យូរ៉ូ ២០២០ ៖ អង់គ្លេស និង​ស៊ុយអែត​រំពឹង​ទទួលបាន​៣​ពិន្ទុ​

349

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​យូរ៉ូ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ចំនួន ៣ គូ ហើយ​យើង​នឹង​លើកយក​មក​វិភាគ​ទាំង​៣​ដូចខាងក្រោម​

– អង់គ្លេស vs ស្កុត​លែន (​ពូ​ល D) ៖ កីឡដ្ឋាន Wembley Stadium ទីក្រុង​ឡុង​ដ៍​

​ក្រោយ​ឈ្នះ​ក្រូ​អាស៊ី ១-០ ក្នុង​ការប្រកួត​បើកឆាក​ពូ​ល D នៃ​យូរ៉ូ​២០២០ អង់គ្លេស​នឹង​សម្លឹង​រក ៣ ពិន្ទុ​ទៀត​ពី​ក្រុម​អ្នកជិតខាង​ស្កុត​ឡែន​។​

​ទោះ​ឈ្នះ​លើ​ក្រូ​អាស៊ី​បាន​៣​ពិន្ទុ​ទាំង​មិនល្អ​មើល​ក៏​ពិតមែន ប៉ុន្តែ​លោក​ហ្គា​រ៉េត សៅ​ហ្គេត​និង​កូនក្រុម​របស់គា​ត់​ពិត​ជា​រីករាយ​នឹង​ជ័យជម្នះ​ដ៏​សំខាន់​នេះ​។​

​រ៉ា​ហ៊ីម ស្ទើ​លីង បាន​ជាប់​ជម្រើស​ដំបូង​ដ៏​គួរឱ្យភ្ញាក់ផ្អើល ត្បិត​កំពុង​លេង​ធ្លាក់​ជើង ហើយ​ខ្សែប្រយុទ្ធ Man City រូប​នេះ​អាច​រកបាន​១​គ្រាប់​ថែមទៀត ពី​ការបញ្ជូន​បាល់​ពី​កីឡាករ Leeds ខេ​វិន ហ្វី​លីព​។​

​ទោះបី​ភី​ល ហ្វូ​ដិន ស៊ុត​បុករ​បារ​ទី​នៅ​ដើមតង់​ក្នុងពេល​អង់គ្លេស​កំពុង​គ្របដណ្តប់​ការប្រកួត​ក៏ដោយ ក៏ប៉ុន្តែ​សន្ទុះ​លេង​រវាង​ក្រុម​ទាំង​ពីរ​ចាប់ផ្តើម​ថមថយ​លែង​ល្អមើល លើកលែង​តែ​គ្រាប់​បាល់​របស់​ស្ទើ​លីងនៅ​តង់​ទី ២ និង​ការចាក់ចោល​ឱកាស​កៀក​ទី​ពី​ហារី ខេន​។​

​នេះ​គ្មានអ្វី​ចម្លែក​ទេ​សម្រាប់​តោ​កំណាច​អង់គ្លេស ព្រោះ​តាម​ប្រវត្តិ ពួក​គេ​បើក​ឆាក​យូរ៉ូ​មិនដែល​ល្អ​នោះ​ទេ ដោយ ៨ លើកចុងក្រោយ​ស្មើ ៥ និង​ចាញ់ ៣ ។​

​ដោយឡែក ស្កុត​ឡែន​ចូលរួម​យូរ៉ូ​នេះ​ដោយ​ក្តីសង្ឃឹម​ខ្ពស់ ប៉ុន្តែ​បាន​រង​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​សាធារណរដ្ឋ​ឆែក​។​

​កីឡាករ​ស្កុត​ឡែន​មានឪកាស​ល្អ​ជាង​នៅ​តង់​ទី ១ ហើយ​មាន​ឱកាស​សម្លាប់​ការប្រកួត​នេះ​ជាច្រើនលើក ប៉ុន្តែ​បែរជា​ចាក់ចោល​ឱកាស​ទាំងនោះ​អស់រលីង​។ គ្រាប់​បាល់​ទី ១ ពី​ខ្សែប្រយុទ្ធ​ឆែក ផា​ទ្រី​ក ស៊ី​ក បាន​កែប្រែ​ទម្រង់​លេង​ទាំងអស់​របស់​ស្កុត​ឡែន ហើយ​ចាប់តាំងពី​គ្រាប់​នោះ​កើត​ឡើង​មក កូនក្រុម​របស់​លោក​ស្ទីវ ក្លា​ក មិន​អាច​បង្កើត​ឱកាស​ស៊ុត​បាន​នោះឡើយ​។​

