ដោយ៖ ដេប៉ូ/ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានថ្លែងថាការគ្រប់គ្រង និងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណកាន់តែថយចុះ។
ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពត ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងចំណោមសំណល់សំរាម ១០០ភាគរយមានសំណល់សរីរាង្គប្រមាណ ៦៨ភាគរយ សំណល់ប្លាស្ទិក ប្រមាណ ២០ភាគរយ និងសំណល់រឹងជាង ១០ភាគរយ។ ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិកដែលក្រុមហ៊ុនកូកាកូឡាផ្តល់ជូនរដ្ឋបាលខេត្តកំពតតាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមគ្រប់ គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡា ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀត ដែលមានមេត្រីភាពបរិស្ថាន។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា៖«ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។
លោកថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០ភាគរយ ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០ភាគរយប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។
ជាមួយគ្នានេះ លោករដ្ឋេលេខាធិការបានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។
គួរបញ្ជាក់ថាទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើង នៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងដោយបញ្ជាក់ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ គ្រប់គ្រងសំរាមសំណាល់រឹងទីប្រជុំជន ដើម្បី ពង្រឹង និង ដោះស្រាយ បញ្ហា គ្រប់គ្រង សំរាម និង សំណល់ រឹង នៅ ទីប្រជុំជនឱ្យ មាន ប្រសិទ្ធភាព និង មានសុវត្ថិភាព បរិស្ថាន ខណៈ អត្រា បរិមានណសំរាម ក្នុង មួយ ឆ្នាំ ៗមាន ការ កើន ឡើងប្រមាណ ១៥ភាគរយក្នុងមួយឆ្នាំ។ បច្ចុប្បន្ន សំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន៕