អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ជួយ​ទិញ​កង្កែប​សាច់​ពី សហគមន៍​ចិញ្ចឹម​កង្កែប ដែល​កំពុង​កកស្ទះ​

122

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ជួយ​ទិញ​កង្កែប​សាច់​ពី​កសិករ​សហគមន៍​ចិញ្ចឹម​កង្កែប​នៅ​ភូមិ​ភ្នៀ​ត​សង្កាត់​ភ្នៀ​ត​និង​ភូមិ​កំព្រីង​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ​។ នេះ​ជា​ផ្នែក​មួយ​ក្នុងការ​ជួយសង្គ្រោះ​និង សម្រាល​បន្ទុក​កសិករ​ដែលជា​ម្ចាស់​កង្កែប​ក្នុងពេលដែល​ទីផ្សារ​កង្កែប​បាន​ថយ ចុះ​យ៉ាងគំហុក​។​

​ក្នុងនាម​រដ្ឋបាលខេត្ត​លោក ​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មា​ជ័យ​និង​ក្រុមការងារ បាន​ទៅ​ជួយ​ទិញ​កង្កែប​សាច់​នា​សហគមន៍​ខាងលើ​ចំនួន​មួយ​តោន​ហើយ​យកទៅ ចែកជូន កងកម្លាំងប្រដាប់អាវុធ​នៃ​កងឯកភាព​នានា​សម្រាប់​ធ្វើជា​ម្ហូប​ខណៈ ពួកគេ​បាន​នឹង​កំពុង​ឈរជើង​ទ្រោល​សភាពការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ការទប់ស្កាត់​លំហូរ​ព​លករ​ខ្មែរ​ឆ្លងដែន ខុសច្បាប់ ការស្រាវជ្រាវ​រក​គ្រួ​ដារ​ពលរដ្ឋ​ក្រីក្រ និង​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ។ មួយចំណែក​ទៀត ផ្តល់ជូន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​(​បន្សាប​អ្នក​ជាប់​សារធាតុ​ញៀន​) ។​

​សកម្មភាព​របស់​អាជ្ញា​ធរ​ខេត្ត​លើ​បញ្ហា​កង្កែប​នេះ ក្នុង​បំណង​ជួយ​សម្រាល ការលំបាក​របស់​អ្នក​ចិញ្ចឹម និង​ជួយ​សម្រាល​ដល់​ការហូបចុក​របស់​កង​កម្លាំង ផងដែរ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១២-១៣ ខែមិថុនា កសិករ​ម្ចាស់​ថា កង្កែប​សាច់​លក់មិន​ដាច់ ហើយ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព ការសង​បំណុល និង​ការទិញ​ចំណី​ឱ្យ​វា​ស៊ី ។​

​លោក ស្រី សុខា រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត​ជា​កសិករ​ចិញ្ចឹម​ប​ង្កែ​ប​បានឱ្យដឹងថា គាត់​បាន ប្រកប​របរ​ចិញ្ចឹម​កង្កែប​ជាច្រើន​ឆ្នាំ​មកហើយ​ហើយ​ឆ្នាំនេះ ចិញ្ចឹម​កង្កែប​ចំនួន​ប្រាំមួយ​ស្បៃ ។​

​កសិករ​បាន​ប្រាប់​សារព័ត៌មាន​ពី​ការលំបាក​របស់​ពួកគាត់​គឺ ទី​១.​គ្មាន​ប្រាក់​បង់ការ ប្រាក់​ខ្ចីបុល​និង​ទី​២. អត់​ប្រាក់​ទិញ​ចំណី​ឲ្យ​វា​កង្កែប​ស៊ី ។​

​គាត់​បន្តថា នា​ឆ្នាំនេះ គាត់​បាន​ចិញ្ចឹម​កង្កែប​ចំនួន​ប្រាំមួយ​ស្បៃ ។ ក្នុង​មួយ​ស្បៃ ប្រហែល​១.០០០​ក្បាល ។ ឆ្នាំ​កន្លងទៅ វា​មាន​ទីផ្សារ​ហើយ​មាន​ម៉ូ​យមក​ទិញ​កង្កែប សាច់​ហើយ​បាន​តម្លៃ​ខ្ពស់​។​ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ពិសេស​ក្នុងពេល​ការ​រាតត្បាត​ខ្លាំង​នូវ ជំងឺ​កូ​វីដ​បានធ្វើឱ្យ​ទីផ្សារ​កង្កែប​បាត់បង់​ដោយសារតែ​បណ្តា​កន្លែង​ដែល​ធ្លាប់តែ បញ្ជា​ទិញ​កង្កែប​ត្រូវបាន​ផ្អាក ព្រោះ​សកម្មភាព​អាជីវកម្ម​ក៏ត្រូវ​បាន​ផ្អាក ឬកាត់បន្ថយ​ដែរ​។​

​ចំណែក​លោក ពុធ ឈួ​ង កសិករ​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត​ឱ្យដឹងថា សព្វថ្ងៃ​ចិញ្ចឹម​កង្កែប​ចំនួន​១១​ស្បៃ ក្នុង​មួយ​ស្បៃ​ក មាន​ជាង​១.០០០​ក្បាល​។ កង្កែប​ទាំងនេះ​សល់​ពេញ​ស្បៃ​ព្រោះ​លក់​មិនទាន់​ចេញ​។​

​អ្នក​ចិញ្ចឹម​កង្កែប​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​មន្ទីរជំនាញ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​ជួយរ​ក​ទីផ្សារ​លក់​លក់​ប​ង្កែ​ប​ចេញ​ដើម្បី​យកលុយ​បង់​ការប្រាក់ និង​បាន​ទិញ​ចំណី​ឲ្យ​ប​ង្កែ​ប​ដែល​នៅ​តូចៗ​បន្ថែមទៀត ។​

​លោក​ហួត សា​វឺ ចៅ សង្កាត់​ភ្នៀ​ត បាន​បញ្ជាក់ថា​នៅក្នុង​ទូទាំង​សង្កាត់​ភ្នៀ​ត នេះ មាន​កសិករ​ចិញ្ចឹម​កង្កែប​ចំនួន​៥៨​គ្រួសារ ។​

​ករណីនេះ លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បញ្ហា​ទីផ្សា​កង្កែប​សាច់​និង​កូន​ដែល​កសិករ​នៅក្នុង​សង្កាត់​ភ្នៀ​ត ជួបប្រទះ​នេះ ក្នុងនាម​មន្ទីរ​នឹង​ខិតខំ​ជួយ​រក​ទីផ្សារ​ជូន​។ គឺ​តាមរយៈ​លោក សោម សុខា អនុប្រធាន​ការិយាល័យ អភិវឌ្ឍន៍​ពាណិជ្ជកម្ម នៃ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លេខ​ទូរ​សព្ទ 017 84 54 84 ។​

​មកទល់​ថ្ងៃទី​១៧​ខែមិថុនា​នេះ កង្កែប​សាច់​នៅ​សហគមន៍​ខាងលើ​អាច​លក់​ចេញ​ខ្លះវិញ ហើយ​ពិសេស​ដោយបាន​ការជួយ​ទិញ​ពី​អាជ្ញាធរ ៕​/PC