​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ ដើម្បី​ពង្រឹងគុណភាព ក្នុង​ការដឹកនាំ​គ្រប់គ្រង​វត្ត​អារាម ឱ្យមាន​របៀបរៀបរយ​មាន​សាមគ្គី​ភាពល្អ រក្សា​តម្លៃ​ព្រះពុទ្ធសាសនា​ឲ្យ​ថ្កុំថ្កើង​រុងរឿង ជៀសវាង​ការប្រកាន់​បក្សពួក បង្ក​អធិករណ៍ ធ្វើឱ្យ​ប្រជា​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ អាច​ជះឥទ្ធិពល​អាក្រក់​អាប់អោន​ដល់​ព្រះពុទ្ធសាសនា​នោះ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត គណៈធម្មយុត្តិកនិកាយ​បានធ្វើ​ពិធី​ប្រកាស សេចក្ដីសម្រេច​តែងតាំង​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន ៦ វត្ត​ធ្វើ​សរុបគ្នា នៅ​វត្ត​សុវណ្ណ​បព្វ​កា​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ។

​ព្រះចៅអធិការ​វត្ត​ដែល​ត្រូវបានធ្វើ​ពិធី​ប្រកាស​តែងតាំង នាពេលនេះ រួមមាន​៖ ១/ វត្ត​ធម្ម​និមិត្ត​ជម្ពូផល ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី​។ ២/​វត្ត​ពោធិ​លង្កា​រាម​អូរ​ស្ងួត ស្រុក​មង្គល​បូរី ។​៣/​វត្ត​រតន​និមិត្ត​សំពៅ​ផល ឃុំ​រហាត់ទឹក មង្គល​បូរី ។​៤/ វត្ត​ឃោ​សា​ធា​រាម​គោក​ចារ ឃុំ​ស្ពាន​ស្រែង ភ្នំស្រុក​។ ៥/​វត្ត​មុនី​រុក្ខា​រាម​ត្រពាំង​ធ្លក បន្ទាយឆ្មារ ថ្មពួក និង​៦/​វត្ត​មហាវិហារ​ស្រុក​ម៉ាឡៃ​។

​ព្រះ​វរៈ​មុនី វ៉ា​ចិន្ដា ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ​ខេត្ត​គណៈធម្មយុត្តិកនិកាយ ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ ពិធី​ប្រកាស​តែងតាំង​ព្រះចៅអធិការ​វត្ត​ទាំង​៦ នា​ថ្ងៃនេះ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់ធ្វើ​ការដឹកនាំ​គ្រប់គ្រង​វត្ត​អារាម​ឲ្យ​មាន​របៀបរៀបរយ មាន​សាមគ្គី​ភាពល្អ រក្សា​តម្លៃ​ព្រះពុទ្ធសាសនា និង​បន្ត​ចូលរួម កសាង​សង្គមជាតិ​ឱ្យមាន​ការរីកចម្រើន​រុងរឿង​។​

​ព្រះ​វរៈ​មុនី វ៉ា​ចិន្ដា មាន​សង្ឃដីកា​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ននេះ គឺ​ត្រូវកា​វត្តមាន និង​ការចូលរួម​ឥត​សំចៃ ទាំង​ស្មារតី សម្ភារៈ​បញ្ញាញាណ ពី​ព្រះ​រាជាគណៈ ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ដើម្បី​រួមគ្នា​កសាង​កម្ពុជា​ឲ្យ​ក្លាយទៅជា​សង្គម​មួយ ដែល​គ្មាន​អំពើហិង្សា គ្មាន​ការរំលោភ​សិទ្ធិ សេចក្ដីថ្លៃថ្នូរ របស់​មនុស្ស​រួមចំណែក​ធ្វើឱ្យ​សង្គមជាតិ​យើង មាន​ភាពរឹងមាំ ប្រកបដោយ​ចំណេះដឹង មាន​សីលធម៌ គុណធម៌ ចរិយា​ធម៌ និង​សាមគ្គីធម៌​ជាដើម​។

​លោក ខៀវ សុខ​និមល​ន៍ អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​លើកឡើងថា​៖ ព្រះចៅអធិការ​វត្តមាន​តួនាទី​គ្រប់គ្រង​ទទួលខុសត្រូវ ទាំង​ស្រុក​ក្នុង​វត្ត​នូវ​បញ្ហា​ទាំងឡាយ​ទាំងពួង ដែល​កើតមានឡើង ដោះស្រាយ​ជម្លោះ​អធិករណ៍​ដែល​កើតមានឡើង​៕​