ដោយៈសុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ កំពុងសហការគ្នា ជំរុញនីតិវិធីអនុវត្តការកាត់ពិន្ទុ លើបណ្ណបើកបរ តាមរយៈកម្មវិធីនៅលើ ទូរស័ព្ទដៃ ស្មាតហ្វូន ក្នុងគោលបំណង ពង្រឹង ការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។
នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំនីតិវិធី អនុវត្តការកាត់ពិន្ទុ លើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មា ធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ បច្ចេកទេស ក្រោមឱវាទក្រសួងផងដែរ។
សូមជម្រាបជូនថា៖ នីតិវិធី នៃការកាត់ពិន្ទុបណ្ណបើកបរ នឹងត្រូវធ្វើឡើង តាមរយៈ កម្មវិធីនៅលើទូរស័ព្ទដៃ ស្មាតហ្វូន ដែលអនុញ្ញាតឱ្យ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុបណ្ណបើកបរ ដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញ បណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ ផ្លូវគោក។
បច្ចុប្បន្ន ក្រុមការងារជំនាញ នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា មួយនេះឡើង។ កម្មវិធីនេះ អាចចាប់យក រូបភាពយានយន្ត ដែលបើកបរល្មើស នឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុ ចំពោះអ្នកបើកបរ យានយន្ត ខុសច្បាប់ ទៅតាមស្ថាន នៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់ សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្ស លើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។
គួរកត់សម្គាល់ផងដែរថា៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ ឱ្យគ្រប់ បណ្ណបើកបរ ត្រូវមាន ពិន្ទុសរុប ១២ ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយ ទៅតាមស្ថាននៃការប្រព្រឹត្ត បទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុហើយក្នុង ករណីអស់ពិន្ទុ គឺបណ្ណបើកបរ ត្រូវទុកជាមោឃៈ បើអ្នកបើកបរ ចង់បានបណ្ណ បើកបរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរ ឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ពីថ្ងៃ ដែល បណ្ណបើកបរ ត្រូវទុកជាមោឃៈ។
ថ្លែងទៅកាន់កិច្ចប្រជុំនា ឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឱ្យអង្គប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធី អនុវត្តការកាត់ពិន្ទុ លើបណ្ណបើកបរនេះ កាន់តែប្រសើរឡើង ដើម្បីឈានដល់ការ ធ្វើបទបង្ហាញ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈាន ទៅអនុវត្តជាក់ស្តែង។
បន្ថែមពីលើនេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញបច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យ បានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងបានសម្តែងនូវ ការកោតសរសើរ និងគាំទ្រដោយ ស្មោះចំពោះគំនិត ផ្តួចផ្តើមនេះ ដែលជាការឆ្លុះបញ្ចាំង នូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះផងដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព ទៅដល់គ្រប់ស្រទាប់ មហាជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ គ្រឹះស្ថានអប់រំ តាមមូលដ្ឋាន គ្រប់ស្ថាប័នគ្រប់គ្រង របស់រដ្ឋ និងឯកជន អំពីនីតិវិធីនៃការកាត់ពិន្ទុ បណ្ណបើកបរ តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន៕/V-PC