​លោក​ស្ទីវ ក្លាក​មាន​ការងារ​ធ្ងន់​ត្រូវធ្វើ​ថ្ងៃនេះ​ដោយ​ត្រូវ​ទាមទារ​ឱ្យមាន​ការកែលម្អ​យ៉ាងខ្លាំង​ពី​សំណាក់​កូនក្រុម​របស់គាត់​ដើម្បី​រក្សា​ដង្ហើម​រស់​ក្នុង​យូរ៉ូ​។​

​នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ទី ៣ សម្រាប់​ស្កុត​ឡែន​នៅ​យូរ៉ូ ហើយ​ពួកគេ​បាន​បញ្ចប់ទៅ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ពូ​ល​ក្នុង​យូរ៉ូ​មុនៗ ដោយ​មិន​បាន​ឈាន​ទៅ​វគ្គ​បន្ត​ទេ​។ ប៉ុន្តែ​ពួកគេ​បាន​ឈ្នះ​នៅ​ប្រកួត​បង្គ្រប់កិច្ច​នៅ​យូរ៉ូ​នីមួយៗ​ផងដែរ​។​

​ដំណឹង​ជើង​របស់​អង់គ្លេស ៖

​អ្នកចាំទី​ឌី​ន ហិន​ឌឺ​សុន មិន​អាច​បន្ត​លេង​នៅ​យូរ៉ូ​២០២០​បានទេ​ដោយសារ​របួស​ចង្កេះ ហើយ​អ្នកចាំទី អា​រ៉ុន រ៉ា​ម​ស៍ឌែល របស់ Sheffield United ត្រូវ​បាន​កោះហៅ​មក​ជំនួស​។

​ខ្សែការពារ ហា​រី ម៉ាកខ្វាយ​អឺ ត្រូវការ​ពេលវេលា​យ៉ាងតិច​២​សប្តាហ៍​ទើប​ជាសះស្បើយ​ពី​របួស​ទាំងស្រុង ហើយ​ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្តូរ​ជើង​ក្រោម​ទាំង​៤ ដែល​បិទ​ជាប់ក្រូ​អាស៊ី​នោះឡើយ​។

​រ៉ា​ហ៊ីម ស្ទើ​លីង និង ភី​ល ហ្វូ​ដិន ជាប់​ជ​ម្រ​សើ​ដំបូង​យ៉ាង​ភ្ញាក់ផ្អើល​នៅ​ប្រកួត​បើកឆាក ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​ខ្សែការពារ​ក្រូ​អាស៊ី​បិទ​ឡើង​ស្ងាត់ឈឹង​លើ​ទីលាន​។

​ជែក គ្រីលី​ស និង ម៉ាកូ​ស រ៉ា​ស្វត អាច​នឹង​ជាប់​ជម្រើស​ដំបូង​នៅថ្ងៃនេះ ប្រសិន​បើ​លោក​សៅ​ហ្គេត​ចង់​លេង​បែប​ប្រយុទ្ធ​មិន​ដក​ដៃ​។

​ជម្រើស​ដំបូង​របស់​អង់គ្លេស​យប់​នេះ​អាច​មាន​កីឡាករ​ដូចជា ៖ ភី​ក​ផ​ត​, ទ្រី​ប​ព្យែរ​, ស្តូន​, មីង​, វ៉ក​ឃើ​, ហ្វី​លីព​, រ៉ា​យ​, ម៉ោន​, គ្រីលី​ស​, ស្ទើ​លីង​, ខេន​។​

​ដំណឹង​ជើង​របស់​ស្កុត​ឡែន ៖

​ទាំង​ខេ​រ៉ា​ន ថា​យ​នី និង ប៊ីល​លី ហ្គីល​ម័​រ មិន​បាន​ជាប់​ជម្រើស​ដំបូង​នៅ​ថ្ងៃ​បើកឆាក​ទេ ប៉ុន្តែ​ថា​យ​នី​អាច​នឹង​លេង​ជម្រើស​ដំបូង​ថ្ងៃនេះ​។

​ឆេ អា​ដាំ ត្រូវបាន​ដកចេញ​ពី​ជម្រើស​១១​នាក់​យ៉ាង​ភ្ញាក់ផ្អើល​ពេល​ប៉ះ​ឆែក ហើយ​អាច​នឹង​ត្រឡប់​មក​ឈុត​ធំ​វិញ​ដើម្បី​ជំនួស​កីឡាករ រ៉ា​យ​អែ​ន គ្រីស្ទី​។

