កម្មករសំណង់​ម្នាក់ បាន​ស្លាប់ ក្រោយពី​វាយ​ជញ្ជាំង​បេតុង ហើយ​បាក់​សង្កត់ ក្នុង​បុរី​ជីបម៉ុង​

154

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ជា​កម្មករសំណង់​ម្នាក់ បាន​ស្លាប់ ដោយសារ គាត់ បាន​វាយ​ជញ្ជាំង ជួសជុលផ្ទះ បាក់​រលំ​សង្កត់ ក្នុង​បុរី​ជីបម៉ុង កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច បានឱ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ សឿង មករា អាយុ​៣៤​ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្នល់កែង ឃុំ​ពង្រ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។​

​តាម​សម្តី​បុរស​ម្នាក់ ឈ្មោះ ចិ​ត្រា អាយុ​២៩​ឆ្នាំ ដែល​ធ្វើការ​ជា​កម្មករ​ជាមួយគ្នា បាន​និយាយថាៈ ពេល​មាន​គ្រោះថ្នាក់​ភ្លាមៗ មេការ​សំណង់ បាន​ដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដែរ តែ​គ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់ ទៅហើយ រួច​ក៏​ដឹក​សព តាម​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស ទៅ​តម្កល់ទុក​នៅ​វត្ត ព្រែកលៀប ។​

​ប្រភព​បាន​បន្តថាៈ សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ធ្វើបុណ្យ នៅ​វត្ត​នេះ​ទេ​ដោយ​ឲ្យ ដឹក​សព ទៅ​កន្លែងកើតហេតុ​វិញ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ឱ្យបាន​ត្រឹមត្រូវ និង​ធ្វើតេស្ត​រក មេរោគ​កូ​វីដ​-១៩ សិន ទើប​ធ្វើបុណ្យ​នៅ​វត្ត​បាន​៕/V​-PC