​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ចម្ការទុរេ​ន​ស្រុក​សំឡូត ខេត្តបាត់ដំបង​រដូវ​ផ្លែ​ទុំ​កំពុង​ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ទេសចរណ៍​ក្នុង​តំបន់​។​

​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​កន្លងមកនេះ អ្នកស្រី ទៀង វ​ល័​ក្ខ រស់នៅក្នុង​ក្រុង​បាត់ដំបង បាន​លើកឡើងថា​ ដំណើរ​ទេសចរណ៍​ក្នុង​តំបន់​ជា​លក្ខណៈ​គ្រួសារ​មាន​គ្នា​ចំនួន​ជាង ១០​នាក់​នេះ លោកស្រី និង​ក្រុមគ្រួសារ​បាន​ឈរ​នៅលើ​ចម្ការ​ទុរេ​ន​ជាច្រើន និង​ធំ​ល្វឹងល្វើយ ធ្វើ​ឲ្យ​អារម្មណ៍​គ្រប់គ្នា​រំភើប និង​សប្បាយរីករាយ​ជាខ្លាំង។ ពិសេស​នូវ​ទិដ្ឋភាព​ដើ​មទុ​រេ​ន ដើម​សាវម៉ាវ និង​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​មុខ​ទៀត​ចេញ​ផ្កា​ផ្លែ​ស្អេកស្កះ​មិន​ធ្លាប់​ជួប​។ ម្យ៉ាងទៀត ក៏​ជា​ឱកាស​មួយ​ផងដែរ​ក្នុងការ​ជ្រើសរើស​ទិញ​ផ្លែ​ុ​រេ​ន ឬ​សាវម៉ាវ​ធម្មជាតិ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហូប​ដោយ​មិន​បារម្ភ​ថា ផ្លែឈើ​ទាំងនេះ​នាំចូល​មកពី​ក្រៅប្រទេស​មាន​សារធាតុ​គីមី​នោះឡើយ​។​

​ចំណែក​លោក ហ៊ឹម សារិន វ័យ​ជាង ៦០​ឆ្នាំ ជា​ម្ចាស់​ចម្ការ​ធុ​រេ​ន​នៅក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះមុខ​នេះ​ក្នុង​ចម្ការ​របស់លោក​មាន​ដើ​មទុ​រេ​ន​ជាង ២០០​ដើម ឆ្នាំនេះ​ទុ​រេ​ន​កាន់​ផ្លែ​បាន​ច្រើន​គួរសម​ហើយ​ចាប់ផ្តើម​ពេញ​ចំណាស់ និង​ទុំ​ជា​បណ្តើរៗ​ហើយ​ដែរ ចាប់តាំងពី​ពាក់កណ្តាល​ខែឧសភា​មក​។ ទុ​រេ​ន​ដែល​ដាំ​ដុះ​នៅលើ​ដែនដី​ស្រុក​សំឡូត​មាន​ក្លិនក្រអូប និង​រស់ជាតិ​ផ្អែម​ខ្ទិះ​ឆ្ងាញ់​។ គុណភាព​ដំណាំ​ទុ​រេ​ន និង​ឈើ​ហូប​ផ្លែ​ចម្រុះ​ដទៃទៀត​នេះ បាន​បើក​ទីផ្សារ​យ៉ាង​ទូលាយ​សម្រាប់​គ្រួសារ​របស់លោក ក៏ដូចជា​កសិករ​ផ្សេងទៀត ទាំង​តាមរយ​:​ការ​ចូលមក​ទិញ​ផ្ទាល់​ដល់​ចម្ការ និង​ទាំង​តាម​ការបញ្ជាទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ។​ក្នុង​មួយថ្ងៃ​លោក​លក់​ធុ​រេ​ន​បាន​មិនតិចជាង ៣០០​គីឡូក្រាម​ឡើយ​ដែល​ទីផ្សារ​រួមមាន​ ខេត្តបាត់ដំបង សៀមរាប ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​ទីក្រុង​ភ្នំពេញ​។​

​លោក​បន្តថា​ បច្ចុប្បន្ន​ទុរេ​ន​ទុំ​លក់​ក្នុងតម្លៃ ២៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។តែបើ​ទុរេ​ន​បេះ​ចាស់​ដើម​រយ​:​ពេល ៣​ថ្ងៃ​ទុំ​លក់បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ពី ២២។០០០-២៣.០០០​រៀល ។ទុ​រេ​ន​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត​ភាគច្រើន​ពេញ​ចំណាស់​ទុំ​នៅ​រវាង​ខែឧសភា និង​ស្បើយ​អស់​ផ្លែ​នៅ​អំឡុង​ខែសីហា ក្រៅពីនេះ​អាច​មិនមែនជា​ផលិតផល​ទុរេ​ន​សំឡូត​ឡើយ​៕​