ដោយ: សុផល/ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួប សម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បី គោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចវិបុលសេនាភក្តីនាឱកាសនោះ លោកបាន ជម្រាបជូនអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅកាងារ ឆ្នាំ២០២១របស់ក្រសួង ដែលរួមមាន៖ គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបានគម្រោង កំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ (AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន៖ គម្រោង សាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិ លេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។
បន្ថែមទៅលើគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងស្នើសុំបង្កើតគណៈកម្មការ គ្រប់គ្រងដីចំណីផ្លូវ គម្រោងសាងសង់ស្ពានក្រចេះ ការទិញបានគ្រឿងចក្រ ត្រួតពិនិត្យគុណភាពស្ពាន ការងារសុវត្ថិភាពចរាចរណ៍ បានបង្កើតមណ្ឌលសេវា សាធារណៈដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ ការចេញបណ្ណបើកបរ អន្តរជាតិសម្រាប់៩៩ប្រទេស បានធ្វើការជាមួយក្រសួងសង្គមកិច្ចចេញបណ្ណ បើកបរជូនជនពិការ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានគយ និងពន្ធដារដើម្បី ត្រួតពិនិត្យការក្លែងបន្លំពន្ធនិងងាយស្រួលក្នុងការប្តូរកម្មសិទ្ធិយានយន្ត បានដាក់ឱ្យ ដំណើរការសាលាបង្រៀនបើកបរធ្ងន់ធ្ងរ បានដាក់ឱ្យដំណើរការប្រព័ន្ធលក់ លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥.៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិការប្រើប្រាស់បច្ចេកវិទ្យា ទំនើបដើម្បីរឹតបន្តឹងនិងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គម្រោង ដាក់ឱ្យដំណើរការកម្មវិធីកាត់បន្ទុកបណ្ណបើកបរតាមរយៈទូរសព្ទដៃ ជាដើម។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ ក្រសួងបាន សហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោង សាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សា ជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ បានបញ្ចប់ គម្រោងសិក្សាសាងសង់រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការមេ ភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិននិងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់បានចុះកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរីដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារ កម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរ ឡើងសុខមាលភាពសាធារណៈផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ សម្តេចវិបុលសេនាភក្តីបានថ្លែងនូវ ការកោតសរសើរដោយស្មោះ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជន ក្រោមការដឹកនាំរបស់ លោក ទេសរដ្ឋមន្ត្រី សម្រេចបាន នូវសមិទ្ធផលការងារ ជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់រាជរដ្ឋាភិបាលក្នុងកាអភិវឌ្ឍប្រទេសជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុង ឆ្លងកាត់។
ស្របពេលជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យលោកទេសរដ្ឋមន្ត្រីក៏ដូចជាថ្នាក់ ដឹកនាំក្រសួងជួយជំរុញលើកទឹកចិត្តមន្ត្រីរាជការក្រសួងឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក គ្រប់ការងារទាំងអស់ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត៕/PC