​ព្យាករណ៍ ៖

​អង់គ្លេស​និង​ស្កុត​ឡែន​ធ្លាប់​ជួប​គ្នា ១១៤ ដង ដោយ​អង់គ្លេស​ឈ្នះ ៤៨ ដង ស្កុត​ឡែន​ឈ្នះ ៤១ ដង និង​ស្មើគ្នា ២៥ ដង​។ ជួប​គ្នា​ចុងក្រោយ​នៅ​វគ្គ​ជម្រុះ​វើល​ខា​ប់ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើគ្នា ២-២​។​

​ប៉ុន្តែ​ថ្ងៃនេះ​ជា​ប្រកួត​ធំ​បំផុត​សម្រាប់​អង់គ្លេស ដោយសារ​ពួកគេ​ជា​ក្រុម​សម្បូរ​កីឡាករ​គុណភាព ប៉ុន្តែ​មិន​ដែល​ឈ្នះ​ពាន​យូរ៉ូ​ម្តងណា​ឡើយ​។ ប្រៀបធៀប​នឹង​ស្កុត​ឡែន អង់គ្លេស​មាន​កីឡាករ​ល្អ​ជាង​គ្រប់​តំបន់​ទាំងអស់​។

​ស្កុត​ឡែន​ជា​ក្រុម​ងាយ​ប្រែប្រួល​ទម្រង់​លេង ហើយ​ប្រសិនបើ​គេ​ស៊ុត​នាំ​មុខមុន ពួកគេ​នឹង​ក្លាយ​ជា​ក្រុម​រង្គោះ​រង្គោះ​ភ្លាម​។ ដោយហេតុ​ថា​អង់គ្លេស​មាន​ខ្សែការពារ​លំដាប់​កំពូល​និង​រឹងមាំ​ដូច​ជញ្ជាំង​បេតុង យើង​ជឿ​ថា​អង់គ្លេស​នឹង​យក​ឈ្នះ​លើ​ការប្រកួត​នេះ​យ៉ាង​ងាយ​។

​លទ្ធផល​ព្យាករណ៍ អង់គ្លេស​ឈ្នះ ៤-១​។​

– ក្រូ​អាស៊ី vs សាធារណរដ្ឋ​ឆែក (​ពូ​ល D) ៖ កីឡដ្ឋាន Hampden Park ទីក្រុង​ក្លា​ហ្គោ ស្កុត​ឡែន​

​ដោយ​ចាញ់​អង់គ្លេស​នៅ​ថ្ងៃ​បើកឆាក ក្រូ​អាស៊ី​ត្រូវ​ផ្តួល​ឆែក​នៅថ្ងៃនេះ​ឱ្យបាន​ដើម្បី​រក្សា​ក្តីសង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ទាប់​។

​ទន្ទឹមនេះ ឆែក​ធ្វើ​បាន​ល្អ ដោយ​ផ្តួល​ស្កុត​ឡែន ២-០ នៅ​ទឹកដី Hampden Park​។ ក្រុម​ទាំង​ពីរ​មានឱកាស​ស៊ុត​គ្នា​ទៅវិញទៅមក ប៉ុន្តែ​គ្រាប់​បាល់​ទី​មួយ​របស់​កីឡាករ ផា​ទ្រី​ក ស៊ី​ក បាន​ផ្លាស់ប្តូរ​ការប្រកួត​សម្រាប់​ឆែក​។

​ជើងឯក​រងវើ​លខាប់ ក្រូ​អាស៊ី លេង​បាន​ល្អ​គួរសម​ទល់​នឹង​អង់គ្លេស ប៉ុន្តែ​មិន​អាច​បង្កើត​ឱកាស​បាន​ល្អ​ណា​មួយ​នោះទេ ហើយ​ការលេង​ល្អ​មួយ​ភ្លែត​ពី​ខេ​វិន ហ្វី​លីព បាន​ជួយ​ឱ្យ​អង់គ្លេស​ឈ្នះ​ក្រូ​អាស៊ី​។

​ដំណឹង​ជើង​របស់​ក្រូ​អាស៊ី ៖

​ស្លា​ន់​កូ ដា​លី​ក អាច​នឹង​ជ្រុះ​ចេញពី​ជម្រើស​ដំបូង ដែល​ចាញ់​អង់គ្លេស​នៅ​ថ្ងៃ​បើកឆាក​។ ដូ​ម៉ា​ហ្គោ​ច ប្រា​ដា​រីក អាច​នឹង​លេង​នៅ​តំបន់​ការពារ​ស្លាប​ឆ្វេង ហើយ​ឌី​ជែន ឡូ​វរិ​ន ត្រូវ​ប្រជែង​ជាមួយ កាឡេ​តា ខា សម្រាប់​តំណែង​ការពារ​កណ្តាល​។

