ដោយៈ បូកគោ / កំពត: រដ្ឋបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសជូនដំណឹង ស្ពីពីការស្លាប់របស់ អ្នកវិជ្ជមានកូវីដ១៩ម្នាក់ បន្ទាប់ពីចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ ករណីស្លាប់បន្ថែម ម្នាក់ទៀតនេះ បានធ្វើឱ្យការបាត់បង់ជីវិត អ្នកជំងឺកូវីដ ក្នុងខេត្តកំពត កើនដល់ចំនួន ៨ នាក់។
សេចក្តីប្រកាស មានខ្លឹមសារថា យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តកំពត គឺមានករណី អ្នកវិជ្ជមានកូវីដ-១៩ ជាស្ត្រីវ័យ៥៥ឆ្នាំជនជាតិខ្មែរម្នាក់រស់នៅភូមិចក្រីទីង ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តតកំពត បានស្លាប់ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ ជនរងគ្រោះ បានចូលសម្រាកព្យាបាល នៅម៉ោង ៦ ព្រឹកថ្ងៃទី១៨ ខែមិថុនា ដោយសភាពអស់កម្លាំង ហត់ ក្អកខ្លាំង និងស្បែកប្រែសម្បុរស្វាយ។ ពេលនោះ ក្រុមគ្រូពេទ្យ បានធ្វើការសង្គ្រោះបន្ទាន់ តាមលក្ខណៈ បច្ចេកទេស ព្រមទាំងធ្វើតេស្ត រកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ដោយស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ គ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន អ្នកជំងឺ ក៏បាត់បង់ជីវិត នៅម៉ោង ៨ ព្រឹក ថ្ងៃដដែលនេះតែម្តង។
ជាមួយនេះ រដ្ឋបាលខេត្តកំពត ក៏បានប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន ២៧ នាក់ទៀត។ ការរកឃើញអ្នកវិជ្ជមាន បន្ថែមនេះ បានធ្វើឱ្យអកមកឆ្លង ក្នុងខេត្តកំពត បានកើនដល់ ៩៦៨ នាក់។ ក្នុងនោះ កំពុងសម្រាកព្យាបាល ៥៣៨ នាក់ បានជាសះស្បើយ ៤២២ នាក់ និងស្លាប់ចំនួន ៨ នាក់៕/V