ការពារ ប្រសើរ​ជាង​ព្យាបាល​: ចាប់​កម្ទេចចោល កុំ​អី មិនដឹង​ប៉ុន្មាន​នាក់​ទៀត រងគ្រោះ​!

763

ដោយ​: ម៉េង​ឆៃ / បន្ទាយមានជ័យ​: អាច​ចាត់ទុកថា ជា​វិធានការ​ទប់ស្កាត់បាន​មុន ដែល​មន្ត្រី​ជំនាញ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​ដកហូត​ស្រាថ្នាំ តាំង គួ​យ ប្រមាណ ២៧ ៧៥៦​ដប ដែលមាន​សារធាតុ​គីមី (​មេ​តា​ណុល​) ហើយ​យកទៅ​បំផ្លាញចោល នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​។

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប​ង្ក្រា​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា ស្រាថ្នាំ តាំង គួ​យ បាន​បណ្តាលឱ្យ​មនុស្ស​ពុល​ស្លាប់ ចំនួន ៧​នាក់ (​ជនជាតិ​ថៃ ចំនួន ម្នាក់​) ដែល​ក្នុង​ស្រាថ្នាំ​នេះ មាន​សារធាតុ​មេ​តា​ណុល​កំរិត​ខ្ពស់​ដល់ ១៤​ភាគរយ​។

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប​ង្ក្រា​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បាន​បន្ថែមថា ផលិតផល​ស្រាថ្នាំ តាំង គួ​យ នេះដែរ ល្មើស​នឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ត្រង់​មាត្រា​១៨ ជំពូក​ទី ៤ ចែងថា​៖ ត្រូវ​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​នូវ​ផលិតផល​ម្ហូបអាហារ ដែលមាន​សភាព​ប្រែប្រួល​ខូចគុណភាព ឬ​មាន​ជាតិពុល ឬ​ផលិតផល​នោះ​មិន​ស្រប​នឹង​លក្ខណៈវិនិច្ឆ័យ​គុណភាព​ផ្នែក​អតិសុខុម​ជីវសាស្ត្រ ឬ​អនាម័យ ដែល​កំណត់​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រសួង​ពាក់ព័ន្ធ ហើយ​ត្រូវ​ទទួលទោស​ក្នុង​មាត្រា​៦៣ នៃ​ច្បាប់​ដដែល ចែងថា​៖ ជន​ណា​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា ១៦ ១៧ ១៨ និង ២១ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​)​ខែ ដល់ ១(​មួយ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ ០០០ ០០០ (​ប្រាំ​លាន​) រៀល ដល់ ១០ ០០០ ០០០(​ដប់​លាន​) រៀល ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​៧-៩ ខែមិថុនា ឆ្នាំ​២០២០ ករណី​ពុល​ស្រាថ្នាំ តាំង គួ​យ បានកើត​ឡើង នៅ​ស្រុក​មង្គលបុរី ស្រុក​ម៉ាឡៃ និង​នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ​។ ករណី​នោះ បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ និង​ច្រើន​នាក់​ទៀត ត្រូវបាន​បញ្ជូន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​។​

​យ៉ាងណាក៏ដោយ ក្នុងករណី​ពុល​ស្រាថ្នាំ​នោះ គឺ​អ្នក​ផលិត​ស្រាថ្នាំ តាំង គួ​យ រួមទាំង​អ្នកលក់ មិនត្រូវ​បាន​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​ឡើយ ហើយ​មួយឆ្នាំ​ក្រោយមក នៅពេលនេះ ក៏​អាច​បន្ត​ផលិត​ស្រាថ្នាំ ដាក់លក់​ឡើងវិញ រហូតដល់​ត្រូវ​ចាប់​យកទៅ​បំផ្លាញចោល​នៅពេលនេះ​។​

​ករណី​ពុល​ស្រាស ស្រាថ្នាំ នៅក្នុង​សង្គម​យើង តែងតែ​កើត​ឡើងជា​ញឹកញាប់ ហើយក៏​បានសម្លាប់​មនុ​ស្ស​ច្រើន​នាក់ និង​ច្រើន​នាក់​ផ្សេងទៀត ចូលដេក​ពេទ្យ​សង្គ្រោះបន្ទាន់​។ មូលហេតុ​ដែល​នាំ​មាន​ករណី​ពុល​ស្រាស ស្រាថ្នាំ​កើតឡើង​តាម​បណ្តា​ខេត្ត​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ លើកឡើងថា ក៏​ព្រោះតែ​អ្នក​ផលិត​ស្រា និង​ពលរដ្ឋ ដែល​ពិសា ពុំ​យល់ច្បាស់​ពី​ការ​ផ្សំ​សារធាតុ​ផលិត ហើយ​ស្រា ដែល​ពុល​ទាំងនោះ​ពិនិត្យឃើញ​មាន​លាយ​ជាតិ​មេ​តា​ណុល កម្រិត​ខ្ពស់​។​

