កម្មករ​ខ្មែរ​ធ្វើ​ការងារ​សំណង់​នៅ​ថៃ​ធ្លាក់​ពីលើផ្ទះ​កម្ពស់​បី​ជាន់​របួសធ្ងន់ រួច​ស្លាប់​ក្រោយ​បញ្ជូនមក​ព្យាបាល​នៅ​កម្ពុជា​

130

ដោយៈ​ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្មករ​ជនជាតិខ្មែរ​ម្នាក់​ដែល​ធ្វើ​ការងារ​សំណង់​នៅ​ប្រទេស​ថៃ​បាន​ធ្លាក់​ពីលើផ្ទះ​កម្ពស់ បី​ជាន់​បណ្តាលឱ្យ​របួសធ្ងន់ រួច​ស្លាប់​ក្រោយ​បញ្ជូនមក​ព្យាបាល​នៅ​ពេទ្យ​ឯ​ប្រទេស​កម្ពុជា​វិញ ។​

​លោក​វរសេនីយ៍​យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក​បាន​ឱ្យនៅ​ថ្ងៃទី​១៤​ខែមិថុនា​ថា ជនរងគ្រោះ​ឈ្មោះ ញិ​ប ឃាន់ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​ចាស់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​យោង​ក្រុមគ្រួសារ​ថា កាលពី​នៅ​ថ្ងៃទី​១១​ខែមិថុនា វេលា​ម៉ោងជាង​២ រសៀល ក្រុមគ្រួសារ​បាន​ចំណាកស្រុក​ទាំង​គ្រួសារ ទៅធ្វើ​កម្មករសំណង់​នៅ​ភូមិ​ថៃ​រ៉ាត់ ឃុំ​មិន​បូរី ខេត្ត​ណង​ចក ប្រទេស​ថៃ​។ ជនរងគ្រោះ​(​ប្តី​) បាន​ធ្លាក់​ពីលើ​ផ្ទះថ្ម​កម្ពស់​បី​ជាន់ បណ្តាលឱ្យ​របួសធ្ងន់ ។​ក្រុមគ្រួសារ​បាន​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ដែរ តែ​ដោយ​របួសធ្ងន់ ពេក​មិនអាច​ព្យាបាល​បាន​ទើប​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ គឺ​មក​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​លុះដល់​ថ្ងៃទី​១៣​ខែមិថុនា វេលា​ម៉ោងជាង​៥​ព្រឹក ជនរងគ្រោះ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​សំពៅ​លូន ហើយ​បាន​ដឹក​តាម​រថយន្ត​ពេទ្យ​មកដល់​ផ្ទះ​នៃ​សព​ស្ថិតនៅ​ភូមិ​គោក​ចាស់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ហើយ​អនុញ្ញាតិ​ឱ្យធ្វើ​បុណ្យ​ព្រោះ​ការពិនិត្យ​សំណាក​ឃើញ​អវិជ្ជមាន​កូ​វីដ ១៩ ដែរ ។​

​ប៉ុន្តែ​អ្នករួមដំណើរ​មកជា​មួយ​មាន​ប្រពន្ធ​ឈ្មោះ យុន ចាន់ណា អាយុ ៣៥​ឆ្នាំ​និង​កូនស្រី​ឈ្មោះ ប៉ុយ សុ​វឿ​ត អាយុ​១៥​ឆ្នាំ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ៕​សរន