​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ គម្រោង​សាងសង់​អាងទឹក​ដូន​ទ្រី ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ នៅ​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​អនុវត្ត​បាន​៤៨,៤ ភាគរយ​នៃ​គម្រោង​ទាំងមូល​។ ក្រោយ​បញ្ចប់​ការសង​សង់​គម្រោង​នេះ​មាន​លទ្ធ ភាព​ទឹក​ស្រោចស្រព​លើ​ផ្ទៃ​ស្រូវវស្សា​និង​ប្រាំង​ប្រមាណ​ជា​៤៧​ពាន់​ហិកតា​។​

​លោក​ចាន់ យុ​ត្ថា អ្នក​ន​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​ថា ការ​សាង សង់​អាងទឹក​ដូន​ទ្រី​មកដល់ពេលនេះ សម្រេចបាន​លទ្ធផល​ប្រមាណ​៤៨,៤ ភាគរយ​នៃ​គម្រោង​ទាំងមូល ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​នោះ ហើយ​។ អាងទឹក​ដែលមាន​សំណង់​ឃួ​ង​ក្រោម​ភ្នំ​នេះ​អាច​ស្តុក​ទឹកបាន​ប្រមាណ ជា​១៦៣​លាន​ម៉ែត្រគូប​។​

​ទំនប់​ដូន​ទ្រី ស្ថិតនៅក្នុង​ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង ជា​គម្រោង​មួយ ក្រោម ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​។ ក្រោយ​ការសាងសង់​អាងទឹក​ដូន​ទ្រី អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​ចំនួន ៣៣. 0០០ ហិកតា និង​ស្រូវប្រាំង​ចំនួន ៤.៥០០​ហិកតា ។​

​ការងារ​សំខាន់ៗ នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី កំពុង​អនុវត្ត​ដោយ​ក្រុម​កូរ៉េ​រួមមានៈ ការសាងសង់​ទំនប់​មេ ជា​ប្រភេទ​ទំនប់​ស្នូល​ដី​ថ្ម​បំពេញ Earth Core Rockfill Dam (ECRD) ខ្នង​លើ​ទទឹង​៨​ម៉ែត្រ កម្ពស់​ខ្ពស់បំផុត​៤៧​ម៉ែត្រ និង​មាន​ប្រវែង​សរុប ៦៥៤​ម៉ែត្រ​។​ សំណង់​បង្ហៀរ (Spillways) ធ្វើ​ពី​បេតុង ស្ថិតនៅ​ខាងឆ្វេង​ទំនប់​មេមាន​ប្រវែង​៤១៤​ម៉ែត្រ​។​

​ទំនប់​បង្ហៀរ​នេះ អាច​ដោះ​ទឹកបាន ៨៥០​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី​។ សំណង់​រូង​ទូ​នេ​លព​ង្វៀង​ទឹក (Diversion Tunnel) រូង មាន​រាង​ជា​ក្រចក​ជើងសេះ​, អង្កត់ផ្ចិត​៤ ម៉ែត្រ​, មាន​ប្រវែង​៤៦២ ម៉ែត្រ ។​

សំណង់​គ្រប់គ្រង​ទឹក (Intake Facilities) ជា​ប្រភេទ​សំណង់​ប៉ម មាន​ទ្វារ​ទឹក ច្រើន​ថ្នាក់ (Multistage Intake Gate) ដែលមាន​ទ្វារ​ទឹក​ចំនួន​៥ (២.២​ម៉ែត្រ​គុណ​២.២ ម៉ែត្រ​, ៤ ទ្វារ និង ៤ ម៉ែត្រ​គុណ​៤ ម៉ែត្រ​, ១ ទ្វារ​) ។​
​សំណង់​ទំនប់​បណ្តោះអាសន្ន​ខាងលើ (U/S Coffer Dam) កម្ពស់ ២០ ម៉ែត្រ​, ខ្នង​លើ​ទទឹង ៥ ម៉ែត្រ​, ប្រវែង ៥៣៦ ម៉ែត្រ ។ ទំនប់​បណ្តោះអាសន្ន​ខាង​ក្រោម (D/S Coffer Dam) មាន​កម្ពស់​១០​ម៉ែត្រ​, ខ្នង​លើ​ទទឹង​ទំនប់ ៥​ម៉ែត្រ , ប្រវែង ១៥០ ម៉ែត្រ​។ ផ្លូវ​ក្រាល​ថ្មភ្នំ ប្រវែង​៥.២០០​ម៉ែត ទទឹង​៧ ម៉ែត្រ ជាមួយ​សំណង់ ដោះ ទឹក ចំនួន​៨​កន្លែង ៕​