​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក​នី​កូឡាយ ផា​ទ្រូ​សេ​វ ជា​លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​និង​មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​សន្តិសុខ​និង​ចំណងទាក់ទង​ផ្សេង​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១ មិថុនា​។​

​មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​គឺ​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង បាន​ហោះ​ទៅ​រដ្ឋធានី​រុស្ស៊ី​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ចូលរួម​សន្និសីទ​សន្តិសុខ​មួយ​នៅ​សប្តាហ៍​នេះ​។ ទីភ្នាក់ងារ​សារព័ត៌មាន Interfax រាយការណ៍​ថា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន​មិនបាន​ជួប​ជាមួយ​លោក​មីន អ៊ុង​ហ្លាំង​ទេ​។​

​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា​ធ្វើឱ្យ​ស្រប​ច្បាប់​នូវ​របប​យោធា​មី​យ៉ាន់​ម៉ា​ដែល​បាន​ឡើង​កាន់​អំណាច​នៅក្នុង​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​ដោយ​បន្ត​ទស្សនកិច្ច​ទ្វេភាគី​​និង​កិច្ចព្រមព្រៀង​អាវុធ​។​

​រុស្ស៊ី​និយាយថា​ខ្លួន​មាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​មី​យ៉ាន់​ម៉ា​ហើយ​និយាយ​កាលពី​ខែ​មីនា​ថា​ខ្លួន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការកើនឡើង​នៃ​ចំនួន​ស្លាប់​របស់​ជន​ស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា​។​

​ទំនាក់ទំនង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​ទីក្រុង​មូ​ស្គូ​បាន​ផ្តល់​ការបណ្តុះបណ្តា​ល​ដល់​កង​ទ័ព​និង​អាហារូបករណ៍​សាកលវិទ្យាល័យ​ដល់​ទាហាន​រាប់ពាន់នាក់​ក៏ដូចជា​ការលក់​អាវុធ​ឱ្យទៅ​យោធា​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​ដាក់​ក្នុង​បញ្ជីខ្មៅ​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​៕

​លោក​នី​កូឡាយ ផា​ទ្រូ​សេ​វ និង លោក​មីន អ៊ុង​ហ្លាំង​អំឡុង​ការប្រជុំ​នៅ​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ​