ដោយ៖ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមគ្រូពេទ្យឆ្មប នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថាៈ ស្ត្រីវិជ្ជមានកូវីដ-១៩ ចំនួនពីរនាក់ទៀត បានសម្រាលកូន តាមធម្មតា នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត បានដោជោគជ័យ។
ប្រភពដដែល បានពណ៌នាថាៈ ស្ត្រីមានផ្ទៃពោះ ត្រូវថ្ងៃខែសម្រាលកូន ចំនួនពីរនាក់ ហើយក៏មាន វិជ្ជមានកូវីដ ១៩ ដែលបានទៅសម្រាក នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត មាន៖ ១.ឈ្មោះ ព្រំ ឡៃ អាយុ៣៥ឆ្នាំ ផ្ទៃពោះលើកទី២ មុខរបរមេផ្ទះ រស់ភូមិក្បាលកោះ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ត្រីនេះ ត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលបានកូនប្រុស ១ នាក់ ទំងន់ ៣,៣ គីឡូក្រាម នៅវេលាម៉ោង ១០ យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ ។
ចំណែកស្ត្រីទី២.ឈ្មោះ អ៊ុល ស្រីណុច អាយុ១៨ឆ្នាំ ផ្ទៃពោះកូនទី១ មុខរបរមេផ្ទះ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
គ្រូពេទ្យ បានឲ្យដឹងបន្តថាៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញស្ត្រី ឈ្មោះ អ៊ុល ស្រីណុច មានវិជ្ជមានកូវីដ.១៩ ហើយបានដឹកយកមកសំរាក នៅមន្ទីរពេទ្យ និងបានធ្វើការ តាមដាន និងព្យាបាលជំងឺកូវីដ.១៩។
លុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ៩ ព្រឹក ស្ត្រីខាងលើ បានឈឺពោះ និងសម្រាលបានកូនស្រី ១នាក់ ទំងន់ ២,៨ គីឡូក្រាម។ ស្ត្រីទាំង២ នាក់ សម្រាល តាមធម្មជាតិ និងមានសុវត្ថិភាព ទាំងម្តាយ និងទារក ចំណែកក្រុមគ្រូពេទ្យបន្តការព្យាបាលថែទាំ និងតាមដាន សុខភាព ជាបន្តបន្ទាប់ តាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់ ។
គួររំលឹកថា នៅខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យ បានធ្វើការសម្រាលស្ត្រី ដែលមានផ្ទៃពោះ វិជ្ជមានកូវីដ.១៩ ដល់ចំនួន ៩ នាក់មកហើយ ក្នុងនោះ សម្រាលកូន ដោយវះកាត់ ចំនួន១ករណី ហើយមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សម្រាលបានចំនួន ៨ ករណី និងមន្ទីរពេទ្យខេត្តមង្គលបូរី ចំនួន ១ ករណី៕/V