ប៉ាង ឆេង​៖ កងចល័ត​នៅ​ឃុំ​អង្ក​រស

421


ដោយៈ ភា រស្មី បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​/ភ្នំពេញៈខ្ញុំ​ឈ្មោះ ប៉ាង ឆេង​។ នៅក្នុង​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ខ្ញុំ​ឈ្មោះ ពៅ សា​ខន និង​មានកូន​ចំនួន​៧​នាក់​។ កូន​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​អំឡុងពេល​ប្រពន្ធ​របស់ខ្ញុំ​សម្រាល​នៅ​មន្ទីរពេទ្យ​ស្រះ​តា​អឹម​។

ប៉ាង ឆេង សព្វថ្ងៃ​រស់​ឃុំ​នៅ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។​

​នៅ​ក្នុងសម័យ​សង្គមរាស្ដ្រនិយម គ្រួសា​របស់ខ្ញុំ​មាន​ជីវភាព​ធូ​ធារ​។ គ្រួសារ​របស់ខ្ញុំ​មានផ្ទះ​ក្បឿង​សម្រាប់​រស់នៅ​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀបភ្លឺ ដើម្បី​ទៅ​ដងទឹក​អណ្ដូង​យកមក​ទុក​ប្រើប្រាស់ ប្រសិនបើ​ខ្ញុំ​ចាំ​ដល់​ថ្ងៃ​រះ​ចាំ​ទៅ​ដង​គឺ​មិនមាន​ទឹក​សម្រាប់​ប្រើប្រាស់​ទេ​។ ខ្ញុំ​បាន​ចូលរៀន​ថ្នាក់​កុមារដ្ឋាន​ជាមួយ​ក្មេងៗ​ផ្សេងទៀត​នៅក្នុង​ភូមិ នៅ​វត្ត​សំបួរ​។ គ្រូ​ដំបូង​របស់ខ្ញុំ គឺជា​ព្រះសង្ឃ​គង់​ក្នុង​វត្ត​សំបួរ ដែលមាន​ព្រះនាម វ៉ា សារុន និង គ្រូ​ម្នាក់ទៀត ឈ្មោះ សុផាត​។ គ្រូ សុផាត បាន​ស្លាប់​នៅពេល​ចូល​ធ្វើជា​ទាហាន​ក្នុង​របប លន់ នល់​។ នៅក្នុង​វត្ត​សំបួរ មាន​ថ្នាក់​សិក្សា​តែ​ពីរ​កម្រិត​ប៉ុណ្ណោះ គឺ​ថ្នាក់​ទី​១២ និង​ទី​១១ ។ លុះ​ចូលដល់​ថ្នាក់​ទី​១០ ខ្ញុំ​ប្ដូរ​មក​រៀន​នៅ​សាលាបឋមសិក្សា​អង្គ​រស​។ នៅ​សាលា​អង្គ​រស ខ្ញុំ​ចូលរៀន​ជាមួយ​គ្រូ ឈ្មោះ សន់ រហូត​បានបញ្ចប់​ថ្នាក់​ទី​៩ ទើប​ខ្ញុំ​ឈប់រៀន​។ បន្ទាប់ពី​ឈប់រៀន ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​បួស​ជា​ព្រះសង្ឃ​បាន​រយៈពេល​៦​វស្សា​។

