ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩​បានទទួល​មេដាយ​សហ​មេត្រី​ថ្នាក់​ធិបឌិន​ពី​កម្ពុជា​

122

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោក​Ai Xiang និង ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ផ្សេងទៀត​សរុប​៧​រូប​ដែល​អញ្ជើញ​មក ពី​តំបន់​ស្វយ័ត គ័​រ​ស៊ី​(Guangxi)​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​ទប់ស្កាត់​លើ ជំងឺ​វីរុស​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បានទទួល​នូវ​មេដាយ​សហ​មេត្រី​ថ្នាក់​ធិបឌិន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែមិថុនា​នេះ​បាន​បង្ហាញថា​កាលពី​ថ្ងៃទី​១១ ខែមិថុនា លោកស្រី ខែ​ក កែ​មាលី ស៊ី​សូ​ដា​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តំណាងឱ្យ រាជរដ្ឋាភិបាល​កម្ពុជា​បំពាក់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ជូន​ដល់​លោក​AiXiang​និង​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ផ្សេងទៀត​សរុប​៧​រូប​ដែល​អញ្ជើញ​មកពី​តំបន់​ស្វយ័ត​Guangxi​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​ទប់ស្កាត់​លើ​ជំងឺ វីរុស​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា​។​ពិធី​នេះ​បានរៀបចំ​ឡើង​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​។​

​ប្រភព​ដដែល​បន្តថា​ក្នុង​សុន្ទរកថា​របស់លោក​ស្រី​រាជទូត​កម្ពុជា​បាន​លើកឡើងថា​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ វីរុស​កូ​វីដ​-១៩​មក រដ្ឋាភិបាល​និង​ប្រជាជន​ចិន​តែង​បោះជំហាន​ឆ្ពោះទៅមុខ​ឥតឈប់ឈរ​អ្នកជំនាញ​ជាច្រើន​បានផ្តល់​ជា​យោបល់​ណែនាំ​ក៏ដូចជា​ជំនួយ​ជា​សម្ភារ​ជូន​ដល់​ភាគី​កម្ពុជា​ជាច្រើន​។ ប្រទេស​ចិន​បានចាត់ទុក​កម្ពុជា​ជា​ទិសដៅ​អាទិភាព នៃ​ជំនួយ​វ៉ាក់សាំង​កូ​វីដ ភាគី​កម្ពុជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​។
​លោក​ស្រូប​ញ្ជា​ក់ថា​ចំពោះ​មេដាយ​ដែល​បាន​បំពាក់​ជូន​នាពេលនេះ​ក្នុង​បំណង​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​និង​រួម ចំណែក​យ៉ាង​លេចធ្លោ​របស់​ពួកគាត់​ក្នុង​ការជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​លើ​ជំងឺ​វីរុស​។​កម្ពុជា​និង​ចិន​បន្ត​ជួយ​គ្នា​ទៅវិញទៅមក ហើយ​ប្រជាជន​កម្ពុជា​នឹង​បន្ត​ឈរ​ជាមួយ​ប្រជាជន​ចិន​ជានិច្ច​។​

​គួរ​បញ្ជាក់ថា​កាលពី​ខែមីនា​ឆ្នាំ​២០២០​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ខាងលើ​ដែល​អញ្ជើញ​មកពី​តំបន់​ស្វយ័ត​Guangxi​ចំនួន​៧​រូប​ទទួលបាន​ភារកិច្ច​ជាបន្ទាន់​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ពាំនាំ​ជាមួយ​អំណោយ​ជា​សម្ភារ​ទប់ស្កាត់​ជំងឺ​វីរុស​ដែលមាន​តម្លៃ​សរុប​ជាង​៤​លាន​យ័ន​ដែលជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​។​ពួកគេ​គឺជា​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែល​ភាគី​ចិន​បាន​ចាត់​បញ្ជូន​ទៅកាន់​ក្រៅប្រទេស​មុនគេ​បង្អស់​៕​សរន