ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ ទោះបីជា​កូ​វីដ កំពុង​ឆ្លង​រាតត្បាត​យ៉ាងណាក៏ដោយ តែ​ការអភិវឌ្ឍ​បុរី​ផ្ទះល្វែង នៅតែ​បន្តដំណើរ​ការ​យ៉ាង​គគ្រឹក​គគ្រេង មិន​ថា នៅ​ភ្នំពេញ ជាយៗ​ក្រុង ឬក៏​នៅតាម​បណ្តា​ខេត្ត​នោះទេ​។

​ក៏ប៉ុន្តែ​ការអភិវឌ្ឍន៍​ជា​បុរី​ផ្ទះល្វែង​ទាំងនោះ បង្កបញ្ហា​ដល់​សង្គម​យើង ដោយសារតែ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ថ្ម​គ្រួស ចាក់​បំពេញ​ការដ្ឋាន​ទាំងនោះ​។ អាចមកពី​ខ្វះ​ការយកចិត្តទុកដាក់ គ្រប​ដី និង​ខ្សាច់ ថ្ម​គ្រួស ដែល​ដឹក​ទាំង​ឡានៗ​នោះ ទើប​នាំ​ឲ្យ​ធ្លាក់​ធូលី​ដី និង​ខ្សាច់​ពេញ​ផ្លូវជាតិ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង ហើយ​បានប្រែក្លាយ​ផ្លូវ​ទាំងអស់នោះ ជា​ផ្លូវដី​ហុយ​ឡើង​ទ្រលោម ដូច​ចុះ​អ័ព្ទ​។​

​ករណីនេះ កើតឡើង​យូរ​ខែ​ឆ្នាំ​មកហើយ ក្នុងសង្គម​ជាតិ​យើង​។ នៅ​ភ្នំពេញ ផ្លូវ​ជាយក្រុងៗ ពិសេស​ខាង​ផ្លូវ​ហាណូយ និង​ផ្លូវ​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ ជាដើម គឺ​ផ្លូវ​បេតុង​ទាំងអស់នេះ បាន​ក្លាយជា​ផ្លូវដី​ហុយ​ទ្រលោម​។ បើ​ខែ​ភ្លៀង គឺ​បែក​ម៉ាំ​។ នេះ​ក៏​ដោយសារតែ​ឡាន​ដឹក​ដី និង​ដឹក​ខ្សាច់ ដែល​គ្មាន​គ្រប​បិទបាំង បង្ក​ឲ្យ​ដី និង​ខ្សាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​។ កម្ទេច​ដី និង​ខ្សាច់​ទាំងអស់នោះ ប៉ើង​មក​នៅ​កៀនៗ ខាង​ចិញ្ចើមផ្លូវ​ទាំងសង្ខាង និង​នៅជាប់​នឹង​ទ្រូងផ្លូវ ដែលមាន​ស្មៅ និង​បង្គោល​ភ្លើង​នៅ​កណ្តាល​។​

​បើសិនជា​មានកម្ម​វិធី ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​អញ្ជើញ​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​អស់ទាំងនោះ គឺ​ផ្លូវ​អស់ទាំងនោះ នឹង​ត្រូវគេ​បោសសម្អាត បាញ់​ទឹក​លាង​ឡើង​ស្អាត គ្មាន​សំរាម និង​គ្មាន​ធូលី​ដី​សោះឡើយ​។ ផ្ទុយទៅវិញ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ចំណុច​ស្ពាន​ព្រែក​ព្នៅ រួមទាំង​ផ្លូវ​ហាណូយ យូរ​ខែ​ថ្ងៃ​មកហើយ ពោរពេញ​ដោយ​ដី និង​ខ្សាច់ ដែល​ធ្លាក់​ពី​ឡាន​ដឹក​ដី ដែល​មួយថ្ងៃៗ រាប់រយ​ពាន់​គ្រឿង បើក​ដឹក​ដី និង​ដឹក​ខ្សាច់ មិន​ថា យប់ ព្រឹក ឬ​ថ្ងៃ​នោះឡើយ​។​

​ករណីនេះ មិនមែន​កើតឡើង​តែ​នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ​មួយ​នោះទេ​។ នៅ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​៦០​ម៉ែត្រ អតីត​បឹងទំពុន ឬ​មហាវិថី​សម្តេច​ហ៊ុនសែន ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ជាដើម ដែលជា​ផ្លូវជាតិ​សំខាន់ៗ ចេញចូល​រាជធានី​ភ្នំពេញ គឺ​កើតមាន​ករណី​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ដឹក​គ្រួស ធ្លាក់​ជ្រុះ​លើផ្លូវ រហូត​ក្លាយជា​គំនរ​។

