ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានអំពាវ នាវ ៧ ចំណុចនៅក្នុងឱកាស​ខួប​លើក​ទី​១៤ ទិវា​អតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០២១ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិដោយបំផុសស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជននិងគ្រួសារព្រមទាំងលើកទឹកចិត្តឱ្យមានការចូល រួមរបស់អតីតយុទ្ធជននិងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។

 

នៅក្នុងសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងឱកាសខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២១ សូមអំពាវនាវដូចតទៅ៖

ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជាសូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តមនិងសេចក្តីថ្លៃថ្នូរជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ចនូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិជាទីស្នេហា នៃយើង។

ទី២-គ្រប់ក្រសួងស្ថាប័ន អង្គភាពនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាននិងយុទ្ធជន យុទ្ធនារីជាពិសេស យុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។

ទី៣- ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជនឱ្យជួយផ្សព្វផ្សាយសារាចរនិងសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៤ ទិវាអតីត យុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជនឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែម ទៀត។

ទី៤-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវបន្តអនុវត្តឱ្យបានល្អនិងមានប្រសិទ្ធភាពនូវការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជននៅទូទាំងប្រទេស ។ម្យ៉ាងវិញទៀតក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

ទី៥-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបន្តជំរុញការ អនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីត កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទី៦-ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនជាពិសេសត្រូវយកចិត្តទុក ដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក។

ទី៧- សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ ។សមាគមអតីតយុទ្ធជន កម្ពុជាត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គមនិងលើកទឹកចិត្តឱ្យបងប្អូន អតី តយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពនិងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែដើម្បីជាប្រ យោជន៍ដល់បងប្អូននិងប្រទេសជាតិ ។

សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០០៧ បាននឹងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូន អតីតយុទ្ធជននៅក្នុងសង្គមជាតិដោយបំផុសស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជននិងគ្រួសារព្រមទាំងលើកទឹក ចិត្តឱ្យមានការចូលរួមរបស់ អតីតយុទ្ធជននិងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ ៕