ដោយៈមុនរ័ត្ន/ភ្នំពេញៈក្នុងជំនួបពិភាក្សាមួយ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានជម្រាបទៅលោកទូតវៀតណាមប្រចាំកម្ពុជាថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ។លោក វូ ក្វាងមីញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានជួបលោកនាយឧត្តមសេនីយ៍កាលពីរសៀលថ្ងៃទី១៧ខែមិថុនាម្សិលមិញ។
ប្រភពបញ្ជាក់ថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានស្នើឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។លោក៏បានបញ្ជាក់ជូនទូតវៀតណាមថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ។
ចំណែកទូតវៀតណាមបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ជាដើម។ ទន្ទឹមនឹងនេះលោកទូតក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែរ ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានតបទៅលោកទូតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការសម្រប សម្រួលបន្ថែមទៀតលើការងារផ្សព្វផ្សាយបទបញ្ញត្តិស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។
ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា អគ្គនាយកអន្តោប្រវេសន៍ក៏បានស្នើឲ្យឯកអគ្គរដ្ឋ ទូតវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ៕សរន