កូនប្រុសកតញ្ញូ សុំមើលថែទាំម្តាយដែលវិជ្ជមានកូវីដ ១៩ដោយផ្ទាល់

122

ដោយៈ ភ្នំស្វាយ /បន្ទាយមានជ័យៈបុរសវ័យជិត៣០ឆ្នាំម្នាក់បានសុំអនុញ្ញាតិពីគ្រូពេទ្យដើម្បីបានមើលថែទាំ ម្តាយដែលទើបរកឃើញវិជ្ជមានកូវីដ ១៩នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១ នេះ ។កូនប្រុសរូបនេះឈ្មោះ វ៉ាត ស្រស់ អាយុ២៨ឆ្នាំ ជាកូនរបស់អ្នកស្រី កើត ផន អាយុ៦៦ ឆ្នាំរស់នៅម្តុំហាងអាហារបុកល្មុត ក្បែរសាខាសាកលវិទ្យាល័យគ្រប់គ្រង់និងសេដ្ឋកិច្ច(UME)នាភូមិភ្នំកន្ទួតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណឱ្យដឹងនាថ្ងៃទី១៤ខែមិថុនាថា ទោះម្តាយបានឆ្លងកូវីដ១៩ក៏កូនប្រុសជាទី ស្រឡាញ់រូបនេះបានសុខចិត្តនៅមើលថែម្តាយដូចដែលតែងតែថែទាំគាត់ដូច្នេះ ។

កាយវិការនេះបានធ្វើឱ្យ ម្តាយរំភើបរហូតយំស្រក់ទឹកភ្នែក ។ចំណែកក្រុមការងារអាជ្ញាធរកងកម្លាំងនិងគ្រូពេទ្យក៏រលីង រលោងទឹកភ្នែកដោយក្តីរំភើបដែរ។

លោកហ៊ឹល រ៉ាយ៉ា ក៏ដូចក្រុមការងារ ហើយបានជូនពរអោយលោកយាយបានឆាប់ជា ។

លោក វ៉ាត ស្រស់ បានប្រាប់មន្ត្រីក្រុមការងារនិងអ្នកសារព័ត៌មានថ្ងៃទី១៤ខែមិថុនាថា ថ្ងៃនេះលទ្ធផលតេស្តរហ័ស (Rapid Test ) បានរកឃើញវិជ្ជមានកូវីដ១៩លើម្តាយរបស់ប្អូនដែលគាត់ប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩។ពេលបានដឹងដូច្នេះ លោករឹងរឹតតែអាណិតម្តាយវ័យចាស់ជរា។ ហេតុនេះលោកបានសុំអាជ្ញាធរមានសមត្ថកិច្ចដើម្បីបាននៅជាមួយដើម្បីបាន មើលថែទាំម្តាយដូចដែលតែងធ្វើរាល់ថ្ងៃ ។

លោកបន្តថា បើអត់ពីម្តាយទៅ លោកក៏អត់មានអ្នកជាទីស្រឡាញ់ដែរ ។ ហេតុនេះ មានតែនៅមើលថែគាត់ទើបល្អជាង វិធីណាផ្សេងទៀត។បើជំងឺគាត់ប្រែប្រួលយ៉ាងណា ក៏លោកបាននៅមើលមុខនិងប៉ះពាល់រូបកាយគាត់ជាអ្នកមានគុណដែរ ។បើជំងឺនេះ វាឆ្លងមកលើរូបលោក ៗក៏រីករាយនឹងទទួល ហើយចូលឱ្យគ្រូពេទ្យ ពិនិត្យនិង ព្យាបាលបន្ត ៕សរន