​នៅតាម​ខេត្ត ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុងភូមិ​ពោធិ៍​សា​បាង ឃុំ​រាប និង​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង គ្រឿងចក្រ និង​ឡាន​ដឹក​អាចម៍ដី ក៏បង្ក​ឲ្យ​កំណាត់​ផ្លូវជាតិ​នេះ ក្លាយជា​ផ្លូវដី​ហុយ​ទ្រលោម​។ ករណីនេះ គេ​រាយការណ៍​ថា ថៅកែ​ឈ្មោះ គ្រាង សម្បត្តិ គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង មិន​គិតដល់​ផលប៉ះពាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​សង្ខាង​ផ្លូវ ក៏ដូចជា​ប្រជាពលរដ្ឋ ធ្វើដំណើរ​សោះឡើយ​។​

​ឡាន​ដឹក​ដី​ទាំងនោះ បាន​ដឹកជញ្ជូន​អាចម៍ដី ដើម្បី​ចាក់​បំពេញ​ដីឡូត៍ ដោយ​មិន​គ្របដណ្តប់ ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ជ្រុះ​ពាសពេញ​ផ្លូវ​។ ដី​ហុយ លើផ្លូវ​ជាតិ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង បាន​បណ្តាល​ឲ្យ​ហុយ​ចូល​ផ្ទះ រកតែ​ហូបបាយ​មិនបាន និង​ប៉ះពាល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ រួមទាំង​ប៉ះពាល់​ដល់​អ្នកដំណើរ​ថែមទៀត​។​

​ក្រៅពីនោះ ដី និង​ខ្សាច់ ដែល​ជ្រុះ​លើផ្លូវ​ទាំងអស់នេះ ក៏​អាច​បង្ក​គ្រោះថ្នាក់ ពិសេស​ដល់​អ្នកធ្វើដំណើ​រ​តាម​ម៉ូតូ និង​កង់​។ ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងនោះ​ទៀតសោត ក៏​បើក​លឿនៗ ដែល​អាច​បង្ក​ហានិភ័យ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។

​ករណី​តៃកុង​ឡាន​ដឹក​ដី ដឹក​ខ្សាច់​បើក​លឿនៗ​នេះ ត្រូវបាន​គេ​ឲ្យ​ដឹងថា ដោយសារតែ​ឡាន​ទាំងនោះ ត្រូវ​រាប់​ជើង បើ​បាន​ច្រើន​ជើង​-​ច្រើន​ឡាន នោះ​អ្នកបើកបរ នឹង​ទទួលបាន​លុយ​ច្រើន​តាម​នោះដែរ​។ ម្យ៉ាងទៀត បើសិន​ជាមាន​ហេតុការណ៍​បុក​ប៉ះ​គេ គឺ​ធ្វើយ៉ាងណា ឲ្យ​តែ​តៃកុង​ឡាន​នោះ រត់​រួច គឺ​មិនមាន​បញ្ហា​អ្វី​ឡើយ​។ អ្វីៗ ទុក​ឲ្យ​ថៅកែ ជា​អ្នក​ចេញមុខ​ដោះស្រាយ ហើយ​បើ​ថា បង្ក​គ្រោះថ្នាក់ រហូតដល់​ស្លាប់​មនុស្ស ក៏​ថៅកែ​ឡាន ជា​អ្នកដោះស្រាយ បង់លុយ​តែ​ប៉ុន្មាន​ពាន់​ដុល្លារ គឺ​រួចរាល់​ហើយ​។​

​ករណី​ទាំងអស់នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ខណ្ឌ​ស្រុក​ក្រុង​រាជធានី​ខេត្ត ត្រូវតែ​ដោះស្រាយ និង​ទប់ស្កាត់​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដែល​បង្ក​ឲ្យ​ផ្លូវជាតិ ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង ក្លាយជា​ផ្លូវដី​ហុយ​ទ្រលោម ហើយក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ថែមទៀត​។

​ជា​ដំណោះស្រាយ គឺ​អាជ្ញាធរ​សមត្ថកិច្ច កំណត់​ឲ្យ​ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នោះ ត្រូវ​ទទួលខុសត្រូវ​។ ទី​១-​ឡាន​ដឹក​ដី ដឹក​ខ្សាច់ មុន​ចេញពី​រណ្តៅ​ដី ត្រូវ​បាញ់​លាង​សម្អាត​កង់ឡាន មាន​តង់​កៅស៊ូ​គ្រប​បិទ​ដី និង​ខ្សាច់ ដើម្បី​ធានាថា មិន​ធ្លា​ក់ដី និង​ខ្សាច់ ឬក៏​ថ្ម​មកលើ​ផ្លូវ​ឡើយ​។ ទី​២-​រៀងរាល់ថ្ងៃ ត្រូវមាន​ឡានទឹក​បាញ់​លាង​សម្អាត​ផ្លូវ ដែល​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងនោះ​។​