​បន្ទាប់ពី​របប លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ទៅលេង​ឪពុកម្ដាយ​របស់ខ្ញុំ​នៅផ្ទះ ដើម្បី​សួរសុខទុក្ខ​គាត់​ដូច​សព្វមួយដង​។ ពេលមកដល់​ផ្ទះ ខ្ញុំ​ឃើញ​កងទ័ព​វៀត​កុង​សម្រាក​នៅក្រោម​ផ្ទះ​របស់ខ្ញុំ ដើម្បី​ត្រៀម​ទៅ​វាយ​នៅ​សមរភូមិ​គោក​ខ្ចក​។ សភាពការណ៍​នៅក្នុង​ភូមិ​ពេលនោះ មាន​ភាពចលាចល​ណាស់ ព្រោះ​ទាហាន​ធី​វ​គី ធ្វើដំណើរ​កាត់​ភូមិ​ម្ដងៗ​តែងតែ​ចាប់​សត្វ​ឆ្កែ​របស់​ប្រជាជន​យកទៅ​បរិភោគ ហើយ​ថែមទាំង​ចាប់​កូនក្រមុំ​អ្នកភូមិ​យកទៅ​ជាមួយ​។ បងស្រី​ជីដូនមួយ​របស់ខ្ញុំ​ម្នាក់​ត្រូវបាន​ទាហាន​ធី​វ​គី ចាប់​ដាក់​រថក្រោះ​យកទៅ​ជាមួយ​។ គាត់​បាន​លួច​រត់គេចខ្លួន​ត្រឡប់មកផ្ទះ​វិញ​នៅពេល​ទៅដល់​ក្រោលគោ​។ ឃើញ​ស្ថានភាព​ដូច្នេះ ឪពុកម្ដាយ​ណា​ដែលមាន​កូនក្រមុំ តែងតែ​យក​កូន​ទៅ​លាក់ទុក​នៅក្នុង​វត្ត​ដើម្បី​កុំ​ឲ្យ​ជួប​ជាមួយ​ទាហាន​ធី​វ​គី ដែល​ចុះមក​ភូមិ​ម្ដងៗ​។ នៅពេល​ទាហាន​ធី​វ​គី ចូលមក​ក្នុងភូមិ និង​បាន​ជួប​កងទ័ព​វៀត​កុង នឹងធ្វើ​ការវាយប្រហារ​គ្នា​រហូត​ទាល់​តែមាន​អ្នកចាញ់ និង​ឈ្នះ​។ នៅក្នុង​ឆ្នាំ​១៩៧២ ខ្ញុំ​បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ​មក​រស់នៅ​ផ្ទះ​ជាមួយ​ឪពុកម្ដាយ​វិញ​។ រាល់ថ្ងៃ ខ្ញុំ​បាន​ទៅ​ឃ្វាលក្របី​នៅ​ត្រពាំង​ស្រែ​។ ថ្ងៃមួយ​មាន​យន្តហោះ​ខាង​ទាហាន​ធី​វ​គី ដែល​ប្រជាជន​ទូទៅ​ហៅថា «​អា​ជើង​ស្រាំង​» បានឃើញ​ខ្ញុំ​នៅ​វាលស្រែ ក៏បាន​បាញ់​ប​ញ្ឈិ​ត​មក​ខ្លួន​ខ្ញុំ​ប្រហែល​២០ ទៅ​៣០​គ្រាប់​។ ការបាញ់​នេះ​ដើម្បី​ឲ្យ​ដឹងថា​ខ្ញុំ​គឺជា​កងទ័ព ឬក៏​ប្រជាជន ព្រោះ​ពេលនោះ​ខ្ញុំ​កំពុងតែ​ក្រាបពួន​។ ជាងនេះទៅទៀត​ក៏មាន​យន្តហោះ​ប្រភេទ​អា​ការ៉ូ​ដែលមាន​កម្លាំង​ខ្យល់​ខ្លាំង ហោះ​មក​ជិតៗ​ភូមិ​ឬក៏​ព្រៃ​ដើម្បី​រក​ទីតាំង និង​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន និង​កងទ័ព​ដើម្បី​បាញ់​កម្ទេចចោល​។​