​ដំណឹង​ជើង​របស់​ឆែក ៖

​គ្រូបង្វឹក ចារ៉ូ​ស្លាវ ស៊ី​ល​ហា​វី គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្តូរ​ឈុត​១១​នាក់​ដំបូង ដែល​ផ្តួល​ស្កុត​ឡែន​នៅ​ថ្ងៃ​បើកឆាក​នោះទេ ដរាបណា​មាន​កីឡាក​រណា​ម្នាក់​មាន​របួស​មុន​ចូល​ប្រកួត​ថ្ងៃនេះ​។

​ព្យាករណ៍ ៖

​ឆែក​និង​ក្រូ​អាស៊ី​ជួប​គ្នា​តែ​ពីរ​ដង​ប៉ុណ្ណោះ​គឺ​ក្នុង​យូរ៉ូ​១៩៩៦ ស្មើគ្នា​២-២ និង ជួប​គ្នា​នៅ​មិត្តភាព ២០១១ ក្រូ​អាស៊ី​ឈ្នះ ៤-២​។​

​ក្រូ​អាស៊ី​សម្បូរ​កីឡាករ​បង្កើត​ឱកាស​ដូច​ជា​លូ​កាស ម៉ូ​ឌ្រិ​ក និង អ៊ី​វ៉ាន់ ភើ​រី​ស៊ី​ក ប៉ុន្តែ​អ្នក​បញ្ចប់​ទី​របស់​ក្រូ​អាស៊ី​មិនសូវ​មាន​គុណភាព​ទេ​។

​ឆែក​ជា​ក្រុម​មាន​ប្រៀប​ឈ្នះ​ទាប​ជាង​ក្រូ​អាស៊ី​ថ្ងៃនេះ ប៉ុន្តែ​ពួកគេ​ថ្មីៗ​នេះ​បាន​បង្ក​ព្យុះ​ភ្លៀង​សម្បើម​ណាស់​ដែរ​ពេល​ប៉ះ​ក្រុម​ធំៗ ហើយ​ចុងក្រោយ​ស្មើ​បែលហ្ស៊ិក​លេខ​១​ពិភពលោក ក្នុង​លទ្ធផល ១-១​។

​ដូច​បាន​និយាយ​ខាងដើម ក្រូ​អាស៊ី​មាន​បញ្ហា​ប្រយុទ្ធ ប៉ុន្តែ​ការពារ​រឹងមាំ​។ ចំណែក​ឆែក​លេង​ស្មើ​ជើង​គ្នា ត្បិត​គុណភាព​កីឡាករ​រាង​ទាប​ជាង​ក្រូ​អាស៊ី​ក៏ពិតមែន ប៉ុន្តែ​ពូកែ​បង្កើត​ឱកាស​ស៊ុត​។​

​លទ្ធផល​ព្យាករណ៍ ឆែក​ឈ្នះ​ឬ​ស្មើ​។

– ស៊ុយអែត vs ស្លូ​វ៉ាគី (​ពូ​ល E) ៖ កីឡដ្ឋាន Gazprom Arena ប្រទេស​រុស្ស៊ី​

​ស្លូ​វ៉ាគី​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​ទល់​នឹង​ប៉ូឡូញ ហើយ​ក្រុមអេ​ស្ប៉ាញ​ដែល​រំពឹងឈ​រលេខ​១​ក្នុង​ពូ​ល​បែរជា​ស្មើ​ជាមួយ​ស៊ុយអែត​។ ដូច្នេះ​ក្រុម​ល្អ​ទាំង​ពីរ​បាន​ជ្រុះ​ពិន្ទុ ដូច្នេះ​បាន​បង្កើន​ឱកាស​ដល់​ក្រុម​ពីរ​ផ្សេង​ទៀត​។​

​លើសពីនេះទៅទៀត អេ​ស្ប៉ាញ​និង​ប៉ូឡូញ​ត្រូវ​ប៉ះ​គ្នា​នៅ​សប្តាហ៍​នេះ ដែល​មានន័យថា យ៉ាងហោចណាស់​មួយ​ក្នុងចំណោម​ក្រុម​ទាំងពីរ​នេះ​នឹង​របូត​ពិន្ទុ​ម្តងទៀត​។ នេះ​ពិតជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ស៊ុយអែត​និង​ស្លូ​វ៉ាគី​។​

