ស្ថាប័ន​AIMF បានជ្រើសរើស​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​

783
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​ក៏បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​AIMF ដែល​បានជ្រើសរើស​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ផ្ទាល់ រវាង​ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សម្រាប់​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​។​
ជាក់ស្ដែង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង​(AIMF)​បានធ្វើ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ព្យ៊ែ បៃ​យ៉េ លេខា​អចិន្ត្រៃយ៍​របស់​(AIMF)​ដែល​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១១​ឧសភា​ឆ្នាំ​២០១៨​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​បាន​ថ្លែងថា​៖​អនុស្សរណៈ​នេះ​ផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​ចំនួន​២​គឺ​ទី​១៖​គំនិត​ផ្តួចផ្តើម​បេតិកភណ្ឌ​ទីក្រុង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចេរភាព​សម្រាប់​ទីក្រុង​អាស៊ីអាគ្នេយ៍​។​ទី​២៖​គំនិត​ផ្តួចផ្តើម​ដើម្បី​សុខភាព និង​អនាម័យ​ល្អ​ក្នុង​ទីក្រុង​ដោយ​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​សម្រាប់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ទាំង​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​១៤៣.៥០០​អ៊ឺ​រ៉ូ​ពី​ភាគី​សមាគម​(AIMF)​។​លោក​អភិបាល​បន្តថា​៖​បច្ចុប្បន្ន​ទោះបី​រាជធានី​ភ្នំពេញ​កំពុងតែ​រីករាយ​ទទួល​នូវ​សមិទ្ធផល និង​ផ្លែផ្កា​លើ​គ្រប់​វិស័យ​ក្រោម​ឆត្រ​សន្តិភាព ដែលជា​គុណបំណាច់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សែន​លំបាក​របស់​រាជរដ្ឋាភិបាល​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​បំពេញបេសកកម្ម​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​គឺ​ប្រែក្លាយ​ទីក្រុង​ដែល​ធ្លាប់តែ​កម្សត់​នេះ ឲ្យ​ទៅជា​រាជធានីរ​មនា​សម្រាប់​ប្រជាជន​គ្រប់លំដាប់​ថ្នាក់​ស្នាក់អាស្រ័យ ជាទី​ក្រុង​ទំនើប​១​ប្រកបដោយ​ផាសុខភាព និង​សុវត្ថិភាព អំណោយផល​សម្រាប់​ការ​រ​ស់​នៅ​ប្រកប​អាជីវកម្ម វិនិយោគ​ដោយ​ការជឿជាក់​។
​សន្និបាទ​AIMF នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​នី​ល ប្រទេស​បារាំង នា​ថ្ងៃទី​៥-៦​ខែវិច្ឆិកា​២០១៨​ខាងមុខនេះ​ដោយ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​លើ​វិស័យ​កីឡា ខណៈដែល​ទីក្រុង​ភ្នំពេញ ជា​សមាជិក​AIMF​នេះ​ផង ហើយ​អភិបាល​រាជធានី​ភ្នំពេញ ក៏​ជា​សមាជិក​អចិន្ត្រៃយ៍ AIMF ដែលមាន​ឥទ្ធិពល​នៅក្នុង​តំបន់​ផងដែរ​នោះ​៕