ដោយ​:​សម្បត្តិ​/​ភ្នំពេញ​៖ មាន​ប្រុស​ស្រី​ត្រូវជា​គូដណ្ដឹង​នឹង​គ្នា​បាន​ដេកស្លាប់​ក្នុង បន្ទប់​ជួល​ទាំង​អាក្រាតកាយ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះជួល​ផ្កាម្លិះ ជាប់​ផ្លូវ​២៨៣ ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

​ជនរងគ្រោះ ឈ្មោះ ភន បូរី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បុ​គ្ក​លិ​ក​ក្រុមហ៊ុន និង​ឈ្មោះ ភោក ជីវា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ។ អ្នក​ទាំងពីរ​ស្នាក់ នៅ​ជាមួយគ្នា​ត្រង់ចំណុច​ទីតាំង​ខាងលើ​។

​តាម​សម្ដី​ស្ត្រី​ឈ្មោះ ឡុ​ក ពិសី អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្ដាយ​នារី​រងគ្រោះ​បាន​ប្រាប់ ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​ជិត​២​ឆ្នាំ​ទៅហើយ ព្រោះតែ​បញ្ហា​ជម្ងឺ​កូ​វីដ​-១៩​ទើប​មិនទាន់​រៀប​អាពាហ៍ពិពាហ៍ ។ មុន​ថ្ងៃកើតហេតុ នា​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ២០២១ កូនស្រី​របស់គាត់​បាន​ខ​ល​ទៅប្រាប់​គាត់​ថា ពួកគេ​ទើប​មកពី​ញាំ​អី និង​ផឹកស្រា ហើយ​ត្រឡប់មកផ្ទះ​ក៏មាន​អា​ការៈមិន​ស្រួលខ្លួន ចេះតែ​ក្អួត (​សង្ស័យ​តែ​ពុល​ស្រា និង​អាហារ​) ។ លុះដល់​ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០២១ ស្ត្រី​ជា​ម្ដាយ​បានខ​លម​កកូនៗ​តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ ក៏​សម្រេចចិត្ត​ឡើង ពី​ខេត្ត​មក​មេ់​ល​កូនៗ​នៅឯ​ភ្នំពេញ​ត្រង់ចំណុច​កើតហេតុ​ខណៈ​មកដល់​បើកទ្វា​ឡើង ឃើញ​កូនស្រី​បង្កើត និង​កូនប្រុស​ប្រសារ ដេកស្លាប់​ទាំង​អាក្រាតកាយ​ទៅហើយ រួច​ក៏​ប្រាប់​ម្ចាស់ផ្ទះ​និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ ។

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅខាង​មន្ទីរពេទ្យ​ក្រសួងសុខាភិបាល ឲ្យ​ចុះមក​យក​សំណាក់ ដោយ​ពិនិត្យឃើញថា​ជនរងគ្រោះ​ទាំងពីរ​នាក់​គឺ​អវិជ្ជមាន (​មិនមាន​ជម្ងឺ​កូ​វីដ​-១៩​នោះទេ​) ទើប​ខាង​មន្ទីរពេទ្យ​ក្រសួងសុខាភិបាល​ប្រគល់ ភារកិច្ច​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​បន្ត ៕​/PC