​ប្រែ​សម្រួលៈ​វាសនា​៖ ទើបតែ​ប៉ុន្មាន​សប្តាហ៍​មុន រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​បាន​ស្នើសុំ​អោយ​អាម៉េរិ​កជួយ​ការពារ​ខ្លួនទ​ល់​នឹង​ក្រុង​ឧទ្ទាម​ហូ​ទី ឬក៏​ការវាយប្រហារ​ដែល​អាច​កើតមាន​ពី​អ៊ីរ៉ង់ តែ​ឥឡូវ​ក្រសួង​​ការពារ​ជាតិ​អាម៉េរិក បាន​និយាយថា អា​រ៉ាប៊ីសាអូឌីត មាន​សមត្ថភាព​រែកពន់​តំរូវការ​ការពារជាតិ​របស់គេ​បាន​ភាគច្រើនបំផុត ក្នុង​សង្គ្រាម​របស់ខ្លួន​នៅយែ​ម៉ែន​។​

​តាមពិត​អាម៉េរិក​បានចាប់ផ្តើម​ដក​កងកម្លាំង​ការពារ​ដែនអាកាស​ខ្លះៗ​ចេញ​ពី​បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា នៅ​ពេល​ខ្លួន​រើ​ប្រព័ន្ធ​ការពារ​អាកាស​មកកាន់​អាម៉េរិក​វិញ​ដើម្បី​ជួសជុល​ថែទាំ នេះ​បើ​តាម​​ការចុះផ្សាយ​របស់​សារព័ត៌មាន Wall Street Journal(WSJ)​កាលពី​ថ្ងៃ​សុក្រ​។​

​យោងតាម​មន្ត្រី​រដ្ឋការ​អាម៉េរិក របាយការណ៍​កាសែត​បា​ន​និយាយថា ទម្រ​បាញ់​កាំ​ជ្រួច​MIM-104 Patriot​ជាច្រើន​ត្រូវបាន​ដកចេញ​ពី អ៊ីរ៉ាក់ គុយ​វ៉ែត ហ្សកដានី និង​អា​រ៉ាប៊ីសាអូឌីត និង​ថា​យ៉ាង​​ហោច​ណាស់​ប្រព័ន្ធ​កាំជ្រួច​រយៈ​កំពស់​ខ្ពស់​THAAD​មួយ​គ្រឿង​ត្រូវបាន​ដកចេញ​ពី​អា​រ៉ាប៊ីសាអូឌីត​។​កង​យន្តហោះ​ប្រយុទ្ធ​ក៏​ត្រូវបាន​ដក​ចេញ​ផងដែរ​។​

​សរុប​ចំនួន​ដក​ចេញ​នេះ​ពាក់ព័ន្ធ​ទាហាន​រាប់រយ​នាក់ ដែល​បំរើការ​ខាង​ថែទាំ​រ៉ា​ដា ស្ថានីយ​គ្រប់គ្រង ក្រុម​អង់​តែ​ន រោងចក្រ​អគ្គិសនី និង​ទ្រម​បាញ់​កាំជ្រួច​។​ទោះជា​យ៉ាងណា ទាហាន​អាម៉េរិក​រាប់​ម៉ឹន​នាក់​​នឹង​បន្ត​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា រួម​មាន​យ៉ាងតិច​២.៥០០​នាក់​នៅ​អ៊ីរ៉ាក់​។​

​ការ​រើ​ប្រព័ន្ធ​ការពារ​អាកាស​នេះ ត្រូវបាន​រាយការណ៍​តាំងពី​ខែ​មេសា ដោយ​កាសែត​WSJ​បាន​រាយការណ៍​ពេលនោះ​ថា ក្រសួង​ការពារជាតិ​អាម៉េរិក​សង្ឃឹមថា​នឹង​បញ្ចុះបញ្ចូល​អោយ​អា​រ៉ាប៊ីសាអូឌីត បន្ត​​ទទួលខុសត្រូវ​ច្រើនឡើង​សំរាប់​ការការពារ​ខ្លួនឯង​។​

​ការ​រើ​ទម្រ​កាំជ្រួច​នេះ​ជា​ផ្នែក​នៃ​ផែនការ​ដាក់ពង្រាយ​កង​កម្លាំង​ឡើងវិញ​ធំ​មួយ ដែល​ពាក់ព័ន្ធ​ទាហាន​អាម៉េរិក​រាប់ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក នៅពេល​ក្រសួង​ការពារជាតិ​អាម៉េរិក ងាក​ចេញពី​​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ហើយ​ផ្តោតលើ​អ្វី​ដែល​ខ្លួន​ហៅថា «​ការប្រឈមមុខ​ជា​មួយ​មហាអំណាច​»​រុស្ស៊ី​និង​ចិន​៕

​គេ​មិនដឹងថា​តើ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដាក់​នៅ​ទីណា បន្ទាប់​ពី​ជួសជុល​រួច​