​ក្នុងករណី​ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នោះ មិន​ធ្វើ​ទេ គឺអាច​ចេញ​តែ​ថ្លៃឈ្នួល ហើយ​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន តាម​ខណ្ឌ​ស្រុក​ក្រុង ឬ​ឃុំ​សង្កាត់ ជា​អ្នករ៉ាប់រង ដោយ​ជួល​ភ្នាក់ងារ​បោសសម្អាត​បាញ់​លាង​ផ្លូវ ឬក៏​ប្រើ​កងកម្លាំង​ប្រជា​ការពារ ធ្វើការ​ងារ​នេះ ហើយ​ផ្តល់​ប្រាក់កម្រៃ​សមរម្យ ដែល​ក្រុមហ៊ុន អ្នកម៉ៅការ និង​អ្នកបើកបរ​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នោះ ជា​អ្នក​បង់ថ្លៃ​រាល់​ការចំណាយ​។​​បើសិនជា​ដំណោះស្រាយ​ទាំង​ប៉ុន្មាន​ខាងលើនេះ ម្ចាស់​ការដ្ឋាន អ្នកម៉ៅការ និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ថ្ម​គ្រួស​ទាំងអស់នោះ មិន​ព្រម​អនុវត្ត​ទេ គឺ​អាជ្ញាធរ​សមត្ថកិច្ច​យើង ត្រូវអនុវត្ត​វិធានការ​ច្បាប់ ដោយ​បិទ​ការដ្ឋាន​សាងសង់​នោះ ផ្អាក​ដំណើរ​ការជីក​លក់​អាចម៍ដី ផ្អាក​អាជីវកម្ម​ខ្សាច់ ហើយ​ចាប់យក​ឡាន ដែល​បង្ក​ឲ្យ​មាន​ដី​ហុយ​ទាំងអស់នោះ យកទៅដាក់​នៅ​ខណ្ឌ​ស្រុក​ក្រុង ហើយ​ផាកពិន័យ ឲ្យ​លាង​សម្អាត​ផ្លូវ​ឲ្យ​ស្អាត​ឡើងវិញ និង​ឈប់​ឲ្យ​បើកបរ​រកស៊ី​តទៅទៀត​។​

​វិធាន​ទាំងនេះ ជា​រឿង​សាមញ្ញ​ទេ​។ ខ្លាច​តែ​អាជ្ញាធរ​សមត្ថកិច្ច​យើង ត្រូវរ៉ូវ ដើម្បី​ផលប្រយោជន៍​អ្វីមួយ ហើយក៏​បិទ​ភ្នែក​ទេ ទើប​ផ្លូវជាតិ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង បន្ត​ក្លាយជា​ផ្លូវដី​ហុយ​ទ្រលោម ក្នុងពេលដែល​ថ្នាក់ដឹកនាំ មិនបាន​ធ្វើដំណើរ​ឆ្លង​កាត់​លើផ្លូវ​អស់ទាំងនោះ​ផង​។

​ពេលនេះ តាមផ្លូវ​ជាយៗ​ក្រុង សុទ្ធតែ​ដី និង​ខ្សាច់ តួយ៉ាង​ដូច​ផ្លូវ ៦០​ម៉ែត្រ ចាប់ពី​ផ្លូវ​២៧១ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​២ នៅ​ព្រែក​ហូរ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​ទំនប់​កប់​ស្រូវ និង​កំណាត់​ផ្លូវជាតិ​សំខាន់ៗ ជាច្រើន​ទៀត​។ គួរតែ​បោសសម្អាត ដី និង​ខ្សាច់​ចេញពី​ផ្លូវ​រៀងរាល់ថ្ងៃ ហើយ​បើ​មិនបាន​រាល់ថ្ងៃ ក៏​សូម​តែមួយ​អាទិត្យ​ម្តង ក៏បាន​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារតែ​ដី និង​ខ្សាច់ ជ្រុះ​ធ្លាក់​ពី​ឡាន​ដឹក​ដី បម្រើ​ឲ្យ​ការដ្ឋាន​ឯកជន​អស់ទាំងនោះ​៕​srn