ដោយ​:​សុខុម​/​រតនគិរី​៖ រដ្ឋបាលខេត្ត​រតនគិរី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ករណី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១០៤​នាក់​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​។

​ការរកឃើញ​នេះ បន្ទាប់ពី​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​បានធ្វើ តេស្ត​ដោយ​ប្រើ​ឧបករណ៍​រហ័ស លទ្ធផល​រកឃើញ លើ​ប្រជាពលរដ្ឋ​នៅ​ក្រុង បាន​លុង ខេត្តរតនគិរី​។​

​គិត​ត្រឹម​ពីរ​ថ្ងៃ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​.១៩ ចំនួន​ដល់​ទៅ​ជាង​១០០​នាក់ ដែល​ខេត្ត​មួយ​នេះ មិន​ធ្លាប់មាន​កន្លងមក​។​

​សេចក្តីប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​បានបញ្ជាក់​ឲ្យ​ដឹងថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល ខេត្តរតនគិរី ស្រាវជ្រាវ​រកឃើញ​ចំនួន​១០៤​នាក់​។​

​អ្នក​វិជ្ជមាន​កូ​វីដ​.១៩ ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្តរតនគិរី និង​កន្លែង​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី​។​
ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង​ចេញ​ថ្ងៃទី​១៩​ខែមិថុនា​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត​ក៏បាន​រកឃើញ​បុរស​ម្នាក់​មាន​វិជ្ជមាន​កូ​វីដ ១៩​ដែល ជាប់​ពាក់ព័ន្ធ​ធ្វើដំណើរ​ពី​ខេត្តរតនគិរី​៕​/PC