​បញ្ចប់​ការដាក់​ពាក្យៈ មាន​បេក្ខជន ២​រូប ដែល​បានដាក់​ពាក្យ ឈរឈ្មោះ ជា​បេក្ខភាព ប្រធាន គ​.​ជ​.​ប​

191

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ការទទួល​ពាក្យ​បេក្ខជន ឈរឈ្មោះ ជា​បេក្ខភាព ប្រធាន​គណៈ​ក​ម្មា ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ គឺ​បានបញ្ចប់​ហើយ ដោយមាន​បេក្ខជន ចំនួន​ត្រឹមតែ ៤ រូប​តែប៉ុណ្ណោះ ដោយ​ក្នុងចំណោម បេក្ខជន​ទាំង ៤​រូប គឺមាន​បេក្ខជន តែ ២ រូប​ប៉ុណ្ណោះ ដែល​បាន​បំពេញ បែបបទ យកមក​ដាក់ នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។​

​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ​ថាៈ រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​បេក្ខជន ចំនួន ៤​រូប បានមក​យកពាក្យ ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ទៅ​បំពេញបែបបទ ដើម្បី​ឈរឈ្មោះ ជា​បេក្ខភាព ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​ក្នុងចំណោម​បេក្ខជន ចំនួន ៤​រូប គឺ​មានតែ​បេក្ខជន ចំនួន ២​រូប ដែលមាន​សំណុំបែបបទ គ្រប់គ្រាន់ ហើយ​បេក្ខជន ចំនួន ២​រូប​ទៀត គឺ​មិនបាន​ដាក់ពាក្យ​ទេ​។​

​អ្នកនាំពាក្យ​រដ្ឋសភា បាន​បន្តថាៈ គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏ នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ សប្តាហ៍​ក្រោយនេះ ដើម្បី​ពិនិត្យ​ជ្រើសរើស​បេក្ខភាព ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថា តើ​ត្រឹមត្រូវ​តាមច្បាប់ ឬក៏​អត់​? នៅពេល​ពិនិត្យ​មើលថា ត្រឹមត្រូវ​តាមច្បាប់​ហើយ ទើប​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏ នៃ​រដ្ឋសភា ទៅ​សម្របសម្រួល សុំ​ឲ្យ​គណបក្ស ដែល​បានស្នើ សុំ​តែងតាំង​លោក ស៊ិ​ក ប៊ុន​ហុក ជា​ប្រធាន គ​.​ជ​.​ប ពីមុនមក ដើម្បី​ឲ្យ​ធ្វើការ​ជ្រើសរើស បេក្ខជន​ទាំងពីរ​រូប ប៉ុន្តែ​ជ្រើសរើស​យកតែ បេក្ខជន​មួយរូប​ទេ​។​

​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​ពិនិត្យ​រួចហើយ គឺ​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​ជាមួយ​ខាង គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្រេច​ជ្រើសរើស យក​បេក្ខជន ១​រូប ក្នុងចំណោម ២​រូប ដែល​បានដាក់​ពាក្យ ឈរឈ្មោះ​ជា​បេក្ខភាព ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​។​

លោក ឡេង ប៉េងឡុងអគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា (រូបថតៈ ឯកសារ)

​សូមជម្រាបថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​៤ ខែមិថុនា បានអនុម័ត​យល់ព្រម លើ​សំណើ​លាឈប់​ពី តួនាទី និង​តំណែង ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត របស់លោក ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​យល់ព្រម នូវ​សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី នៃ​ការជ្រើស​រើស​បេក្ខជន ប្រធាន គ​.​ជ​.​ប និង​ប្រគល់​ភារកិច្ច ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តីជូនដំណឹង ជ្រើស​រើស​បេក្ខជន ជា​ប្រធាន គ​.​ជ​.​ប ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក​។ ការអនុម័ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា បានធ្វើ​ឡើង បន្ទាប់ពី​លោក​លោក ស៊ិ​ក ប៊ុន​ហុក បានដាក់​ពាក្យសុំ​លាលែង​ទៅ​រដ្ឋសភា កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថាៈ ការសុំ​លាឈប់​ពី​ប្រធាន គ​.​ជ​.​ប របស់លោក គឺ​ដោយសារតែ​លោក មាន​វ័យចាស់ និង​មាន​បញ្ហា​សុខភាព និង​មិនអាច​រ៉ាប់រង​បាន នូវ​ការងារ​ដ៏​ធ្ងន់ នៃ​ការបោះឆ្នោត​។ ហេតុនេះ ទុក​ឲ្យ​អ្នក​ដែល​ពេញកម្លាំង គេ​ធ្វើ​ការងារ​នេះ ជំនួស​វិញ​។​

​ប្រធាន គ​.​ជ​.​ប បានបញ្ជាក់​ថាៈ ដោយសារ​យើង​វ័យចាស់ និង​មាន​បញ្ហា​សុខភាព​ខ្លះ ហើយ​ទំហំ​ការងារ វា​ធំ និង​ស្មុគស្មាញ​ខ្លាំង​។ ហើយ​បើ​សុខភាព​យើង មិនអាច​ធានា យើង​ស្គាល់​ខ្លួន​យើង បាន​សុំលាលែង​ពី​ប្រធាន គ​.​ជ​.​ប ៕/V​