អ្នក​ទទួល​ភ្ញៀវ​នៅ​សភា​ថៃ​កើតកូ​វីដ នាំ​អោយ​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ប្រញាប់ប្រញាល់​ពិនិត្យ​រក​វីរុស​

186

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា និង​ក្រុម​អង្គរក្ស​របស់​លោក​បាន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ភ្លាមៗ​ពេល​ទៅ​ដល់​សភា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​

​ការ​ធ្វើតេស្តិ៍​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកបំរើ​ម្នាក់​នៅ​បន្ទប់ទទួលភ្ញៀវ​រដ្ឋមន្ត្រី​នៅ​អាគារ​សភា​បាន​ឆ្លង​វីរុស​កូរ៉ូណា​និង​បាន​ធ្វើការ​នៅ​ទីនោះ​ក្នុងពេល​​សភា​ប្រជុំពិភាក្សា​អំពី​គំរោង​ថវិកា​ឆ្នាំ​២០២២​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ថៃ​បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​២២​នាក់​ទៀត និង​មនុស្ស​៣.០៥៨​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លង​ទៅ​ក្នុងនេះ​៤៥៩​នាក់​ជា​អ្នកទោស​នៅក្នុង​គុក​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១​មេសា នៅពេលកូ​វីដ​រលក​ទី​៣​ចាប់ផ្តើម​វាយប្រហារ​ថៃ មាន​អ្នក​ឆ្លង​សរុប​១៨១.៩១៩​នាក់ និង​ចាប់​តាំងពី​ដើម​ឆ្នាំ​មុន​មក ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ២១០.៧៨២​នាក់​ តែ​១៧៦.៤១០​នាក់​បាន​ជាសះស្បើយ​។​

​ថៃ​ក៏​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​សរុប​១.៥៧៧​នាក់ ក្នុងនោះ​១.៤៨៣​នាក់​ស្លាប់​នៅ​រលក​ទី​៣៕

​នាយករដ្ឋមន្ត្រី​ថៃ​បាន​ទៅ​ដល់​សភា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