ប៉េអឹម បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន ជិត ១​គីឡូ​កន្លះ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ គ្រឿងញៀន​

155

ដោយៈ គ្រញូង / បាត់ដំបងៈ កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំរៀង កាលពី​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ​ថ្នាំញៀន យ៉ាងសកម្ម ១​នាក់ ព្រមទាំង​ដកហូត វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់ ទម្ងន់ ១.៣៧១,២៧ ក្រាម នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បញ្ជូន បន្ត ទៅ​តុលាការខេត្ត នៅ​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ត្រី មុយ សា​លិ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​កំរៀង បានឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ យឿន ជឿន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង ដែល​ដកហូត​បាន រួមមាន គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៦​កញ្ចប់ ទម្ងន់ ១.៣៧១,២៧ ក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង ញៀន​១ , កែវ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​១, ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក វី​វ៉ូ ពណ៌​ក្រហម និង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ។​

​លោក មុយ សា​លិ​ត បានបញ្ជាក់​ថាៈ ក្រោយ​ជនសង្ស័យ សារភាព​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កង​រាជ​អាវុធ​ហ្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​ក​ម្លាំ​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ថ្នាំញៀន ១ គីឡូ​កន្លះ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕/V-PC