ប៉ាង ឆេង ផ្តល់​បទសម្ភាសន៍​ទាក់ទង​នឹង​រឿងរ៉ាវ​របស់គាត់​ក្នុង​របប​ខ្មែរក្រហម​ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅផ្ទះ​របស់គាត់​(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ក្រោយ​ថ្ងៃជ័យ​ជម្នះ ១៧ ខែមេសា ឆ្នាំ​១៩៧៥ អង្គការ​បាន​យក​ផ្ទះ​របស់ខ្ញុំ​ធ្វើជា​ជង្រុក​ស្រូវ ហើយ​ឪពុកម្ដាយ​របស់ខ្ញុំ​ចុះមក​រស់នៅ​សំយាបផ្ទះ​វិញ​។ ឪពុកម្ដាយ​របស់ខ្ញុំ​មាន​វ័យ​ចំណាស់ ហេតុនេះ​អង្គការ​បានដាក់​ការងារ​ឲ្យ​គាត់​ដំ​ធាងត្នោត​ឲ្យ​ទក់ និង​ហូត​យក​សរសៃ​ជក់ ដើម្បី​វេញ​ធ្វើជា​ខ្សែ​វែងៗ​។ ចំណែក​ខ្ញុំ​ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅក្នុង​កងចល័ត​ឃុំ​អង្គ​រស ហើយ​ប្រពន្ធ​របស់ខ្ញុំ​ត្រូវ​ទៅធ្វើ​ការ​នៅក្នុង​កងចល័ត​នារី​ឆ្ងាយ​ពី​ខ្ញុំ​។ នៅ​រដូវប្រាំង កម្មាភិបាល​ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​ទន្សាយ​ចូល​ហឹម ដែល​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ក​ញ្ជៀ​ច និង​ស្រុក​កំចាយមារ​។ ខ្ញុំ​ត្រូវធ្វើ​ការងារ​ធ្ងន់ធ្ងរ ហើយ​ការហូប​អាហារ​មិន​គ្រប់គ្រាន់​ឡើយ ទើប​ធ្វើ​ឲ្យ​ប្រជាជន​នៅក្នុង​កង​ជាច្រើន​ឈឺ​ស្លាប់​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ហូប​តែ​បបរ​ជាមួយ​សម្លម្ជូរ ហើយ​យូរៗ​ម្តង​ទើប​មាន​បាយដំណើប​ហូប​។ ខ្ញុំ​បានឮ​អ្នក​នៅក្នុង​កង​និយាយថា នៅ​ភូមិ​ស្រះ​ប្រ​ហូត​មាន​អ្នក​ហូបបាយ​ដំណើប​ទាល់តែ​បែក​ក្រពះ​ស្លាប់ ព្រោះ​ឃ្លាន​ខ្លាំងពេក​។ ចំណែក​ការងារ យើង​ធ្វើ​ការកាប់​ដី​រឹង​ដូច​ថ្ម​ដើម្បី​លើក​ទំនប់ ឬ​លើក​អាងទឹក ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​ប្រជាជន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។ អំឡុងពេល​ធ្វើការ​ប្រសិនបើ​មាន​អ្នក​ឈឺ គឺ​ខ្ញុំ​និង​អ្នក​នៅក្នុង​កង​គឺជា​អ្នក​នាំទៅ​មន្ទីរពេទ្យ ព្រោះ​មាន​ពេទ្យ​ទៅតាម​កងចល័ត​ជានិច្ច​។ អ្នក​ដែល​ទៅ​ព្យាបាល​មានតែ​មួយចំនួន​តូច​បាន​ត្រឡប់មក​ធ្វើការ​វិញ និង​ភាគច្រើន​គឺ​បាត់​ដំណឹង​តែម្ដង​។ បន្ទាប់ពី​បញ្ចប់​ការងារ​នៅ​ការដ្ឋាន អង្គការ​តែងតែ​យក​ក្រុម​សិល្បៈ​មក​សម្ដែង​ជូន​ប្រជាជន​ទស្សនា​ដើម្បី​ជាកា​លើកទឹកចិត្ត​។ យូរៗ​ម្ដង​ខ្ញុំ​ឃើញ​មាន​សិល្បៈ​ខាង​តំបន់​មក​សម្ដែង​រឿង​ដាំ​ផេង ជូន​ប្រជាជន​ទស្សនា​។ បើ​មាន​កម្មវិធី​តូចៗ អង្គការ​បាន​យក​អ្នកសិល្បៈ​ពី​ខាង​បឹង​រ៉ៃ មក​សម្ដែង​ជូន​ប្រជាជន ហើយ​សិល្បៈ​ក្រុម​នេះ​មិនធំ​ដូច​សិល្បៈ​តំបន់​ទេ​។ នៅពេល​មានកម្ម​វិធី​ម្ដងៗ​មាន​កម្មាភិបាល​ថ្នាក់លើ​មួយចំនួន​បាន​ចូលរួម ក្នុងនោះ​មាន តា​ស័ក គឺជា​គណៈ​ឃុំ តា​ប៉េង តា​ណៃ និង តា​វ៉ា​។ ប្រធាន​កងចល័ត​ឃុំ​អង្គ​រស ក្នុងពេលនោះ​មានឈ្មោះ ន​ន់ បន្ទាប់មក​មាន ឈ្មោះ ស្រី​នឿ​ង ហើយ​អ្នក​ទាំងពីរ​មកពី​ស្រះ​តា​អឹម​ដូចគ្នា​។ ពេលធ្វើការ​នៅក្នុង​កងចល័ត នៅពេល​ចូលឆ្នាំ​យើង​អាច​ឈប់សម្រាក់​បាន​រយៈពេល​ពី​២ ទៅ​៣​ថ្ងៃ ដើម្បី​ត្រឡប់​ទៅ​ភូមិ​ជួបជុំ​ប្រពន្ធ​កូន​។ ខ្ញុំ​ចេញដំណើរ​ពី​កន្លែងធ្វើការ​តាំងពី​ម៉ោង​៣​រសៀល រហូតដល់​ម៉ោង​១២​យប់​ទើប​ដើរមក​ដល់ផ្ទះ​។ ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​រដូវវស្សា អង្គការ​ឲ្យ​ក្រុម​ចល័ត​ទាំងអស់​មក​ភ្ជូ​រ​ដី ធ្វើស្រែ​ចម្ការ ដក​ស្ទូង ប៉ុន្តែ​មិន​អនុញ្ញាត​ត្រឡប់ទៅផ្ទះ​របស់​យើង​វិញ​ទេ ទោះបីជា​នៅ​ជិត​ផ្ទះ​ក៏ដោយ​។ នៅពេល​ធ្វើស្រែ ឈ្លប​បាន​ចាត់តាំង​មនុស្ស​ចំនួន​១០​នាក់ ឲ្យ​ទៅ​ស្ទូងស្រូវ​ឲ្យ​បាន​១​ហិកតា​ក្នុង​មួយថ្ងៃ បើ​ស្ទូង​មិន​រួច​ទេ នោះ​ខាង​ចុងភៅ​មិន​ឲ្យ​របប​អាហារ​ហូប​ទេ​។​

