៅ​ទាំងនោះ​ត្រូវ​ចែក​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក ម៉េង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន​ម៉ូ​នូ​មែន​ប៊ុ​ក (MonumentBooksStore) បាន​ឧបត្ថម្ភ​ជា​សៀវភៅ​ភាសា​អង់គ្លេស​សម្រាប់​កុមារ​កម្រិត​បឋមសិក្សា​ចំនួន​១៨០០​ក្បាល ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​១០៨០០​ដុល្លា​។

​អង្គការ​ទស្សនៈ​ពិភពលោក​យល់ថា​ការឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​រួមមាន​សៀវភៅ​សម្រាប់​អាន​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​អំឡុង​ពេលដែល​សាលារៀន​របស់​ពួកគេ​ត្រូវបាន​បិទ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ជាការ​ឆ្លើយតប​ដ៏​សមស្រប​។​

​អគ្គនាយក​ក្រុមហ៊ុន​ម៉ូ​នូ​មែន​ប៊ុ​កលោក​ម៉េង​ហៀ​ង​បាន​ថ្លែងថា​ការឧបត្ថម្ភ​ជា​សៀវភៅ​សម្រាប់​អាន​ដល់​កុមារ​នៅ​សហគមន៍​ក្រីក្រ​តាមរយៈ​អង្គការ​ទស្សនៈ​ពិភពលោក​នាពេលនេះ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការសិក្សា​ពី​ចំងាយ​របស់​ពួកគេ​។​លោក បាន​លើកឡើងថា​៖«​ពិសេស​ជាងនេះទៅទៀត ការផ្តល់​ជា​សម្ភារៈ​សិក្សា ឬ សៀវភៅ​រឿង​ផ្សេងៗ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ​ក្នុង​បន្ត​ការអាន ដើម្បី​ទទួលបាន​ចំណេះដឹង​បន្តទៀត ហើយ​នេះ​ក៏​អាចជា​កត្តា​ជំ​រុញឱ្យ​ឪពុកម្តាយ​ចូល​កាន់តែ​សកម្ម​ក្នុងការ​គាំទ្រ ការសិក្សា​របស់​កុមារ​នៅផ្ទះ​ផងដែរ​»​។​

​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​ផ្នែក​អប់រំ និង អំ​ណាន នៃ​អង្គការ​ទស្សនៈ​ពិភពលោក ព្រំ រិទ្ធី ជឿជាក់ថា​ការឧបត្ថម្ភ​នេះ​នឹង​ជួយ​បន្ថែមទៀត​ដល់​កុមារ​ដែល​ខ្វះខាត ឬ​មិនមាន​សម្ភារៈ​គ្រប់គ្រាន់ សម្រាប់​ការសិក្សា នៅពេល​ពួកគេ​មិនបាន​បន្ត​រៀន​តាម​អន​ឡាញ​នៅផ្ទះ​។​

​លោក ព្រំ រិទ្ធី បាន​ថ្លែងថា​៖«​ការផ្តល់​ជា​សម្ភារៈ​សិក្សា ឬ សៀវភៅ​រឿង​ផ្សេងៗ ពិតជា​មាន សារៈសំខាន់​ណាស់​សម្រាប់​កុមារ​ក្នុង​បាន​អត្ថប្រយោជន៍​ពី​ការអាន ដើម្បី​ទទួលបាន​ចំណេះដឹង​បន្តទៀត សម្រាប់​ពេលខាងមុខ​ដែល​សាលា​នឹង​បើក​ឡើងវិញ និង​ជួយ​ការសិក្សា​របស់​កុមារ​នៅផ្ទះ ក៏​ជួយ​កាត់បន្ថយ​ផងដែរ​នៅ​ភាព​តប់ប្រមល់​របស់​កុមារ​»​។​

​បើតាម​លោក ព្រំ រិទ្ធី សៀវភៅ​ភាសា​អង់គ្លេស​សម្រាប់​កុមារ​កម្រិត​បឋមសិក្សា​ទាំង​១៨០០​ក្បាល​ដែលជា​ការឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន​ម៉ូ​នូ​មែន​ប៊ុ​ក នឹង​ចែក​ទៅ​កុមារ​ប្រមាណ​៥៤០០​នាក់​ដែល​កំពុង​រស់នៅក្នុង​សហគមន៍​ក្រីក្រ​ចំនូ​ន​១០​នៅ​រាជធានី​ភ្នំពេញ​៕​