ដោយៈ​សុផល​/​ភ្នំពេញ​៖ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​សភា ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នៅ​កម្ពុជា​(AmCham) ដឹកនាំ​ដោយ​លោក អេ​ន​ថូ​នី ហ្គា​លី​យ៉ា​ណូ ( Anthony Galliano) ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នៅ​កម្ពុជា​និង​ជា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodia Investment Management កាលពី​ថ្ងៃទី​១៥​ខែមិថុនា​នៅ​ទីស្តីការក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការតភ្ជាប់ បណ្តាញ​ផ្លូវថ្នល់​នៅ​ទូទាំងប្រទេស ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ផ្លូវ កៅស៊ូ​ពីរ​ស្រទាប់​ស្តើង (DBST) ទៅ​ផ្លូវ​បេតុង​កៅស៊ូ (AC) និង​ការតភ្ជាប់​នៅ​គ្រប់ ច្រកល្ហក​ទាំងអស់ ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច របស់​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោង​កំពុង​អនុវត្ត​បន្ត និង​គម្រោង​សាងសង់ នាពេល​អនាគត​ដែល​ក្នុង នោះ​រួមមាន​៖ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​២២ លេខ​៣ លេខ​៤ លេខ​៥ ផ្លូវជាតិ​លេខ​៦ លេខ​៧ លេខ​៨ លេខ​៤៨ លេខ​១០ លេខ​១១ លេខ​៥៦ លេខ​៥៨ និង​ផ្លូវជាតិ​លេខ​៧៦ ដែល​ត្រូវ​បានបញ្ចប់ ការសាងសង់​រួចរាល់ និង​គម្រោង​លើកកម្ពស់​ផ្លូវជាតិ​លេខ ៣១ ៣៣ ៤១ ពី​ផ្លូវ​កៅស៊ូ ពីរ​ស្រទាប់​ស្តើង (DBST) ទៅជា​ផ្លូវ​បេតុង​កៅស៊ូ (AC)​គម្រោង​សាងសង់ ផ្លូវជាតិ​លេខ​៧១c កំពង់ចាម​-​ត្បូងឃ្មុំ និង​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់ ទន្លេមេគង្គ​ខេត្តក្រចេះ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុង ព្រះសីហនុ​គិត​រហូត​មកទល់ពេលនេះ​សម្រេចបាន​ជាង​៥០% ហើយ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​បញ្ចប់​រួចរាល់ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ កំពុងដំណើរការ សាងសង់ និង​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​ដើម្បី​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ភ្នំពេញ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ទោះបីជា​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា នៅ​ទូទាំង​ពិភពលោក​ក៏ដោយ​ក៏​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នៅ​កម្ពុជា​នៅតែ​បន្ត​ដំណើរការ របស់ខ្លួន​ឥតឈប់ឈរ​មិនទាន់​ឃើញ​មាន គម្រោង​ណាមួយ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការ​រាតត្បាត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅឡើយ​ទេ​។​

​ទាក់ទង​នឹង​ការដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ទំនើប​ដើម្បី​គាំទ្រ​ដល់​ផ្តល់ សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ចំណេញ​ពេល វេលា​កាត់​ចំណាយ​ក្រៅ ផ្លូវការ ដែល​ក្នុងនោះ​រួមមាន​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​ល​ក់លេ​ខ​ពិសេស​ផ្ទាល់ខ្លួន ការបើក​ដំណើរការ​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ ទំនើប​អ៊ី​អន​ម៉​ល​១ អ៊ី​អន​ម៉​ល​២ និង​ផ្សារ​ទំនើប ជីបម៉ុង និង​ការបង្កើត​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក ទេស​យានយន្ត និង​ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)​ដើម្បីឱ្យ​ប្រជាពលរដ្ឋ ចូលរួម​រាយការណ៍​អំពី​ផ្លូវ​ខូច សំដៅ​ថែទាំ​ផ្លូវ​ឱ្យបាន​យូរអង្វែង​។​

​ជាងនេះទៅទៀត គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(NRSC) កំពុង​អភិវឌ្ឍ​គម្រោង​ដ៏​ថ្មី ស្រឡាង​មួយទៀត​គឺ​កម្មវិធី​កាត់​ពិន្ទុ​បណ្ណ​បើកបរ ដែល​អនុញ្ញាតឱ្យ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ធ្វើ​ការដក​ពិន្ទុ​បណ្ណ​បើកបរ​ដោយ ស្វ័យប្រវត្តិ និង​ជូនដំណឹង​ទៅកាន់​ស្ថាប័ន​ចេញ​បណ្ណ​បើកបរ និង​ម្ចាស់​បណ្ណ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កម្មវិធី​ព័ត៌មានវិទ្យា​ជាច្រើន​ទៀត ដើម្បី​ផ្ដល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ទេសរដ្ឋមន្ត្រី ក៏បាន​ធ្វើ​កត់សម្គាល់​ផងដែរ​ថា​៖ កម្ពុជា​កំពុង​គិត គូរ​អំពី គោលនយោបាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ការដឹកជញ្ជូន​បៃតង ដើម្បី សម្រប​ខ្លួន​ទៅតាម​ការរីកចម្រើន​នៃ សាកលភាវូបនីយកម្ម ជាពិសេស​ការប្រើប្រាស់ យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​វិញ​ដើម្បី​អាច​កាត់បន្ថយ​ថ្លៃដើម ប្រតិបត្តិការ និង​ជៀសវាង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅពេលដែល​យានយន្ត អគ្គិសនី​សាក​ភ្លើង​ដោយ​ថាមពល​កកើត​ឡើងវិញ​។​

​ទាក់ទង​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណៈ ប្រតិភូ​អំពី​ការបង្កើត វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ក្មេង​ជំនាន់ ក្រោយ ជាពិសេស បណ្តុះបណ្តាល វិស្វករ​កម្ពុជា​ឱ្យ​ចេះ​ធ្វើ​ផ្លូវ អាច​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​បាន និង​ប្រព័ន្ធ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ប្រកបដោយ​គុណភាព​រឹងមាំ​ឱ្យ​ដូនតា​ជំនាន់​មុន​ដែល​បាន​កសាង អង្គរវត្ត​ទុកឱ្យ​។​

​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​សម្តែង​នូវ​ការកោតសរសើរ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ប្រកបដោយ​ការទទួលខុសត្រូវ​ដើម្បី​បន្ត​ជំរុញ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យមាន ការរីកចម្រើន​យ៉ាង​រហ័ស​៕​/PC