​បន្ទាប់ពី​ចប់​ការងារ​នៅ​ទន្សាយ​ចូល​ហឹម អង្គការ​បាន​បញ្ជូន​ក្រុម​របស់ខ្ញុំ​មក​ជីក​ប្រឡាយ និង​លើក​ប្រព័ន្ធ​ភ្លឺស្រែ​នៅ​ស្រុក​មេសាង​វិញ​។ គ្រប់​ប្រព័ន្ធ​ភ្លឺស្រែ យើង​បាន​វាស់វែង​យ៉ាង​យកចិត្តទុកដាក់ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ភ្លឺស្រែ​ទាំងអស់​មើលទៅ​ស្មើគ្នា​ជា​ជួរៗ​។ ចំណែកឯ​ភ្លឺ​ប្រឡាយ​គឺ​យើង​លើក​ភ្លឺ​តាន់ និង​ភ្លឺ​ភ្លោះ និង​មានការ​វាស់វែង​យ៉ាង​ត្រឹមត្រូវ​ដូចគ្នា​។ នៅ​ជិត​ដល់ពេល​របប​ខ្មែរក្រហម​ដួលរលំ អង្គការ​បាន​ចាត់តាំង​ឲ្យ​ក្រុម​របស់ខ្ញុំ​មក​ជីក​ស្រះ និង​ស្ដា​ស្រះ​មួយចំនួន​នៅក្នុង​ឃុំ​អង្គ​រស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​មានទឹក​ប្រើប្រាស់​។

