ដោយ :បូកគោ/កំពត: រដ្ឋបាលខេត្តកំពតកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣០នាក់ទៀត។ បរិមាណនៃការរកឃើញថ្មីបន្ថែមនេះបានធ្វើឱ្យអ្នកវិជ្ជមានកូវីដ១៩ពាក់ព័ន្ធនឹងហេតុការណ៍នៅកាស៊ីណូក្បែរច្រកទ្វារទ្វេភាគីទាន់ហន់កើនដល់ ១.០៣១នាក់។

សេចក្តីប្រកាសមានខ្លឹមសារថាយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគឺបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣០នាក់ និងព្យាបាលឱ្យជាសះស្បើយ១៥៨នាក់ ។
សេចក្តីប្រកាសបានបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩សរុបចំនួន១.០៣១នាក់។ ក្នុងនោះកំពុងសម្រាកព្យាបាល៤៤១នាក់ ជាសះស្បើយ៥៨០នាក់ និងស្លាប់ចំនួន ១០នាក់៕