ដោយៈសុផល/ភ្នំពេញ៖មន្ត្រីជំនាញមកពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ បានជួបប្រជុំគ្នាតាមអនឡាញដើម្បីពិភាក្សាប្រមូលធាតុចូលនិងគំនិតយោបល់សំដៅធ្វើឱ្យផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម”អនុវត្តប្រកបដោយប្រសិទ្ធភាព ដែលមានប្រយោជន៍ដល់ការទាក់ទាញការវិនិយោគ បង្កើតការងារធ្វើ ក៏ដូចជាដើម្បីជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការរៀបចំផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វាគ្មិនតំណាងអង្គការUNDP និងការចូលរួមតាមប្រព័ន្ធ វីដេអូពីចម្ងាយពីលោក សុកស៊ីផាន់ណាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំង អស់ប្រមាណ៦០រូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យ ពិភាក្សា និងច្របាច់បញ្ចូលគ្នានូវផែនការមេចំនួនពីរគឺៈ (១) ផែនការមេដឹកជញ្ជូនតាមផ្លូវអាកាស និង(២) ផែនការមេដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅ អនុវត្តបាន ប្រកបដោយប្រសិទ្ធភាព ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារធ្វើ ក៏ដូចជាដើម្បីជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនបានបញ្ឈប់ទេ ប៉ុន្តែគ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ពោលគឺគ្មានគម្រោងសាងសង់ណាមួយ ត្រូវបានអាក់ខាន ឬបញ្ឈប់ដោយសារជំងឺនេះទេ។
លោកទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្ដល់ធាតុចូលបន្ថែមទៀតឱ្យបានផុលផុសដើម្បីច្របាច់បញ្ជូលនូវផែនការមេរបស់យើងមុនកោះអញ្ជើញប្រជុំគណៈកម្មាធិកាជាតិភស្តុភារកម្ម នៅសប្តាហ៍ ក្រោយ និងរៀបចំស្នើសុំកម្មវិធីជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភាកម្មកម្ពុជា ដើម្បីពិនិត្យចុងក្រោយនិងត្រៀមដាក់ផែនការមេនេះ មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត លើផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។
លោកទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នជូនអង្គប្រជុំផងដែរថក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុនYCH របស់ប្រទេសសិង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន ហើយសង្ឃឹមថា ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន។
គួរកត់សម្គាល់ថា៖ សេចក្តីព្រាងផែនការមេអន្តរកាលស្តីពី៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សា ជាតិភស្តុភារកម្ម។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាវដល់ទីភ្នាក់ងារJICA និង ធនាគារពិភពលោក អង្គការUNDP ព្រមទាំងសហការីទាំងអស់ ដែលបានជួយជ្រោមជ្រែងរៀបចំ ឱ្យផែនការមេអន្តរកាលចេញជារូបរាងឡើង ដើម្បីត្រៀមច្របាច់បញ្ចូលគ្នា និងបានថ្លែងអំណរគុណផងដែរ ដល់ឯកឧត្តម សុក ស៊ីផាន់ណា ដែលបានឆ្លៀតឱកាសខិតខំប្រឹងប្រែងពិនិត្យលើឯកសារចុងក្រោយ ដើម្បីរៀបចំច្របាច់បញ្ចូលគ្នាឱ្យចេញជាផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភាកម្ម៕