បុរស​ខ្មែរ​ដំបូង​ស្លាប់​ដោយ​កូ​វីដ​១៩​នៅក្នុង​ខេត្តមណ្ឌលគិរី​

173

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ទឹកដី នៃ​ខេត្តមណ្ឌលគិរី កំឡុងពេល​សភាព​ការ​នៃ​កា​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​នេះ មាន​ភាពស្ងប់ស្ងាត់​ជាងគេ បើ​ធៀប​និង​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​ក្នុងប្រទេស ខណៈ​មាន​ករណី​បុរស​ជនជាតិខ្មែរ​ម្នាក់ បាន​ស្លាប់​និង​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​១៩​ផង​នោះ​។​

​កាលពី​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​មណ្ឌលគិរី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា កាលពី​ថ្ងៃទី​១១​ខែមិថុនា វេលា​ម៉ោង ១៩.៤៥​នាទី មាន​បុរស​ជនជាតិខ្មែរ​ឈ្មោះ​ជឿន​ចិត្រ អាយុ​៤៣ ឆ្នាំមាន​មុខរបរ​ជាក​សិ​ករ រស់នៅ​ភូមិ​ជ្រៃ​សែន​សង្កាត់​មនោ​រម្យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើការ​ព្យាបាល​។​

​ស្ថានភាព​របស់​អ្នកជំងឺ មុន​ចូល​មកដល់​មន្ទីរពេទ្យ​ខេត្ត គឺមាន​អា​ការៈមិន​ដឹងខ្លួន​អ្វី​ទាំងអស់ ហើយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត បានរៀបចំ​ធ្វើការ​សង្គ្រោះបន្ទាន់ តាម​លក្ខណៈ​បច្ចេកទេស​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ករណី​អ្នកជំងឺ​ខាងលើ​។ ប៉ុន្តែ​បន្ទាប់ពី​ពិនិត្យឃើញថា អ្នកជំងឺ​បាន​ស្លាប់បាត់​បង់ជីវិត​នៅមុន​ពេល មកដល់​មន្ទីរពេទ្យ​ទៅហើយ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​ក្រុមគ្រូពេទ្យ ឈ្មោះ ជន ចិត្រ អាយុ​៤៣​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារ​មាន​ជំងឺលើសឈាម​, ទឹកនោមផ្អែម​ដែលជា​ជំងឺ​ប្រចាំកាយ រួមបញ្ចូល​ទាំង​ការធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ នៅក្នុង​ខ្លួន​។​

​បន្ថែម​ក្នុងករណី​កូ​វីដ​នេះ នៅ​ថ្ងៃ​១១​ខែមិថុនា​ឆ្នាំ ២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី ដែល​ប្រចាំការ​នៅ​ចំណុច​ភូមិ​ឆ្នែង​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី និង​ក្រចេះ បាន​រកឃើញ​អ្នកដំណើរ ដែលមាន​ករណី​សង្ស័យ​វិជ្ជមាន​ចំនួន​៤​នាក់ ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ជា​លទ្ធផល​មាន​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១​នាក់ ឈ្មោះ ហន ឆាត ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​មុខរបរ​ជា​ជំនួយការ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទីទុយ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។

បុគ្គល​ខាងលើនេះ បានធ្វើ​ដំណើរ​មកពី​រាជធានី​ភ្នំពេញ​ក្នុង​គោលដៅ​ចូលមកក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ដឹក​សម្ភារៈ​នៅ​តំបន់​អូរ​ខ្វាវ ក្នុង​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា តាមផ្លូវ​ធ្វើដំណើរ បាន​ឈប់​ចូល​ហូបបាយ​នៅ​ម្ដុំ​ភូមិ​ថ្មី ឃុំ​ក្បាល​ត្រាច ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ជិត​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដឈ្នួល រួច​បន្តដំណើរ​មកដល់​ចំណុច​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី និង​ក្រចេះ​នឹងមាន​អ្នករួមដំណើរ​ចំនួន ៣ នាក់​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មណ្ឌល​ច​ត្តា​លី​ស័ក​ទី​២ នៅ​សាលា​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​។

​សូមបញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ នៅ​ខេត្តមណ្ឌលគិរី​បាន​រកឃើញ​និង​វិជ្ជមាន​ចំនួន​៥ នាក់​ស្រី​២​នាក់​ក្នុង​នោះបាន​ជាសះស្បើយ​ចំនួន​៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ម្នាក់​និង​ស្លាប់​ម្នាក់​។​

​រដ្ឋបាលខេត្ត​មណ្ឌលគិរី​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សព​ខាងលើ​សូមមេត្តា​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ covid-១៩ និង​សូម​សាធារណជន​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ ៣ ការពារ ៣​កុំ​របស់​រាជរដ្ឋាភិបាល​និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩​ចូលក្នុង​សហគមន៍​និង​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ផងដែរ​ថា បុរស​ជនជាតិខ្មែរ​ឈ្មោះ​ជឿន​ចិត្រ ត្រូវបាន​ក្រុមគ្រូពេទ្យ បញ្ជូន​ទៅធ្វើ​ការបូជា នៅ​ទីតាំង​បូជាសព នៅ​ភូមិ​ពូ​លុង ខេត្តមណ្ឌលគិរី​៕​