​ករណី​ពុល​ស្រាស ស្រាថ្នាំ​ចុងក្រោយ​នេះ កើតឡើង​នៅ​ខេត្តពោធិ៍សាត់ ខេត្តកំពត និង​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ក្នុងនោះ នៅ​ពោធិ៍សាត់ កើតឡើង​កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​សាន​សរ និង​ភូមិ​ថ្កោល​ធំ ឃុំ​អ​ន្សា​ចំក់ ស្រុក​ក្រគរ ណ្តា​ល​ឲ្យ​ស្លា់ ៧​នាក់ សុទ្ធតែជា​មនុស្ស​ស្រី រីឯ ៩៦​នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក មន្ទីរពេទ្យ​ខេត្ត និង​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​ភ្នំពេញ​។​

​ចំណែក​នៅ​ខែឧសភា នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ពុល​ស្រាស ស្រាថ្នាំ ស្លាប់ ១៤​នាក់ និង​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ស្លាប់ ១០​នាក់​។​

​នៅពេល​កើតមាន​ករណី​ពុល​ស្រា​ម្តងៗ ក្រសួងសុខាភិបាល ក៏បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ ស្វែងរក​ប្រភព​មូលហេតុ ព្រមទាំង​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​ហាមឃាត់​ការផលិត និង​លក់​ស្រា ដែល​មិនមាន​ប្រភព​ច្បាស់លាស់​ទាំងនោះ​។​

​ករណី​ស្រា​ថ្នាំចិនសែ តាំង គួ​យ នៅ​ខេត្តបន្ទាយមានជ័យ ដែល​មន្ត្រី​ជំនាញ ចាប់យក ទៅ​កម្ទេចចោល​នេះ គួរតែ​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ ស្រាវជ្រាវ​រក​អ្នក​ផលិត​ស្រាថ្នាំ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ហើយ​បិទ​អាជីវកម្ម​ផលិត ស្រាថ្នាំ​នោះ​តែម្តង​។ ចំពោះ​អ្នកទិញ​លក់​បន្ត ក៏ត្រូវ​ផ្អាក​ធ្វើ​ជំនួញ​លក់​ស្រាថ្នាំ​នោះដែរ​។​

​រីឯ​ប្រជាពលរដ្ឋ អ្នកភូមិ ពិសេស​កម្មករសំណង់ និង​កម្មករ​កាត់ដេរ ជាដើម ក៏​គួរតែ​ឈប់​ផឹក​ស្រាស ស្រាថ្នាំ ហើយ​បើ​យក​ល្អ ក៏​គួរតែ​ឈប់​ផឹកស្រា ស្រា​បៀរ គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ មិន​ថា ស្រា​នោះ​ថ្លៃ ឬ​ថោក ឬ​ជា​ប៊ី​យ៊ែ​កំប៉ុង ស្រា​ដប​ឡើយ ព្រោះ​ចូរ​កុំភ្លេចថា ការផឹក​ស្រា នាំមក​នូវ​វិនាស ៦​ប្រការ គឺ​វិនាស​ទ្រព្យ បង្កជម្លោះ កើតរោគ​ក្នុង​ខ្លួន ខូច​ឈ្មោះ បង្ហាញ​កេរ្តិ៍ខ្មាស់​ទាំង​រស់ និង​បាត់បង់​បញ្ញា​។

​កម្មករសំណង់ និង​កម្មករ​លីសែង គួរតែ​យប់​សម្រាក ព្រោះ​ធ្វើការ​អស់កម្លាំង​ពេញ​មួយថ្ងៃ ហើយ​គួរ​សន្សំ​លុយ ដែល​បាន​ដោយ​ញើស​ឈាម​នោះ​។ ម្យ៉ាងទៀត ករណី​ថ្មីៗ​នេះ គឺ​ផឹកស្រា នាំ​ឲ្យ​ពុល​ស្លាប់ ហើយក៏​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បើសិនជា​ស្រវឹង ហើយ​បើកបរ​យានយន្ត​នោះ​៕​