ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ដី​ចត តាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​អ្នកបើកបរ​កៀប​ជាប់​ក្នុង​កាប៊ីន​ស្លាប់​នៅ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងលិច​វត្ត​ស្ងួន​ពេជ្រ​ប្រមាណ​ជិត​១០០​ម៉ែត្រ ស្ថិតនៅ ក្នុង​ស​ង្លា​ត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ សព​ជនរងគ្រោះ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក SUZUKI ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-9562​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​ដោយ​មិន​បើកភ្លើង​បំភ្លឺ​ផ្លូវ ខណៈ​មកដល់ ចំណុចកើតហេតុ​ខាងលើ ងងឹត​ផង បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​គូទ រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង ក្បាល​ពណ៌​បៃតង​បិទ​ឡូហ្គោ​កង ដឹកជញ្ជូន (MG) ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4316 ចត​ស្ងៀម​តាម​ចិញ្ចើមផ្លូវ​ទិសដៅ​កើត​លិច ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​រួញ​មួយ​កំណាត់​មុខ​តៃកុង​កៀប​ជាប់​ស្លាប់​នៅក្នុង​រថយន្ត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ដោយឡែក​សព ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ទំនាក់ទំនង ទៅ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​/PC