​នៅក្នុង​ឆ្នាំ​១៩៧៨ ជំនាន់ សោ ភឹម គ្រប់គ្រង​នៅ​ខាង​បូព៌ា ខ្ញុំ​ឃើញ​មាន​កម្មាភិបាល​ខ្មែរក្រហម​មកពី​ខាង​ភូមិភាគ​និរតី​ចូលមក​គ្រប់គ្រង​នៅ​ក្នុងភូមិ​របស់ខ្ញុំ​។ ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ជាច្រើន​គ្រួសារ​ត្រូវបាន​បញ្ជូនទៅ​តំបន់​ដី​ខ្លាញ់ ហើយ​មិនឃើញ​ត្រឡប់មក​ស្រុកកំណើត​វិញ​រហូតដល់​សព្វថ្ងៃ​។ ថា្នក់​ដឹកនាំ​ក្នុងភូមិ​ស្រះ​សំបួរ ដំបូង​ឡើយ​គឺ តា​យ៉​ន បន្ទាប់មក តា​ឈិ​ត និង​ក្រោយមក​ឈ្មោះ ផាន​។ ផាន មក​គ្រប់គ្រង​បាន​រយៈពេល​៣​ខែ ស្រាប់តែ​ឮដំណឹង​ថា​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ជាមួយ​កងទ័ព​វៀតណាម ចូល​មកដល់​ស្រុក​មេសាង​។ កម្មាភិបាល​ខ្មែរក្រហម​បាន​ឲ្យ​ប្រជាជន​ទាំងអស់រ​ត់ទៅ​ភាគ​ខាងលិច រួមទាំង​គ្រួសារ​របស់ខ្ញុំ​។ អំឡុង​ពេលនោះ​ប្រពន្ធ​របស់ខ្ញុំ និង​បងស្រី​របស់ខ្ញុំ​កំពុង​ពរ​ពោះ ទើប​ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់​យើង​មានការ​យឺតយ៉ាវ​។ គ្រួសារ​របស់ខ្ញុំ​មាន​គម្រោង​ធ្វើដំណើរ​តាម​ច្រកស្វាយ រួច​ឡើង​ទៅតាម​អ្នក​លឿង ប៉ុន្តែ​ពេលទៅដល់​វត្ត​ត្រោក មេឃ​ចាប់ផ្ដើម​ងងឹត​។ យើង​បាន​សម្រេចចិត្ត​ចូល​សម្រាក់​នៅក្នុង​វត្ត​ត្រោក និង​បន្ដដំណើរ​ទៅមុខទៀត​នៅ​ព្រឹកស្អែក​។ នៅ​យប់នោះ​ខ្ញុំ​ឃើញ​មានការ​ផ្ទុះ​គ្រាប់បែក​នៅ​អ្នក​លឿង លុះ​ព្រឹក​ឡើង​កងទ័ព​របស់​វៀ​ត​ណា​ម​ធ្វើដំណើរ​មកដល់​វត្ត​ត្រោក និង​ឲ្យ​ប្រជាជន​ទាំងអស់ រួមទាំង​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​។ ពេលមកដល់​ផ្ទះ​ខ្ញុំ​បាន​ទៅយក​អង្ករ​មួយ​កូន​ពាង និង​អំបិល​មួយ​កូន​ពាង​ពី​រោង​បាយ​យកមក​ទុក​នៅផ្ទះ​។

​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវបានចាត់តាំង​ធ្វើជា​អនុ​ភូមិ​ស្រះ​សំបួរ ហើយ​សព្វថ្ងៃ​ខ្ញុំ​គឺជា​ក្រុមប្រឹក្សាឃុំ​អង្គ​រស​។ ខ្ញុំ​ក៏​សូម​ផ្តាំ​ឲ្យ​បងប្អូន​កូនក្មួយ​មានការ​សិក្សា​ស្វែងយល់ និង​ចងចាំ​ឲ្យ​កាន់តែច្បាស់​ថា របប ប៉ុល ពត នេះ​ពិតជា​វេទនាណាស់ ហូប​ក៏​មិន​គ្រប់គ្រាន់ ហើយ​ធ្វើការ​ក៏​ហួសកម្លាំង និង​គ្មាន​ពេល​សម្រាក​៕សរន