​ស្លូ​វ៉ាគី​ឈរ​នៅ​លើកំពូល​តារាង​ពូ​ល E ដោយមាន ៣ ពិន្ទុ​ហើយ​ប្រសិន​បើ​ពួកគេ​អាច​រក​បាន​ជ័យជម្នះ​មួយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ពួកគេ​នឹង​ឈាន​ទៅ​វគ្គ​បន្ត​។​

​ស៊ុយអែត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ ដោយមាន ១ ពិន្ទុ​ហើយ​ពួកគេ​បាន​រួចផុត​ពី​បរាជ័យ​ពេល​ប៉ះ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​។ បើ​ឈ្នះ​ថ្ងៃនេះ ពួកគេ​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​។​

​ទាំង​ស៊ុយអែត​និង​ស្លូ​វ៉ា​គីនឹង​លេង​ប្រយ័ត្នប្រយែង​ដូចគ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​។

​ដំណឹង​ជើង​សម្រាប់​ស៊ុយអែត ៖

​ដេ​ចាន គូ​លូ​សេ​វស្គី និង ម៉ាត់​ធៀ​ស ស្វាន​បឺក តេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩ ដូច្នេះ​នឹងចូលរួម​ក្នុង​ក្រុម​វិញ​។ ការវិលត្រឡប់​របស់​កីឡាករ​ល្អ​ទាំង​ពីរ​នឹង​ជំរុញ​ដល់​ក្រុម​របស់​លោក ជេ​ន អាន់​ឌឺ​សុន​។

​ដំណឹង​ជើង​សម្រាប់​ស្លូ​វ៉ាគី ៖

​អ៊ី​វ៉ាន់ ស្រា​ន់ នឹង​បន្ត​អវត្តមាន​សម្រាប់​ស្លូ​វ៉ាគី​ដោយសារ​របួស​។ ខ្សែ​បម្រើ លូ​កាស ហា​រ៉ា​ស្លីន និង​ខ្សែការពារ ភី​ត​ធឺ ប៉េ​ការីក នឹង​បន្ត​រក្សា​តំណែង​១១​នាក់​ដំបូង ដោយហេតុ​ថា​ពួកគេ​បាន​រារាំង​កីឡាករ រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី របស់​ប៉ូឡូញ​បាន​យ៉ាង​ល្អ​។

​កីឡាករ មី​ឡាន ស្គ្រី​នែ ទទួលបាន​ការសរសើ​រ​សម្បើម​ណាស់​ពី​គ្រូបង្វឹក ព្រោះ​រូបគេ​ជា​កីឡាករ​នាំ​ប្រយុទ្ធ​ដល់​ក្រុម​ទាំងមូល ហើយ​ថ្ងៃនេះ​រំពឹង​ជាប់​ជម្រើស​ដំបូង​ម្តងទៀត​។

​ព្យាករណ៍ ៖

​ស៊ុយអែត​មិន​ដែល​មាន​ប្រវត្តិ​ចាញ់​ស្លូ​វ៉ាគី​នោះទេ ហើយ​ពេល​ប្រកួត​ផ្លូវការ គឺ​ស៊ុយអែត​ឈ្នះ​រហូត ដោយ​ជួប​គ្នា​ឆ្នាំមុន គឺ​ឈ្នះ ៦-០​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺ​ស៊ុយអែត​មិន​ដែល​ចាញ់​នៅ ៦ ប្រកួត​ចុងក្រោយ និង​ជា​ពិសេស​ចុងក្រោយ​នេះ​គឺ​ទប់​ស្មើ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​។

​ក្នុង​១៤​ប្រកួត​ចុងក្រោយ​នេះ​ស្លូ​វ៉ាគី​ឈ្នះ​តែ​៣​ដង​ប៉ុណ្ណោះ ដែល​ចុងក្រោយ​គឺ​ឈ្នះ​ប៉ូឡូញ ២-១ យ៉ាង​ភ្ញាក់ផ្អើល​។ តែ​ទោះ​យ៉ាងណា ផ្អែក​លើ​ប្រវត្តិ​ជួបគ្នា យើង​នៅតែ​រំពឹង​ស៊ុយអែត​ឈ្នះ​ការប្រកួត​នេះ​។

​លទ្ធផល​ព្យាករណ៍ ស៊ុយអែត​ឈ្នះ​២-១៕

 អង់គ្លេស​រំពឹង​ឈ្នះ​ស្កុត​ឡែ​នងាយៗ​ថ្ងៃនេះ